header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

នៅយប់ថ្ងៃទី១៣ ខែកញ្ញានេះ កងយោធាមួកខៀវកម្ពុជាចំនួន១៣៩ នាក់ ក្នុង​នោះ​នារី​ចំនួន​១១​នាក់ បាន​ធ្វើ​ដំណើរ​ត្រឡប់​មកដល់កម្ពុជាវិញ ក្រោយបញ្ចប់បេស​ក​កម្ម​រក្សា​សន្តិ​​ភាព​ក្រោម​ឆត្រអង្គការ​សហ​ប្រ​ជា​ជាតិ​នៅ​សាធារណរដ្ឋម៉ាលីរយៈពេលមួយឆ្នាំ។

កម្មវិធីទទួលស្វាគមន៍ការវិលត្រឡប់របស់កងកម្លាំងយោធាមួកខៀវទាំងនេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិភ្នំពេញ។

ឧត្តមសេនីយ៍ឯក អោក សៀង អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជា​អនុ​ប្រធាន​គណៈ​កម្ម​ការ​ការ​ងារ​កូវីដ-១៩ នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បាន​ថ្លែងថា កង​យោធាមួកខៀវកម្ពុជាទាំងនេះ ត្រូវ​បញ្ជូន​ទៅ​ធ្វើចត្តាឡីស័កនៅ​វិទ្យាស្ថាន​ហ្វឹក​ហ្វឺន​កង​កម្លាំងរក្សាសន្តិភាព បណ្តុះបណ្តាលបោសសំអាតមីន និង​កាក​សំណល់​សង្គ្រាម​នៅ​ស្រុក​ឧដុង្គចំនួន៤៥នាក់ និងនៅសាលាហ្វឹកហ្វឺនកងកម្លាំងពហុសាន៍ ស្ថិតក្នុង​ស្រុក​ភ្នំ​ស្រួច ខេត្តកំពង់ស្ពឺ ចំនួន៩៤នាក់។

កាលពីថ្ងៃទី១១កញ្ញា កងកម្លាំងរក្សាសន្តិភាពកម្ពុជាចំនួន២កង មានកង​អនុសេនា​ធំ​វិស្វ​កម្មព្រលានយន្តហោះ និងកងអនុសេនាធំកងម្ទេចគ្រាប់មានចំនួនសរុប២១៨នាក់ ក្នុង​នោះ​មាននារី១៨នាក់ បាន​ចេញ​ដំណើរ​ទៅ​បំពេញ​បេសក​កម្ម​អង្គការសហ​ប្រជា​ជាតិ​នៅ​សាធារណរដ្ឋម៉ាលី ដើម្បីប្តូរវេនឱ្យ​កង​កម្លាំង​ទាំង​១៣៩​នាក់​នេះ​ត្រឡប់​មក​កម្ពុជា​វិញ​។

កម្ពុជាមានកងកម្លាំងរក្សាសន្តិភាពសរុបជាង៦រយនាក់ កំពុង​បំពេញ​បេសកកម្មរក្សា​សន្តិ​ភាពអង្គការសហប្រជាជាតិ នៅ​តាម​បណ្តា​ប្រទេសចំនួន៤ រួមមានប្រទេសម៉ាលី ប្រទេសស៊ូដង់ខាងត្បូង ប្រទេសអាហ្វ្រិកកណ្ដាល និង​ប្រទេស​លី​បង់​ជាដើម ខណៈ​ស្ថាន​ភាពវិបត្តិជំងឺកូវីដ១៩ នៅតាមបណ្តាប្រទេសទាំង៤នោះ កំពុង​តែរីក​រាលដា​ល​នៅ​ឡើយ​។


កាលពីខែកញ្ញា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានស្នើទៅ​អង្គ​ការ​សហ​ប្រជាជាតិ ដើម្បី​សុំ​ពន្យារ​ពេល​ក្នុងការផ្លាស់ប្តូរកងទ័ពមួកខៀវនៅក្រៅប្រទេស ប៉ុន្តែ​ក្រោយ​មក សម្ដេច​បាន​សម្រេច​ជា​ថ្មី​លុប​ចោល​ការ​សុំ​ពន្យា​ពេល​នោះវិញ បន្ទាប់ពី​កម្ពុជា​​បាន​ទទួលពេលវេលាផ្លាស់ប្តូរច្បាស់លាស់ ដែល​ធ្វើ​ឱ្យ​ងាយ​ស្រួល​ក្នុង​ការ រៀប​ចំ​ធ្វើចត្តាឡីស័កចំពោះកងកម្លាំងត្រូវវិលត្រឡប់មកប្រទេសវិញ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កងទ័ពមួកខៀវកម្ពុជា ដែលនឹងត្រូវ​ផ្លាស់​ប្តូរ​ត្រឡប់​មក​កម្ពុជាវិញនោះ រួម មាន មកពីប្រទេសម៉ាលី នៅខែកញ្ញានេះ មកពីស៊ូដង់​ខាង​ត្បូង​នៅ​ខែតុលា មកពីអាហ្រ្វិកកណ្តាលនៅខែវិច្ឆកា និងត្រឡប់ពីលីបង់នៅខែមករា ឆ្នាំ​២០​២១​។

ការស្ទាក់ស្ទើរមិនចង់ផ្លាស់ប្ដូរកងកម្លាំងរក្សាសន្ដិភាពនៅក្រៅប្រទេសនិងក្នុងប្រទេសនេះ គឺ​បន្ទាប់​ពី​មាន​កង​ទ័ព​មួក​ខៀវ​៨០នាក់ វិលត្រឡប់ពីប្រទេសម៉ាលី​មកដល់​កម្ពុជា​កាល​ពីថ្ងៃទី១០កក្កដាកន្លងទៅ គឺ​មាន​ចំនួន​៩​នាក់​ត្រូវ​បាន​ធ្វើតេស្ដឆ្លងជំងឺ​កូវីដ​១៩​ជា​បន្ត​បន្ទាប់ ហើយករណីអ្នកឆ្លងទី៩ គឺ​ធ្វើ​តេស្ដ​វិជ្ជ​មាន​បន្ទា​ប់​អនុ​ញ្ញាត​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​បាន​ប៉ុន្មានថ្ងៃ។

កាលពីខែឧសភា អង្គការសហប្រជាជាតិក៏បានរាយការណ៍ថា កងទ័ព​មួក​ខៀវ​កម្ពុជា​ចំនួន​ ១០នាក់​ ដែល​ស្ថិត​ក្នុង​បេសកកម្ម​រក្សា​សន្ដិភាពនៅ​ប្រទេស​ម៉ាលី​បាន​ឆ្លង​ជំងឺ​កូវីដ​ ១៩​ ហើយក្នុងនោះ​មាន​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post