header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

អស់រយៈពេលជិត៩ខែហើយ កម្មករកម្មការីនីរោងចក្រ ឌីកនើធី និង អីគោបេស​(Diginity​ knitter Limited and Eco Base Factory LTD) ស្ថិតនៅក្នុងសង្កាត់សិត្បូ ក្រុង​តាខ្មៅ បាននាំអង្គុយយាមនៅខាងមុខរោងចក្រ ដើម្បីការពារកុំឱ្យថៅកែលួចដឹករបស់របរចេញពីរោងចក្រ ក្រោយពីថៅកែប្រកាសថារោងចក្រក្ស័យធន និងមិនបាន​បើក​ប្រាក់ខែនិងប្រាក់ផ្សេងទៀតៗឱ្យពួកគេ។

អ្នកសី្រ ប៊ី ចន្នី កម្មករម្នាក់បានលើកឡើងថា ប្រសិនបើនៅតែមិនមានដំណោះស្រាយឲ្យបានមុនថ្ងៃបុណយភ្ជុំបិណ្ឌ អ្នកស្រីប្រហែលគ្មានប្រាក់ទៅលេងស្រុកកំណើតឡើយ។ អ្នកស្រី ថា៖«តាំងពីបិទរោងចក្រមកគឺខ្ញុំនៅយាមរហូតអត់បានទៅធ្វើការទេ បាន ប្ដីទៅធ្វើការ យកមកចាយរួចមួយថ្ងៃៗ។ បើភ្ជុំបុណ្ឌនេះដឹងតែអត់លុយទៅជួនម្ដាយ ក្មេកម្ដាយ បង្កើត ខ្ញុំទេ គឺខ្វះខាតខ្លាំង»។

អ្នកសី្របន្តថា ក្រុមកម្មករបានទាមទារយកសម្ភារក្នុងរោងចក្រលក់ឡៃឡុង ដើម្បីចែកគ្នាទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ អ្នកស្រីបន្តទៀតថា៖«និយាយរួមទៅផលវិបាក​ច្រើន គាត់អត់មានចំណូលចូលចាយវាយផ្គត់ផ្គង់ក្នុងគ្រួសារ អត់បានចេញទៅធ្វើការកន្លែងផ្សេងទៀតទេ ព្រោះដើម្បីនាំគា្នមកយាមនៅមុខរោងចក្រ បើអត់យាមខ្លាចថៅកែរោងចក្រដឹកឥវ៉ានចេញពួកខ្ញុំអត់មានអ្វីត្រូវលក់យកលុយមកបើកឲ្យកម្មករ ហើយជំពាក់ធានាគារគឺអត់មានអ្វីបង់តែម្ដង»។

ចំណែកកម្មការនីម្នាក់ទៀត អ្នកស្រី ហ៊ាង ថាវី បានរៀបពីទុក្ខលំបាកដែលអង្គុយយាមនៅមុខរោងចក្រកន្លងមកនេះ«ពេលភ្លៀងម្ដងៗវាពិបាកអត់កន្លែងដេក ណាមួយខ្លាចពួកអ្នកជក់ថ្នាំមកធ្វើបាបមានឡានម៉ូតូបើលឿនៗ មានសម្លេង រំខានដេកអត់បាន ឥឡូវខ្ញុំពិបាកចិត្តម៉ែឈឺនៅផ្ទះអត់មានលុយឲ្យគាត់ទៅវត្ត»។

កម្មការនីនេះបញ្ជាកថា កាលពីរោងចក្រមិនទាន់បិទទ្វារ ការចាយវាយប្រចាំថ្ងៃក្នុងមួយខែ គឺអ្នកស្រីត្រូវចំណាយប្រហែល១២០ ដុល្លារ ប៉ុន្តែបន្ទាប់ពីរោងចក្របិទមិនមានប្រាក់បើកឱ្យកម្មករ គឺអ្នកស្រីបានខ្ទីលុយបងប្អូននិងថវិកាឧបត្ថម្ភពីសប្បុរសជនខ្លះ ដើម្បីដោះទាល់ការហូបចុកប្រចាំថ្ងៃ។

លោក ផុន សុភា សហជីពប្រចាំនៅក្នុងរោងចក្រឌីកនើធី និង អីគោបេស បានលើកឡើងថា ចាប់តាំងពីអំឡុងឆ្នាំ២០១៩មក ភាគីរោងចក្រមិនបានបើកប្រាក់ខែឱ្យកម្មករទៀងទាត់ និងមិនបើកប្រាក់រំលឹកអតីតភាពការងារនិងប្រាក់បំណាច់ការងារឱ្យកម្មករ ដែលត្រូវធ្វើឡើង២ដងមួយឆ្នាំ ទើបធ្វើឱ្យកម្មករសរុបទាំងអស់ចំនួន១២២៥នាក់មិនពេញចិត្តនិងចេញតវ៉ា។

លោកបន្តថា មកដល់ខែមករាឆ្នាំ២០២០ នៅពេលរោងចក្រចាប់ផ្ដើមព្យួរការងារ និងមិនទាន់អាចដោះស្រាយចំពោះការបើកប្រាប់ផ្សេងៗឱ្យកម្មករ គឺក្រុមកម្មករបានតវ៉ាឡើងទៅដល់មន្ទីរការងារខេត្ត ហើយនៅថ្ងៃទី៧ខែមេសា ទើបចៅកែរោងចក្រ ជូនដំណឹងទៅខាងក្រសួងការងារថា ខ្លួនត្រូវបិទរោងចក្រដោយសារលែងមានលទ្ធភាពសម្រាប់ដំណើរការច្រវ៉ាក់ផលិតកម្មតទៅទៀត ប៉ុន្តែការប្រកាសបិទរោងចក្រនោះ មិនប្រាប់ទៅកម្មករជាមុនឡើយ។

សហជីពរូបបន្ថែមថា ក្រោយមក នៅថ្ងៃទី១៧ ខែមេសា ខាងភាគីរោងចក្របានឯកភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅចំពោះមុខមន្រ្តីក្រសួងការងារ ដើម្បីទទួលយកការទាមទារ៤ចំណុចរបស់កម្មករ និងសន្យាបើកប្រាក់ឱ្យកម្មករនៅត្រឹមថ្ងៃទី៣០ឧសភា។ ចំណុច​ឯកភាពទាំង៤ចំណុច រួមមាន រោងចក្រនឹងបើកប្រាក់សំណងដែលក្រុមហ៊ុនប្រ​កាសបិទដោយមិនបានជូនដំណឹងជាមុន ប្រាក់រំលឹកអតីតភាពនិងប្រាក់បំណាច់អតីតភាព ប្រាក់ឈ្នួលចុងក្រោយដែលរោងចក្រជំពាក់និងមិនទាន់បានបើក និងប្រាក់បំ​ណាច់​ឆ្នាំនៅសល់។

ប៉ុន្តែលោកថា មកដល់ពេលនេះ ខាងរោងចក្រមិនទាន់បានបើកប្រាក់ទាំងនោះឱ្យកម្មករ ដោយគោរពទៅតាមកិច្ចព្រមព្រៀងនៅឡើយ ហើយតែងយកលេសជាបន្តបន្ទាប់ ដើម្បីគេចមិនប្រាក់ឱ្យកម្មករ រហូតធ្វើឱ្យកម្មករនាំគ្នាហែរញត្តិដាក់ទៅខាងតុលាការខេត្តកាលពីសីហា ប៉ុន្តែការដាក់ញត្តិនោះមិនបានដល់តុលាឡើយ ដោយសារមានអាជ្ញាធររារាំង ហើយអភិបាលខេត្តកណ្ដាលបានចេញមកទទួលញ្ញតិនៅពាក់កណ្ដាលផ្លូវ។

លោកបញ្ជាក់ថា នៅពេលនេះ បញ្ហានៅរោងចក្រឌីកនើធី និង អីគោបេស គឺក្រុមកម្មករកំពុងដោះស្រាយជាមួយក្រុមគណៈកម្មការចម្រុះខេត្ត ដើម្បីឡៃឡុងលក់របស់របរនៅក្នុង​រោងចក្រយកមកទូទាត់ឱ្យកម្មករ ប៉ុន្តែការដោះស្រាយនៅតែយឺតយ៉ាវដដែល ដោយសារមានការចម្រូងចម្រាស់គ្នារឿងយករបស់របររោងចក្រទៅលក់។

លោកថា៖«និយាយទៅ ដំណោះស្រាយហ្នឹង គឺស្ទះនៅត្រឹមកម្មការហ្នឹងឯង ហើយបើនិយាយ​ពីកិច្ចព្រមព្រៀង គឺមានអស់ហើយ ទាំងពីទិន្នន័យរបស់កម្មករអ្នកណាធ្វើការងារចាប់ពី​ណាដល់ណា ហើយត្រូវបានលុយពីប៉ុន្មានទៅប៉ុន្មាន គឺមានចប់សព្វគ្រប់អស់ហើយ។ ខ្ញុំបាន​សួរទៅខាងគណៈកម្មការហ្នឹង ថាតើត្រូវបន្តដោះស្រាយនៅពេលណាទៀត ប៉ុន្តែគាត់ថា គឺត្រូវការពេលវេលានិងត្រូវធ្វើតាមនីតិវិធី»។

ប្រធានមន្ទីការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកណ្ដាលលោក ថុល នាង បានលើកឡើងថា៖« គណៈកម្មាការដោះស្រាយផលិតកម្មបាតុកម្មមុខសញ្ញា កំពុងរៀបចំសំណុំរឿង​ប​ញ្ចូនទៅតុលាការ ដើម្បីចាត់ការបន្តតាមរយៈនីតិវិធីច្បាប់ ហើយក៏បានកោះហៅខាងម្ចាស់​ទីតាំង និងនាយកក្រុមហ៊ុនមកជួបដើម្បីដោះស្រាយចំពោះការងារនេះ ដែលសំខាន់បំផុតគឺដេញថ្លៃសម្ភាររបស់ក្រុមហ៊ុនដែលមានយកប្រាក់មកទូរទាត់ដល់កម្មករកម្មការីនី​»។

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រកាសឱ្យកម្មករឈប់សម្រាកសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី១៦ ១៧ និង១៨កញ្ញាខាងមុខនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post