header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ អង្គការសហប្រជាជាតិបានផ្ដល់មូលនិធិចំនួន១លានដុល្លា ដើម្បីជួយដល់ជនទេសន្តរប្រវេសន៍កម្ពុជា ដូចនេះ ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចាត់ចែងប្រើប្រាស់ថវិកានេះឲ្យចំគោលដៅ ដើម្បីប្រសិទ្ធភាព និងមានតម្លាភាព ។ នេះជាការលើកឡើងរបស់សម្ដេច ស ខេង ក្នុងកិច្ចប្រជុំជាន់ខ្ពស់រវាងរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិនៅកម្ពុជា ស្ដីពីកម្មវិធីរួមគ្នា ដើម្បីគាំទ្រជនទេសន្ដប្រវេសន៍ ដែលវិលត្រឡប់ក្នុងស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ និងផលប៉ះពាល់ នាថ្ងៃទី១៥ ខែកក្កដា នៅទីស្ដីការក្រសួងមហាផ្ទៃ។

សម្ដេច ស ខេង បានបញ្ជាក់ថា ទឹកប្រាក់នេះ គឺសម្រាប់ចំណាយលើកិច្ចការទូទៅនៅខេត្តគោលដៅចំនួន៣ រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តសៀមរាប ។ សម្ដេចជំរុញឲ្យក្រុមការងារពាក់ព័ន្ធនានា ខិតខំប្រឹងប្រែងធ្វើការងារនេះឲ្យបានសមស្រប និងមានប្រសិទ្ធភាព។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ដូច្នេះថា៖ «កន្លងទៅ រាជរដ្ឋាភិបាលបានប្រកាសនូវគោលនយោបាយគាំពារសង្គម ដែលយើងកំពុងអនុវត្តរៀងរាល់ថ្ងៃ ក្នុងនោះយើងមិនមែនអនុវត្តតែសម្រាប់ប្រជាពលរដ្ឋក្រីក្រទេ ក៏មានបងប្អូនជាជនទេសន្តរប្រវេសន៍ផងដែរ បានន័យថាពួកគាត់ក៏ទទួលបានកម្មវិធីនេះដែរ ហើយនេះគឺជាកម្មវិធីដោយឡែកមួយ»។

បើតាមសម្ដេច ស ខេង កម្ពុជានឹងទទួលបានថវិកាជួយជនទេសន្តរប្រវេសន៍ថែមទៀត បើសិនអនុវត្តមានប្រសិទ្ធភាព។ សម្ដេច បានបញ្ជាក់ដូច្នេះថា៖«ប្រសិនបើយើងអាចអនុវត្តកម្មវិធីដែលមានរយៈពេល៦ខែនេះបានល្អ ហើយការប្រើប្រាស់ថវិកាមូលនិធិដែលអង្គការសហប្រជាជាតិផ្ដល់ឲ្យ មានប្រសិទ្ធភាព នោះយើង នឹងមានការ គាំទ្របន្ថែម ទៀតពីអង្គការសហប្រជាជាតិផងដែរ»។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ជាក់ថា រោងចក្រ សហគ្រាស និងអាជីវកម្មជាច្រើននៅក្រៅប្រទេស ត្រូវបានផ្អាក ដែលធ្វើឲ្យពលករបាត់បង់ការងារ និងបានរុញច្រានឲ្យពលករទេសន្ដរប្រវេសន៍មួយចំនួន សម្រេចចិត្តវិលត្រឡប់មកស្រុកទេសរបស់ខ្លួនវិញ ទោះបីជាប្រឈមនឹងការហាមឃាត់ និងបិទព្រំដែនក៏ដោយ។

គិតចាប់ពីថ្ងៃទី២១ ខែមិនា ឆ្នាំ២០២០ ក្រោយការប្រកាសបិទព្រំដែនរបស់រាជរដ្ឋាភិបាលថៃមក ពលរដ្ឋខ្មែរ ធ្វើការនៅក្រៅប្រទេស ជាពិសេសប្រទេសថៃ ចំនួន១០០,៥៦៨នាក់ បានត្រឡប់មកកម្ពុជាវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post