មន្ត្រីភ្នាក់ងារកាត់បន្ថយគ្រោះមន្តរាយរបស់ឥណ្ឌូនេស៊ីបាននិយាយនៅថ្ងៃពុធ ទី១៥នេះថា ទឹកជំនន់និងការបាក់ដីបានសម្លាប់មនុស្សយ៉ាងហោចណាស់១៦នាក់ ហើយជម្លៀសប្រជាជនរាប់រាយនាក់នៅលើកោះ Sulawesi។
លោក Raditya Jati អ្នកនាំពាក្យរបស់ភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិបាននិយាយថា មន្ត្រីរុករកនិងសង្គ្រោះកំពុងស្វែងរកមនុស្សបាត់ខ្លួន២៣នាក់ បន្ទាប់ពីគ្រោះទឹកជំនន់បានវាយប្រហារនៅភូមិភាគខាងជើងនៃស្រុកLuwuនៃខេត្ត Sulawesi។
នៅភូមិមួយ រូបថតបានបង្ហាញពីរូបផ្ទះដែលត្រូវបានបំផ្លាញ ហើយនិងឡានដែលបានលិចក្នុងភក់។
លោក Nurdin Abdullah អភិបាលខេត្ត Sulawesi បាននិយាយនៅលើទូរស្សន៍Kompas ថា ៖”ខ្ញុំសង្ឃឹមថាយើងនឺងសហការគ្នាដើម្បីដោះស្រាយបញ្ហានេះ”។
មន្ត្រីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយក្នុងស្រុក និងភ្នាក់ងាររុករកនិងសង្គ្រោះបានប្រាប់ Reuters ថាភ្លៀងខ្លាំងបានធ្វើអោយលិចទន្លេអស់រយៈពេលជាច្រើនថ្ងៃ និងបណ្តាលអោយប្រជាជនចំនូន៦៥៥បានជម្លៀសខ្លួន។
ប្រទេសឥណ្ឌូនេស៊ី ជារឿយៗតែងតែទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់និងការបាក់ដី អំឡុងពេលខែភ្លៀង មូលហេតុទាំងអស់នេះដោយសារការកាប់បំផ្លាញព្រៃឈើ ហើយកាលពីខែមករា ទឹកជំនន់ក៏បានសម្លាប់មនុស្សចំនួន៦៦នាក់នៅទីក្រុងហ្សាកាតា៕