បរិស្ថាន
អាម៉ាប៉ាប៉ាញ៉ូសការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅជិតទីក្រុងភ្នំពេញ អាចជាគ្រោះមហន្តរាយដល់បរិស្ថាននិងប្រព័ន្ធទឹករបស់រាជធានីមួយនេះ។ របាយការណ៍ថ្មីមួយបានព្រមានថា ការបំផ្លិចបំផ្លាញតំបន់ដីសើមដែលមានសារៈសំខាន់ ដោយសារការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា បានធ្វើឱ្យប្រជាជនក្នុងទីក្រុងភ្នំពេញជាង១លាននាក់ កំពុងស្ថិតក្នុងការគំរាមកំហែងដោយសារទឹកជំនន់ ការបំផ្លាញប្រព័ន្ធទឹកស្អុយក្នុងទីក្រុង បង្ខំឱ្យមនុស្សរាប់រយគ្រួសារចាកចេញពីផ្ទះសម្បែង និងបង្កការបំផ្លិចបំផ្លាញបរិស្ថាន។
បឹងទំពុនឬជើងឯកដែលលាតសន្ធឹងនៅប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ បានដើរតួរយ៉ាងសំខាន់ក្នុងការទ្រទ្រង់ទីក្រុងភ្នំពេញ តាមរយៈការដើរតួរជាកន្លែងស្ដុកធម្មជាតិមួយ សម្រាប់ទឹកភ្លៀងនិងទឹកស្អុយ៧០% ផ្តល់ជីវភាពដល់ពលរដ្ឋជាង១០០០គ្រួសារដែលរស់នៅធ្វើកសិកម្មនិងនេសាទនៅតំបន់នេះ។
ប៉ុន្តែរបាយការណ៍ថ្មីៗនេះបាននិយាយថា ការអភិវឌ្ឍន៍ឆ្នាំ២០០៤ដែលមានការគាំទ្រពីរដ្ឋាភិបាល បានចាប់ផ្តើមបំផ្លាញតំបន់បឹងដីសើមដែលមានទំហំ១៥០០ហិចតា ដោយចាក់បំពេញដីខ្សាច់យកចេញពីទន្លេមេគង្គនិងទន្លេបាសាក់ ដើម្បីត្រៀមសាងសង់ទៅជាទីក្រុងរណបទំហំ ២៥០០ហិកតាដែលត្រូវបានគេដាក់ឈ្មោះថា ING City ដែលជាការអភិវឌ្ឍធំជាងគេនៅកម្ពុជា។ ជាលទ្ធផល ផ្ទៃតំបន់បឹងទំពុនដែលពីមុនមានទំហំយ៉ាងហោចណាស់១៥០០ ហិ នឹងត្រូវកាត់មកនៅត្រឹមទំហំ ១០៧ ហិកតាតែប៉ុណ្ណោះ។
របាយការណ៍ដែលត្រូវបានផ្សាយកាលពីថ្ងៃច័ន្ទ ដោយក្រុមសង្គមស៊ីវិលសិទ្ធិមនុស្សនិងដីធ្លី ដូចជា អង្គការលីកាដូ សមាគមធាងត្នោត អង្គការសមធម៌កម្ពុជា និងបណ្តាញយុវជនកម្ពុជាជាដើម បានព្រមានថា ការអភិវឌ្ឍន៍របស់ក្រុមហ៊ុន អាយ អ៊ិន ជី ស៊ីធី(ING City) និងគម្រោងផ្សេងទៀតនឹងបំផ្លាញ៩០%នៃតំបន់ដីសើម បង្កការខូចខាតដល់បរិស្ថាននិងការបណ្តេញប្រជាជនរាប់រយគ្រួសារ។ របាយការណ៍ដែលមានចំណងជើងថាផ្សែងនៅលើទឹក បានព្រមានដល់ការបំផ្លិចបំផ្លាញនេះថា នឹងមានផលប៉ះពាល់ខ្លាំងដល់ការរស់នៅរបស់ប្រជាជនប្រមាណ១ទៅ២លាននាក់ ដូចជាការផ្លាស់ប្ដូរលំនៅឋានរបស់ប្រជាជននៅក្នុងរាជធានីភ្នំពេញចំនួន១លាននាក់ដោយសារតែប្រឈមនឹងគ្រោះទឹកជំនន់ជាដើ។
លើសពីនេះ ដំណាំលើទឹកនៅតំបន់ដីសើមបឹងទំពុនក៏ដើរតួជាប្រពន្ធ័ប្រព្រឹត្តកម្មទឹកស្អុយធម្មជាតិ ដោយការពារទឹកស្អុយរបស់ទីក្រុងភ្នំពេញ កុំបំពុលចូលទន្លេបាសាក់ និងបានតភ្ជាប់ផ្លូវទឹកសម្រាប់ស្តុកត្រីដែលមនុស្សជាច្រើនពឹងផ្អែក។ រដ្ឋាភិបាលកម្ពុជាសង្ឃឹមថារោងចក្របន្សុទ្ធទឹកស្អុយដែលសាងសង់អស់ទឹកប្រាក់២៦លានដុល្លារអាមេរិក ដែលជាមូលនិធិរបស់ជប៉ុន នឹងទូទាត់ចំពោះការបាត់បង់ដីសើម។ ប៉ុន្តែរបាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាលទាំងនេះបានព្រមានថា រោងចក្រនេះ អាចស្ដុកបានតែ២%នៃទឹកស្អុយដែលហូរចូលទៅក្នុងតំបន់ដីសើម និងជាជម្រើសដែលមិនអាចទទួលយកបានឡើយ។ របាយការណ៍បានព្រមានទៀតថា ការទាញយកបរិមាណខ្សាច់ដ៏ច្រើន ដើម្បីចាក់បំពេញតំបន់ដីសើមនិងត្រូវបានប៉ាន់ស្មានថាមានចំនួន១០០លានតោន ក៏ជាប់ទាក់ទងនឹងការបាក់ច្រាំងទន្លេនៅលើដងទន្លេមេគង្គផងដែរ។
លោក អ៊ាង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជាបានលើកឡើងថា៖«វាមិនត្រឹមតែប៉ះពាល់ដល់បញ្ហាបរិស្ថាននិងទឹកជំនន់ប៉ុណ្ណោះទេ វាក៏ជាបញ្ហាជីវភាពរបស់ប្រជាជនដែលកំពុងរស់នៅជុំវិញបឹងផងដែរ។ យើងបានប៉ានស្មានថា បើគ្មានវិធានការត្រឹមត្រូវក្នុងការកាត់បន្ថយវានោះទេ វានឹងប៉ះពាល់ដល់ប្រជាជនជាង ១លាននាក់ នេះមិនរាប់បញ្ចូលនិងប្រព័ន្ធទឹកដែលមិនបានរៀបចំដែលហូរចូលផ្ទាល់ទៅក្នុងទន្លេនោះទេ»។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានបញ្ជាក់ថា តំបន់បឹងទាំងនេះគឺចាំបាច់សម្រាប់ការអភិវឌ្ឍទីក្រុង។ លោកបន្តថា ការប៉ះពាល់បរិស្ថានត្រូវបានគេវាយតម្លៃ ហើយវិធានការត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយហានិភ័យចំពោះទឹកជំនន់និងទឹកស្អុយ។ លោកថា៖«ប្រឡាយមួយកំពុងបានសាងសង់ដើម្បីរំដោះទឹកស្អុយ។ ការផ្លាស់ប្តូរទីលំនៅទៅកន្លែងផ្សេងគឺចាំបាច់ ប៉ុន្តែពួកគេបានផ្តល់ពេលវេលាគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរ»៕