បរទេស
អាម៉ាប៉ាប៉ាញ៉ូសមន្ត្រីជាន់ខ្ពស់មួយរូប របស់គណៈកម្មការសុខភាពជាតិប្រទេសចិនបានបង្ហើបថា ប្រទេសខ្លួនបានប្រើប្រាស់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាសាកល្បងតាំងពីខែកក្កដា លើមន្រ្តីបំពេញការងារជាវិជ្ជាជីវៈមានហានិភ័យខ្ពស់ ដូចជាមន្រ្តីពេទ្យជួរមុខនិងមន្រ្តីត្រួតពិនិត្យព្រំដែន។
លោក Zheng Zhongwei ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃគណៈកម្មការសុខាភិបាលជាតិបាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយជាសារព័ត៌មានចិនកាលពីថ្ងៃសៅរ៍ទី២២សីហាថា វ៉ាក់សាំងនេះត្រូវបានអនុម័តឱ្យប្រើប្រាស់តាំងពីថ្ងៃទី២២ខែកក្កដា។
លោក Zheng បានប្រាប់កម្មវិធីទូរទស្សន៍CCTVថា អ្នកដែលស្ថិតតំបន់មានហានិភ័យខ្ពស់ប្រឈមនឹងវីរុសកូវីដ១៩ រួមមានបុគ្គលិកសុខាភិបាលជួរមុខ មន្រ្តីការពារការរាតត្បាត មន្រ្តីពេទ្យនៅគ្លីនិកជំងឺគ្រុនក្តៅ មន្រ្តីគយនិងមន្រ្តីការពារព្រំដែន មានសិទ្ធិទទួលបានទទួលវ៉ាក់សាំងនេះ។
វ៉ាក់សាំងដែលចិនប្រើប្រាស់តាំងពីខែកក្កដានេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនចិនSinopharm’s China National Biotec Group Company (CNBG)។ ការសាកល្បងវ៉ាក់សាំងនេះសម្រាប់ការព្យាបាលដំណាក់កាលទី៣ កំពុងត្រូវបានធ្វើឡើងនៅប្រទេសអារ៉ាប់រួម ប្រទេសប៊េរ៉ូ ប្រទេសម៉ារ៉ុក និងប្រទេសអាហ្សង់ទីន។
ទោះជាយ៉ាងណា ការបង្កើតវ៉ាក់សាំង ត្រូវឆ្លងកាត់ដំណាក់កាលសាកល្បងជាច្រើនជំហាន មុនពេលសម្រេចដាក់ឱ្យប្រើប្រាស់ ហើយជាធម្មតាជំហាននីមួយៗ អាចចំណាយពេលពីរឆ្នាំឬច្រើនជាងនេះ ទើបអាចបញ្ចប់។
លោក Zheng បានបន្ថែមថា នៅពេលមានហេតុការណ៍សុខភាពសាធារណៈកើតឡើង គណៈកម្មការសុខភាពជាតិ បានដាក់ពាក្យសុំប្រើប្រាស់វ៉ាក់សាំងជាបន្ទាន់ ហើយរដ្ឋបាលចំណីអាហារនិងឪសថ ចាត់ចែងអ្នកជំនាញដើម្បីវាយតម្លៃនិងយល់ព្រម ឱ្យប្រើប្រាស់វ៉ាក់សាំងជាបន្ទាន់ក្នុងកំរិតជាក់លាក់និងក្នុងរយៈពេលកំណត់។
លោកលើកឡើងទៀតថា ដំណាក់កាលបន្ទាប់ គឺចាក់វ៉ាក់សាំងនេះអាចត្រូវបានប្រើដើម្បីការពារការផ្ទុះវីរុសកូវីដ១៩ នៅរដូវស្លឹកឈើជ្រុះនិងរដូវរងាក្នុងគោលបំណងបង្កើតភាពស៊ាំនៅក្នុងខ្លួនពលរដ្ឋចិនការពារនឹងឆ្លងជំងឺនេះ។
នេះមិនមែនជាលើកទី១ទេ ដែលប្រទេសចិនបានយល់ព្រមឱ្យប្រើវ៉ាក់សាំងសម្រាប់ពិសោធន៍។ នៅក្នុងខែមិថុនា រដ្ឋាភិបាលចិនក៏បានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងផ្សេងទៀតសម្រាប់យោធាខ្លួន៕