header ads

Sponsor

មនុស្សកើនឡើងជាង៣០នាក់បានស្លាប់ដោយសារភ្លើងឆេះព្រៃ ដែលកំពុងកើនឡើង​នៅ​តាមបណ្ដារ​រដ្ឋ​នៅ​ភាគ​ខាង​លិចសហរដ្ឋអាមេរិក ខណៈមនុស្សរាប់សិបនាក់ផ្សេង​ទៀត​កំពុងបាត់ខ្លួននៅក្នុងរដ្ឋ Oregon ហើយ​មន្រ្តី​រដ្ឋ​នេះ​និយាយថា រដ្ឋគួរតែត្រៀម​សម្រាប់​ឧប្បត្តិហេតុនៃការស្លាប់ដ៏ធំមួយ។

សារព័ត៌មាន BBC បានចុះផ្សាយនៅថ្ងៃទី១៣កញ្ញាថា អគ្គិភ័យកំពុងឆាបឆេះនៅរដ្ឋ Oregon រដ្ឋCalifornia និង​រដ្ឋ Washington អស់រយៈពេល៣សប្តាហ៍មកហើយ ដោយ​​បានដុតបំផ្លាញដីរាប់លានហិចតា ឆេះ​បំផ្លាញ​ផ្ទះ​សម្បែង​ពលរដ្ឋរាប់ពាន់ខ្នង និង​ធ្វើ​ឱ្យមនុស្សរាប់ម៉ឺននាក់ត្រូវបង្ខំចិត្តរត់ចេញពីផ្ទះ។

លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលគ្រោងនឹងធ្វើទស្សនកិច្ចនៅរដ្ឋCaliforniaនៅ​ថ្ងៃ​ច័ន្ទនេះ ដើម្បី​បទ​បង្ហាញ​សង្ខេប​អំពីស្ថានភាពចុងក្រោយបំផុត គឺ​ទើប​បាន​ស្តី​បន្ទោស​ថា ភ្លើងឆេះព្រៃកើត​ឡើង​ដោយ​សារ​ការ​គ្រប់​គ្រង​ព្រៃឈើមិនបានល្អ។

ការបំពុលដោយផ្សែងចេញពីភ្លើងឆេះព្រៃ បានធ្វើឱ្យទីក្រុងធំបំផុតរបស់រដ្ឋ Oregon គឺ​ទី​ក្រុង Portland មាន​គុណ​ភាព​ខ្យល់អាកាសអាក្រក់បំផុតនៅលើពិភពលោក។ រដ្ឋដែល​មាន​ក្រុម​ពន្លត់​អគ្គីភ័យ​កំពុង​ប្រយុទ្ធ​នឹង​អគ្គិ​ភ័យ​ព្រៃចំនួន១៦កន្លែង គឺបានធ្វើឱ្យមនុស្ស ៤០ ០០០ នាក់ស្ថិតនៅក្រោម​បទបញ្ជា​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​។

ការិយាល័យគ្រប់គ្រងអាសន្នរដ្ឋ Oregon បានរាយការណ៍ថា អគ្គិភ័យបាន​សម្លាប់​មនុស្ស​១០នាក់ ហើយ​ព្រមាន​ថា ចំនួនអ្នកស្លាប់ចុងក្រោយអាចមានច្រើន។ កាល​ពី​ប៉ុន្មាន​ថ្ងៃថ្មីៗនេះ អភិបាលរដ្ឋ Oregon បាន​ទទូច​ដល់​ម្ចាស់ផ្ទះឱ្យនៅក្រៅតំបន់ភ្លើង ទោះបីមានសេចក្តីរាយការណ៍អំពីករណីឆ្លៀតឱកាសលួចនៅតាមផ្ទះ ក្នុង​ពេល​កំពុង​មាន​គ្រោះមហន្តរាយនេះក្ដី។

ចំណែកនៅរដ្ឋWashington អ្នកពន្លត់អគ្គិភ័យកំពុងព្យាយាមពន្លត់ភ្លើងឆេះ​ព្រៃធំៗ​ចំនួន​១៥កន្លែង។ ក្មេង​ប្រុស​អាយុ​មួយឆ្នាំបានស្លាប់កាលពីដើមសប្តាហ៍នេះ ខណៈ​ដែល​ក្រុមគ្រួសារ បានព្យាយាមរត់គេចពីអគ្គិភ័យ។ ឪពុកម្តាយរបស់ក្មេងប្រុស១ឆ្នាំនេះ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ។

ជាមួយគ្នានេះ រដ្ឋ California មានមនុស្សស្លាប់ហោចណាស់ចំនួន២២នាក់ ចាប់តាំង​ពីមាន​អគ្គិភ័យឆេះព្រៃ​ពី​ថ្ងៃ​ទី​១៥សីហាមក។ មនុស្សរាប់ម៉ឺននាក់កំពុងស្ថិត​ក្រោម​ការ​បញ្ជា​​ជម្លៀស ខណៈដែលក្រុមពន្លត់​អគ្គិ​ភ័យ​ចំនួន​ ១៤ ៨០០ នាក់ នៅតែបន្ត​ប្រយុទ្ធ​នឹង​អគ្គិ​ភ័យធំៗចំនួន២៨ នៅក្នុងរដ្ឋនេះ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post