header ads

Sponsor

ស្វែងយល់

អាម៉ាប៉ាប៉ាញ៉ូស

សារព័ត៌មានខ្មែរណាស់ សូមដកស្រង់នូវអត្ថបទសុខភាពមួយមានចំណងជើងថា «តើឪពុកម្តាយត្រូវធ្វើដូចម្តេពេលដែលកូនៗរបស់យើងមិនចូលចិត្តញ៉ាំបន្លែ?» ដែលរៀបរៀងដោយ បណ្ឌិត អ៊ី លីម៉ា (Y Lima) សកលវិទ្យាធិការរងនៃសកលវិទ្យាល័យចេនឡា និងជាបណ្ឌិតផ្នែកសុខភាពសាធារណៈ និងក្រុមការងារ យកមកចុះផ្សាយទាំងស្រុង។

មានឪពុកម្តាយជាច្រើនបានលើកឡើងនូវចម្ងល់ផ្សេងៗទាក់ទងជាមួយនិងបញ្ហាថា ហេតុអ្វីបានជាកូនៗរបស់​គាត់មិនចូលចិត្តញ៉ាំបន្លែ ឬផ្លែឈើ? ប៉ុន្តែពួកគាត់បែរជាចូលចិត្តញ៉ាំអាហារដែលមានរសជាតិផ្អែម​ទៅវិញដូចជា​ សូកូឡា ការ៉េម ឬ នំផ្អែមៗជាដើម​។ តើវាជាការពិតមែនដែរឬទេ?

ទម្លាប់នៃការមិនញ៉ាំបន្លែស្រស់​ ឬផ្លែឈើរបស់កុមារ គឺជាបញ្ហាដ៏ចំបងរបស់អាណាព្យាបាលគ្រប់ៗ​គ្នា។ ពេលដែលកុមារមិនញ៉ាំ​ ឬញ៉ាំបន្លែបន្តិចបន្តួច នោះរាងកាយរបស់ពួកគាត់ងាយនឹងប្រឈមជា​មួយ​និងបញ្ហា កង្វះវីតាមីន និងបរិមាណជាតិសរសៃដែលវាអាចធ្វើឱ្យកុមារជួបប្រទះជា​មួយ​​និងបញ្ហាផ្សេងៗ ដូចជាការទល់លាមក និងកង្វះអាហារូបត្ថម្ភជាដើម។ ដូច្នេះ តើអ្នកម្តាយទាំងអស់ត្រូវធ្វើដូចម្តេចពេលកុមារតូចៗមិនញ៉ាំបន្លែ? ពឹងផ្អែកលើលទ្ធផលនៃការសិក្សាស្រាវ​ជ្រាវ​ផ្សេងៗ ក៏ដូចជា​បទពិសោធន៍របស់ខ្ញុំផ្ទាល់ជាមួយនិងគម្រោង ​អាហារូបត្ថម្ភ ទើបបានជាក្រុមការងារសិក្សាសា្រវជា្រវនៃសាកលវិទ្យាល័យចេនឡា បានរៀបចំចងក្រងនូវអត្ថបទមួយនេះឡើងដើម្បីយកមកចែករំលែកជូនអ្នកម្តាយទាំងអស់គ្នា​ដូចខាងក្រោម៖

១- គួរស្វែងយល់ពីចំណង់ចំណូលចិត្តក្នុងការញ៉ាំបន្លែរបស់កូនៗយើង

យើងដឹងហើយថាកុមារម្នាក់ៗ គឺមានចំណង់ចំណូលចិត្តញ៉ាំម្ហូបផ្សេងៗគ្នា។ ជាពិសេសនោះគឺប្រភេទបន្លែ ក៏ពួកគាត់ចូលចិត្តផ្សេងៗគ្នាដែរ។ មានកុមារខ្លះចូលចិត្តញ៉ាំបន្លែឆ្អិនរលួយ មើមហាន់​ជាចំណិតតូចៗ ស្តើងៗ ព្រោះវាងាយស្រួលញ៉ាំ។ ចំណែកឯកុមារខ្លះចូលចិត្តញ៉ាំបន្លែ ដែលមានលក្ខណៈ​​​​​ស្រួយៗ ក្នុងនោះដែរក៏មានពួកគាត់ខ្លះទៀតចូលចិត្តញ៉ាំបន្លែក្នុងចាន ដែលមានចម្រុះពណ៌ផ្សេងៗគ្នាជាដើម។ ពេល​ណាដែលអ្នកម្តាយទាំងអស់​យល់អំពីចំណង់ចំណូលចិត្តរបស់កូនៗហើយ​ នោះវានឹងធ្វើឱ្យពួកគាត់ងាយស្រួលក្នុងការរៀបចំវិធីសាស្ត្រ​ចម្អិនបន្លែទាំងនោះជូនពួកគាត់បានយ៉ាងល្អបំផុត។ ប្រាកដ​ណាស់ថាកូនៗរបស់អ្នកនឹងលែងគ្រវីក្បាលបដិសេធ​ពេលយើងឱ្យគាត់ញ៉ាំបន្លែទៀតហើយ។

២- គួរលាយបញ្ចូលបន្លែជាមួយនិងម្ហូបអាហារណាដែលកុមារចូលចិត្តញ៉ាំ

តាមលទ្ធផលនៃការសិក្សាស្រាវជ្រាវបង្ហាញឱ្យឃើញថា វាគឺជាវិធីសាស្ត្រដែលអ្នកម្តាយភាគច្រើនយកមកអនុវត្តទូលំទូលាយបំផុត ដើម្បីធ្វើយ៉ាងណាឱ្យកុមារតូចៗញ៉ាំបន្លែឱ្យបានគ្រប់គ្រាន់។ ឧបមាថាបើកុមារចូលចិត្តញ៉ាំស៊ុតនោះអ្នកអាចចិត ឬ ចិញ្ច្រាំបន្លែជាចំណិតតូចៗរួចលាយចូលជាមួយស៊ុត និងយកទៅចៀនគឺជាការស្រេច។ ដោយឡែកប្រសិនបើកុមារគាត់ចូលចិត្តគុយទាវ មីឆា នំបញ្ចុក នោះអ្នកអាចចំអិនម្ហូបទាំងនោះ លាយជាមួយបន្លែតូចៗដោយស្រុះវាមួយសន្ទុះរួចសឹមដាក់ចូលក្នុងអាហារទាំងនោះឱ្យពួកគាត់ញ៉ាំក៏បានដែរ។

៣- គួរលាយបញ្ចូលបន្លែជាមួយនិងទឹកជ្រលក់​ (Sauce) ផ្សេងៗ

អាហារសាឡាដជាមួយនិងបន្លែបៃតង និងមើម ដែលមានពណ៌ផ្សេងៗគ្នាគួរឱ្យទាក់ទាញ នោះវារឹតតែធ្វើឱ្យពួកគាត់មានចំណាប់អារម្មណ៍ចង់សាកល្បង។ អ្នកម្តាយអាចចិត ឬហាន់វាជាចំណិតតូចៗ ស្រុះទឹកក្តៅបន្តិចដើម្បីឱ្យវាទន់រួចលាយគ្នាជាមួយនិងទឹកជ្រលក់ (Mayonnaise) និងថែមទឹកដោះ​គោស្រស់ (Wife Scouse) ឬលាយជាមួយនឹងយ៉ាអួរ (Yogurt) ដើម្បីឱ្យពួកគាត់ញ៉ាំ ។ វិធីសាស្រ្តនេះធានាថាពួកគាត់ពិតជាចូលចិត្ត។

៤- គួរច្នៃអាហារដែលធ្វើពីបន្លែ និងផ្លែឈើឱ្យមានលក្ខណៈជារូបភាព ដែលពួកគាត់ស្រលាញ់

យើងរៀបចំបន្លែផ្លែឈើទាំងនោះជារូបភាពផ្សេងៗ ឱ្យមានលក្ខណៈស្រស់ស្អាតគួរឱ្យទាក់ទាញ ព្រោះកុមារតែងតែចូលចិត្តរូបភាពសត្វ ឬតុក្កតា។ ដូច្នោះយើងអាចរៀបចំជារូបភាពដូចជា ឆ្មា ត្រី ក្តាម ឬ ក៏ចាប។

៥- គួរធ្វើទឹកក្រឡុកបន្លែលាយជាមួយផ្លែឈើ

ក្រៅពីទឹកក្រឡុកប៉េងប៉ោះ ទឹកក្រឡុកការ៉ុត និងទឹកក្រឡុកផ្លែឈើផ្សេងៗ ដែលពួកគាត់តែងតែចូលចិត្តញ៉ាំ អ្នកម្តាយក៏អាចបន្ថែមបន្លែមួយចំនួនទៀត​ចូលក្នុងទឹកក្រឡុកផ្លែឈើនោះកាន់តែល្អ។ កុមារកាន់តែចូល​ចិត្តញ៉ាំថែមទៀតប្រសិនបើបន្ថែមទឹកដោះគោ ឬទឹកដោះគោជូរចូលក្នុងទឹកក្រឡុកបន្លែទាំងនោះ ។

៦- គួរពន្យល់ឱ្យពួកគាត់យល់ពីសារៈសំខាន់នៃបន្លែ និង ផ្លែឈើចំពោះសុខភាព

ដោយសារកុមារមិនចូលចិត្តញ៉ាំបន្លែ ធ្វើឱ្យម្តាយជាច្រើនបានប្រឹ​ងប្រែងប្រើវិធីសាស្ត្រមួយដោយដាក់បន្លែ​​ចូលក្នុងសាច់ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់អាចញ៉ាំបន្លែបាន។ ជារួមវិធីសាស្ត្រនេះវាមិនមានលក្ខណៈ​​យូរអង្វែងនោះទេ ប្រសិនបើកូនៗរបស់អ្នកមិនបានយល់ដឹងពីតម្រូវការ ក៏ដូចជាសារៈសំខាន់របស់បន្លែចំពោះរាងកាយរបស់ពួកគាត់នោះ។ ដូច្នេះវិធីសាស្ត្រដ៏ល្អបំផុតនោះគឺអ្នកម្តាយត្រូវតែពន្យល់ណែនាំពួកគាត់អំពីសារៈសំខាន់របស់បន្លែ ផ្លែឈើឱ្យបានច្បាស់លាស់។ ប៉ុន្តែដោយសារពួកគាត់នៅក្មេងពេក វាធ្វើឱ្យអ្នកម្តាយមានការលំបាកក្នុងការពន្យល់ឱ្យពួកគាត់យល់បានច្បាស់លាស់ណាស់។ ដូច្នេះយើងត្រូវបកស្រាយឱ្យពួកគាត់យល់ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវតាមរយៈការលើកឡើងនូវឧទាហរណ៍ផ្សេងៗដូចជា រូបភាព​ ឬ វីដេរអូរខ្លីៗជាដើម។

-ចំពោះកូនស្រី : ពួកគាត់ចូលចិត្តភាពស្រស់​ស្អាត និងរាងកាយស្អាត។​ ដូច្នោះយើងអាចបកស្រាយ និងពន្យល់គាត់អំពីផលប្រយោជន៍របស់បន្លែទាំងនោះទាក់ទងជាមួយនិងភាពស្រស់ស្អាត។

ឧទាហរណ៍ : ក្នុងផ្លែក្រូចមានផ្ទុកនូវ Vitamin C ដែលវាមានផលប្រយោជន៍ចំពោះស្បែក ដូច្នោះប្រសិន​បើកូនៗញ៉ាំវា នោះស្បែករបស់កូនៗនឹងសស្អាត។ ខាត់ណាអាចជួយឱ្យភ្នែករបស់កូនស្អាត មើលឃើញច្បាស់ និងភ្លឺថ្លាល្អ។​

-ចំពោះកូនប្រុស : ពួកគាត់តែងតែចង់បាន រាងកាយមាំមួន និង រហ័សរហួន។ ដូច្នោះយើងអាចបកស្រាយ និងពន្យល់គាត់អំពីផលប្រយោជន៍របស់បន្លែទាំងនោះទាក់ទងជាមួយនិងរាងកាយ។

ឧទាហរណ៍ ប្រសិនបើកូនចង់កា្លយជាមនុស្សមានកម្លាំងខ្លាំង និងមានសុខភាពល្អ កូនគួរតែញ៉ាំបន្លែ(ប្រាប់ឈ្មោះបន្លែដែលយើងចង់អោយគាត់ញ៉ាំ)ឱ្យបានច្រើន។

*កូនចង់សាកល្បងញ៉ាំដែរឬទេ? ម្ហូបស្ងោរផ្សិតនេះអាចជួយឱ្យកូនមានអង់ទីករខ្លាំង(ត្រូវពន្យល់) ដើម្បីការពារកុំឱ្យកូនមានជំងឺផ្សេងៗ។

*ម្តាយគួរតែលើកទឹកចិត្តកូនឱ្យញ៉ាំបន្លែដោយផ្ទាល់ បើទោះបីជាពួកគាត់ញ៉ាំបានក្នុងបរិមាណបន្តិចបន្តួចក៏ដោយ ព្រោះថាម្តងជាពីរដងនោះពួកគាត់នឹងមានទម្លាប់ញ៉ាំបន្លែជាក់ជាមិនខាន។

៧- គួរឱ្យកុមារតូចៗចូលក្នុងចង្ក្រានជាមួយអ្នកដើម្បីចម្អិនអាហារដោយផ្ទាល់ដៃរបស់ពួកគាត់

លើកទឹកចិត្តឱ្យពួកគាត់ទៅផ្សារជាមួយយើងដើម្បីជ្រើសរើសបន្លែដែលគាត់ចូលចិត្តញ៉ាំ។ ពេលត្រឡប់​មកដល់ផ្ទះវិញ ឱ្យគាត់រើសបន្លែ លាងបន្លែ បក ឬ កោសសំបកបន្លែ ចិតបន្លែ ផ្លែឈើ និង ចម្អិនអាហារដែលគាត់បានទិញពីផ្សារ។ វិធីសាស្រ្តនេះវាមិនត្រឹមតែមានផលប្រយោជន៍ក្នុងការបង្កើតទម្លាប់ល្អដល់ពួកគាត់ក្នុងការធ្វើការងារផ្ទះនោះទេ គឺថែមទាំងជួយបង្កើតនូវការចាប់អារម្មណ៍ក៏ដូចជាទម្លាប់របស់ពួកគាត់ក្នុងការញ៉ាំបន្លែផងដែរ។ ម្យ៉ាងទៀតប្រសិនបើយើងមានសួនបន្លែតូចៗសម្រាប់ដាំបន្លែ សូមបង្រៀនគាត់ឱ្យចេះដាំ ថែទាំសួន វាគឺជារឿងមួយដ៏ល្អបំផុត។

* វាហាក់ដូចជាគួរឱ្យចាប់អារម្មណ៍ណាស់មែនទេ? ពិតណាស់វានឹងធ្វើឱ្យកូនៗរបស់អ្នកញ៉ាំបន្លែជាក់ជាមិនខាន។ វិធីសាស្ត្រនេះ អាចធ្វើឱ្យពួកគាត់ចូលចិត្តញ៉ាំបន្លែ ដែលគាត់បានជ្រើសរើស និង ចម្អិនដោយផ្ទាល់ដៃ។

*វីធីសាស្រ្តលើកទឹកចិត្តកូន​ៗ៖ ពេលកូនញ៉ាំ ម៉ាក់នឹងថតរូបទុកឱ្យកុមារផ្សេងៗ ដែលមិនញ៉ាំបន្លែមើលជាគំរូ ។

៨- កុំចាប់បង្ខំកូនឱ្យញ៉ាំបន្លែ ប៉ុន្តែត្រូវធ្វើជាគំរូល្អសំរាប់ពួកគាត់

មានម្តាយជាច្រើនតែងតែចាប់បង្ខំកូនៗរបស់ពួកគាត់ឱ្យញ៉ាំបន្លែ នៅពេលដែលពួកគាត់បដិសេធមិនព្រមញ៉ាំ។ ប្រសិនបើធ្វើដូច្នោះ គឺវាកាន់តែធ្វើឱ្យកុមារមិនចូលចិត្តញ៉ាំបន្លែទៅវិញ។ ដូច្នេះជំនួសឱ្យការចាប់បង្ខំនោះ គឺអ្នកម្តាយអាចជ្រើសរើសយកវិធីសាស្ត្រចម្អិនអាហារផ្សេងៗ ដែលពួកគាត់ចូល​ចិត្ត។ លើសពីនេះទៅទៀតនោះឪពុកម្តាយត្រូវតែអង្គុយញ៉ាំអាហារជាមួយកូនៗរាល់ពេល ដោយញ៉ាំបន្លែឱ្យបានច្រើន នៅចំពោះមុខរបស់ពួកគាត់ដើម្បីធ្វើជាគំរូល្អដល់ពួកគាត់ផងដែរ។

៩- គួរនិទានរឿងផ្សេងៗទាក់ទងជាមួយនិងបន្លែ ផ្លែឈើឱ្យបានញឹកញាប់

យើងអាចនិយាយរឿងនិទានទាក់ទងជាមួយនិងសត្វទន្សាយញ៉ាំការ៉ុត រួចហើយពន្យល់បកស្រាយឱ្យកូនៗ​​ ​របស់យើងដឹងថា ដោយសារការ៉ុតបានជាធ្វើឱ្យទន្សាយមានភាពវៃឆ្លាត ភ្នែកទន្សាយស្អាត និង រត់លឿនជាដើម ​។ អាចឱ្យកុមារមើលភាពយន្តជីវចលអំពីរឿងរបស់ Popeye ដែលចូលចិត្តញ៉ាំបន្លែធ្វើឱ្យវាក្លាយទៅជា​មនុស្សមានសុខភាពល្អ មានសាច់ដុំធំៗ មានកំលាំងខ្លាំង និងប្រគួតឈ្នះអស់គ្រប់សត្រូវ ។

១០- គួរបង្កើតកម្មវិធីប្រឡងប្រណាំងអំពីការញ៉ាំបន្លែ ក្នុងចំណោមកុមារតូចៗ

 បន្ថែមនូវវិធីសាស្ត្រថ្មីមួយទៀតនោះគឺយើងអាចរៀបចំការប្រឡងប្រណាំងញ៉ាំបន្លែ​ ដោយមានពួកគាត់ចំនួន ៤ ទៅ ៥នាក់​ ចូលរួម​។ គួរមានសមាជិកក្នុងគ្រួសារ ឬអ្នកភូមិផងរបងជាមួយចូលរួមធ្វើជាគណៈកម្មការ​ផងដែរ ដើម្បីធ្វើជាភស្តុតាងក្នុងការបញ្ជាក់ថា អ្នកណាជាអ្នកញ៉ាំបន្លែបានច្រើនជាងគេ។ រង្វាន់អ្នកឈ្នេះដែលទទួលបាន គឺជារូបគំនូរ ឬ រូបថតដោយមានរូបភាពបន្លែចំរុះពណ៌ ឬ ផ្លែឈើ។

រៀបរៀងដោយ បណ្ឌិត អ៊ី លីម៉ា និង ក្រុមការងាររបស់សាកលវិទ្យាល័យចេនឡា

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post