header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

(ភ្នំពេញ) នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន បានសហការជាមួយកម្លាំង ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយបាននាំខ្លួនជនសង្ស័យឈ្មោះ យ៉ូង វុទ្ធី ហៅ សេង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ នៅចំណុច ផ្លូវលេខ៤៤ ភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចថា ជនសង្ស័យគឺជាបុគ្គលិកគ្រប់គ្រងផេករបស់ក្រុមហ៊ុនលក់គ្រឿងសម្អាងមួយ ពាក់ព័ន្ធនឹងករណីលួចដកប្រាក់ ដោយយកលេខកូដដកប្រាក់ ពេលដែលអតិថិជនកម្មង់គ្រឿងសម្អាង ផ្ញើលេខចូលមក Page Messenger របស់ក្រុមហ៊ុន រួចជនសង្ស័យបានលួចយកលេខកូដនោះទៅដកប្រាក់តាមបណ្តាភ្នាក់ងារផ្ញើនិងដកប្រាក់។

បច្ចុប្បន្នជនសង្ស័យត្រូវបាន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន សូមក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើប្រាស់ប្រព័ន្ធមីក្រូហិរញ្ញវត្ថុ ដើម្បីផ្ទេរប្រាក់ទៅឱ្យសាច់ញាតិ មិត្តភក្ដិ ឬដៃគូរកស៊ីជាដើម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post