header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ជំងឺកូវីដ១៩ បានធ្វើឲប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចពិភពលោកទាំងមូល ក្នុងនោះប្រទេសកម្ពុជាក៏ទទួលរងផលប៉ះពាល់ផងដែរ។ ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ មន្ទីរពេទ្យកុមារអង្គរ ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀត ប្រឈមនឹងការធ្លាក់ចុះនូវជំនួយសប្បុរសធម៌ពីសំណាក់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ក្នុងឆ្នាំនេះនិងឆ្នាំក្រោយទៀត។

ជាក់ស្តែង មន្ទីរពេទ្យកុមារអង្គរ បានកាត់បន្ថយគម្រោងថវិកាចំណាយប្រចាំឆ្នាំពី៦លាន​៥សែនដុល្លារអាមេរិក មកត្រឹម៥លាន៩សែនដុល្លាអាមេរិក ក្នុងឆ្នាំ២០២០​នេះ​។​ យោងទៅតាមលទ្ធភាពនៃការគ្រប់គ្រងស្ថានការណ៍នៃការរីករាលដាលជំងឺកូវីដ ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា មន្ទីរពេទ្យកុមារអង្គរ ក៏សម្រេចចិត្តរៀបចំព្រឹត្តិការណ៍មួយចំនួនដើម្បីរៃអង្គាសថវិកានៅក្នុងប្រទេសរបស់ខ្លួនឡើងវិញ ដូចជាពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី៧ ក្រោមការផ្តួចផ្តើមរបស់ព្រះថេរានុត្ថេរៈគ្រប់លំដាប់ថ្នាក់ និង ពុទ្ធបរិស័ទក្នុងនិងក្រៅ ក្រុង/ខេត្តសៀមរាប ដែលនឹងប្រារព្ធនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២០ នៅវត្តរាជបូណ៌ក្រុងសៀមរាប ខាងមុខនេះ។

ថវិការៃអង្គាសដែលទទួលបានពីពិធីនេះ នឹងត្រូវបានយកមកប្រើប្រាស់ក្នុងការផ្តល់សេវាសុខភាពជួយសង្គ្រោះជីវិតកុមារកម្ពុជា មកពីគ្រប់ទិសទីនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងតិច ៤០០ នាក់ក្នុងមួយថ្ងៃៗ នៅក្នុងមន្ទីរពេទ្យកុមារអង្គរដោយឥតគិតកម្រៃ ប្រកបដោយគុណភាពខ្ពស់ និងក្តីមេត្តាករុណា។

លោក ទេព ណាវី នាយកប្រតិបត្តិនៃមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ថា «នៅក្នុងគម្រោងថវិកាថ្មីនេះមានសប្បុរសជន ឬអង្គភាពមូលនិធិនៅក្រៅប្រទេសមួយចំនួនបានប្តេជ្ញាផ្តល់ជំនួយសរុបចំនួន ៣ លាន ៣ សែន ដុល្លារ ហើយថវិកាចំនួន ១ លាន ៦ សែនដុល្លារទៀត តម្រូវឲ្យក្រុមការងាររៃអង្គាសមូលនិធិមន្ទីរពេទ្យកុមារអង្គរ ស្វែងរកនៅក្រៅប្រទេសចំនួន ១លានដុល្លារ និង ក្នុងប្រទេសចំនួន ៦ សែនដុល្លារ។ ពួកយើងពិតជាត្រូវការជំនួយពីបណ្តាក្រុមហ៊ុន អង្គភាព និងសាធារណៈជនទាំងអស់ ដើម្បីឲមន្ទីរពេទ្យបន្តការពិនិត្យព្យាបាលកុមារកម្ពុជាបន្តទៀត»។

មន្ទីរពេទ្យកុមារអង្គរគឺជាអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលមានបេសកកម្មលើកកម្ពស់សុខុមាលភាពកុមារកម្ពុជាគ្រប់រូប។ មន្ទីរពេទ្យកុមារអង្គរបានផ្តល់នូវការយកចិត្តទុកដាក់ក្នុងការពិនិត្យព្យាបាល និងថែទាំសុខភាពដល់កុមារកម្ពុជា ប្រកបដោយក្តីមេត្តាករុណា អស់រយៈពេលជាង២០ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៩៩។

បច្ចុប្បន្ននេះ មន្ទីរពេទ្យកុមារអង្គរមិនត្រឹមតែផ្តល់នូវសេវាសុខភាពប្រកបដោយគុណភាព និងជំនាញឯកទេសវិជ្ជាជីវៈខ្ពស់ដល់កុមារកម្ពុជា មន្ទីរពេទ្យក៏មានការប្តេជ្ញាចិត្តក្នុងការបណ្តុះបណ្តាលវេជ្ជសាស្ត្របន្តពង្រីកការអភិវឌ្ឍន៍សមត្ថភាពចំណេះដឹងទាំងក្នុង និងនៅខាងក្រៅមន្ទីរពេទ្យ ព្រមទាំងដើរតួនាទីជាអង្គភាពគំរូដែលមានភិបាលកិច្ចគណនេយ្យភាពល្អប្រសើរ។

តាមរយៈទិន្នន័យនៃការស្រាវជ្រាវ និងគោលនយោបាយបានបង្ហាញឲ្យឃើញថា មន្ទីរពេទ្យកុមារអង្គរកំពុងតែជួយសង្គ្រោះជីវិតកុមារកាន់តែទូលំទូលាយ តាមរយៈការពង្រឹងប្រព័ន្ធថែទាំសុខភាព និងធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពកុមារក្នុងតំបន់ និងអន្តរជាតិ។

លេខទំនាក់ទំនង៖ Email: arun@angkorhospital.org / Tel: ០១២ ២៣ ២៣ ៨៨ Website: angkorhospital.org ផ្នែកព្រឹត្តិការណ៍៖ អ្នកស្រី ហ៊ាន សោភា (មន្ត្រីជាន់ខ្ពស់ផ្នែករៀបចំព្រឹត្តិការណ៍នៃមន្ទីរពេទ្យកុមារអង្គរ) ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post