
សង្គម
អាម៉ាប៉ាប៉ាញ៉ូសការផ្អាកពិធីបុណ្យអុំទូក បានធ្វើឲ្យអ្នកលក់ដូរនៅមុខព្រះបរមរាជវាំង សោកស្ដាយដែលបាត់បង់ឱកាសរកចំណូល ប៉ុន្តែពួកគេគាំទ្រចំពោះវិធានការនេះ ដើម្បីជៀសវាងការចម្លងជំងឺកូវីដ១៩។
អ្នកស្រី ជា ដាណាន ជាអ្នកលក់ម្ជូរ និងពងក្រួច បានប្រាប់ថា៖«ខ្ញុំស្ដាយដែលបាត់ឱកាសរកចំណូល ព្រោះកម្មវិធីបុណ្យអុំទូកមានតែម្ដងក្នុងមួយឆ្នាំ តែមិនដឹងធ្វើយ៉ាងម៉េចតាមកាលៈទេសៈទៅ បើស្រុកយើងមានជំងឺអ៊ីចឹង»។
អ្នកស្រីត្អែញត្អែរថា ចាប់តាំងពីកើតមានជំងឺកូវីដ១៩ បានធ្វើឲ្យការរកចំណូលបាត់បង់ជាងពាក់កណ្ដាល ដោយសារធ្លាក់ចុះចំនួនអ្នកទៅទស្សនានៅមុខវាំង។ ថ្ងៃធម្មតាអ្នកស្រីលក់បានជិត២ ម៉ឺនរៀល ប៉ុន្តែការចូលមកដល់នូវជំងឺកូវីដ១៩ លក់បានត្រឹមតែ ១០ម៉ឺនឬតិចជាងនេះ។

ចំណែកលោក ផានិត ជាអ្នកលក់ទឹកផ្លែឈើ ក៏បានលើកឡើងស្រដៀងគ្នាថា៖«ថ្ងៃអុំទូករយៈពេល ៣ ខ្ញុំលក់បានខ្ទង់៥០ម៉ឺនរៀលដែរ ហើយបើផ្អាកត្រូវបាត់បង់ចំណូលជិតពាក់កណ្ដាល»។
ជាមួយគ្នានេះ លោកយាយ ពៅ សំអូន ជាអ្នកលក់ចំណីព្រាបបានរៀបរាប់ថា៖«ខ្ញុំលក់មិនដាច់នឹងគេទេព្រោះភ្ញៀវទេសចរមកលេងមុខវាំងមានការថយចុះ ណាមួយយើងចាស់លក់មិនទាន់ក្មេងៗទេ ហើយបើគេផ្អាក់អុំទូកខ្ញុំក៏សប្បាយចិត្តដែរ ព្រោះស្រុកយើងកំពុងមានជំងឺ»។
ក្រុមអ្នកលក់ដូរ ក៏បង្ហាញការភ័យព្រួយការចម្លងជំងឺកូវីដ១៩ ប៉ុន្តែពួកគេមិនអាចផ្អាកមុខរបរនេះឡើង ដោយសារត្រូវផ្គត់ផ្គង់ការចំណាយប្រចាំថ្ងៃរបស់គ្រួសារ។
ជាលើកទី៤ហើយ ដែលរដ្ឋាភិបាល សម្រេចផ្អាកពិធីបុណ្យអុំទូកនេះ គឺផ្អាកនៅឆ្នាំ២០១២ ក្រោយពីមានព្រឹត្តិការណ៍ជាន់គ្នាស្លាប់នៅលើស្ពានកោះពេជ្យ លើកទី២នៅឆ្នាំ២០១៣ ក្រោយពីព្រះបរមរតនៈកោដ្ឋសម្ដេចព្រះបាទ នរោត្តម សីហនុ សោយទិវង្គត់ លើកទី៣ នៅឆ្នាំ ២០១៥ មូលហេតុដោយសារទឹកទន្លេមេគង្គមានកម្រិតទាបពេក ហើយជួបប្រទះនឹងគ្រោះរាំងស្ងួត និងលើកទី៤ គឺនៅឆ្នាំនេះដោយសារវិបត្តិកូវីដ១៩។

នៅក្នុងឆ្នាំ២០២០នេះ រដ្ឋាភិបាលបានអនុម័តថវិកាជាតិសម្រាប់ចាយចំនួន៨,២ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែកាលពីខែមិថុនា សម្ដេច ហ៊ុន សែន បានចុះហត្ថលេខាលើប្រកាសមួយបញ្ជាក់ថា កម្ពុជាសម្រេចកាត់បន្ថយការចំណាយថវិកាជាតិប្រហែលមកនៅជិត៤ពាន់លានដុល្លារវិញក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២០នេះដល់ឆ្នាំ២០២៣ខាងមុន ដោយសារការកើតឡើងវិបត្តិកូវីដ១៩។
លោក មាស សុខសេនសាន មន្រ្តីនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានប្រាប់ខ្មែរណាស់ថា មិនទាន់មានការទូទាត់ថា ជាតិនឹងសល់ថវិកាប៉ុន្មានពីការមិនរៀបចំបុណ្យអុំទូកខាងមុននេះនៅឡើយទេ។ លោកថា៖«ថវិកា សល់មិនទាន់អាចឆ្លើយបានព្រោះមានចរិតជាអន្តរក្រសួង»៕


