ស្វែងយល់

អាម៉ាប៉ាប៉ាញ៉ូស

កុមារ​ដែលមិនបានបៅទឹកដោះម្ដាយ នឹងអាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់​ការ​អភិ​វឌ្ឍ​ខួរ​ក្បាល សតិបញ្ញាស្មារតី មាន​ទំហំខួរក្បាលតូច បាត់បង់ភាពវៃឆ្លាតឬIQចំនួនជាង​២​ពិន្ទុ បើប្រៀប​ធៀប​ទៅ​នឹង​កុមារ​ទទួល​បាន​ការ​បំបៅ​ដោយ​ទឹក​ដោះ​ម្ដាយ​ពេលលេញ។ លើសពីនេះ ការបំបៅកូនដោយម្សៅទឹកដោះគោ គឺអាចបង្ក​ហានិ​ភ័យ​ជា​ច្រើន​ដល់​កុមារ ដូចជា ជំងឺរាក ជំងឺសួត ជំងឺហឺត ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺ​បេះ​ដូង បញ្ហា​លើស​ទម្ងន់ និងជំងឺធាត់ជ្រុលជាដើម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ទឹកដោះម្ដាយត្រូវបានអង្គការសុខភាពពិភពលោក(WHO)ស្រាវជ្រាវឃើញថា គឺជា​អា​ហា​រ​​ដ៏​ល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក​និង​កុមារ ដោយសារមានផ្ទុករាល់សារជាតិចិញ្ចឹម​ទាំង​អស់​ដែលទារកត្រូវការ ដោយមិនចាំបាច់បន្ថែមអាហារ ទឹក ឬភេសជ្ជៈអ្វីទៀតទេ នៅ​ក្នុង​រយៈពេល៦ខែដំបូងនៃជីវិតទារក។

ទឹកដោះម្ដាយមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗ ដូចជាប្រូតេអ៊ីនជួយដល់ការអភិវឌ្ឍការ​លូត​លាស់​រាង​កាយ​របស់​កុមារ ជាតិស្ករឡាក់តូសជួយផ្ដល់កម្លាំងថាមពលដល់កុមារ ជាតិ​​ខ្លាញ់​ជួយ​ទ្រ​ទ្រង់​រចនា​សម្ព័ន្ធ​កោ​សិ​កា​រាង​កាយ​កុមារ ជួយថែរក្សាសីតុណ្ហភាព​ក្នុង​ខ្លួន​កុមារឱ្យមានលំនឹង និងជួយស្ដុកថាមពល និង​ជាតិ​ទឹក​ដែល​ជា​តម្រូវ​ការ​ចាំ​បាច់​របស់​កុមារជាប្រចាំ រួមទាំងសំបូរជីវជាតិនិងរ៉ែជាច្រើនទៀត ដែល​ជា​ភ្នាក់​ងារ​ដ៏​សំខាន់​សម្រាប់​ការ​ពារ​កុមារ​ពី​ជំងឺ​នានា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី២៣កញ្ញាបញ្ជាក់ថា ការ​បំបៅកូន​ដោយ​ទឹក​ដោះ​ម្ដាយ​ភ្លាម​ក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាល គឺអាច​ទប់​ស្កាត់​ការស្លាប់របស់ទារកបាន២០% ហើយការ​បំបៅ​ទឹក​ដោះ​ម្ដាយ​តែមួយមុខ​ក្នុង​រយៈ​ពេល​៦ខែដំបូង គឺអាចកាត់បន្ថយជំងឺរាករូសបាន១១ដង និងជំងឺ​រលាក​សួត​បាន​១៥​ដង។

កាលពីដើមខែកញ្ញានេះ ក្រសួងពាណិជ្ជកម្មបានប្រកាសឈប់ឱ្យនាំចូលនិងលក់ចែក​ចាយ​ម្សៅទឹកដោះគោ Nutrilatt បន្ទាប់ពីរកឃើញថា ម្សៅទឹកដោះគោនេះ មានជាតិ​ដែក​​កម្រិត​ទាប​ស្ថិត​ក្នុង​ស្ថាន​ភាព​ដ៏​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​ទារក និងជាតិស័ង្កសីវិញក៏​មាន​ចំនួនតែពាក់កណ្តាលប៉ុណ្តោះ។ ការសម្រេច​របស់​ក្រសួង​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ការប្ដឹងរបស់ឪពុកម្ដាយថា ម្សៅទឹកដោះគោនេះ ធ្វើ​ឱ្យ​ក្មេង​ស្លេក​ស្លាំង​និង​ខ្វះជាតិដែក​ធ្ងន់ធ្ងរ រហូត​ធ្វើ​ឱ្យ​ក្មេង​ត្រូវ​ចូលពេទ្យនិងបញ្ចូលឈាមសង្គ្រោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កង្វះជាតិដែក ជាមូលហេតុដែលធ្វើអោយកុមារមានបញ្ហាស្លេកស្លាំង និងធ្វើអោយកុមារ​អាយុ​ក្រោម២ឆ្នាំ មាន​ហានិ​ភ័យ​ខ្ពស់ក្នុងការទទួលលទ្ធផលមិនល្អ លើការអភិវឌ្ឍន៍ផ្នែក​ខួរក្បាល សតិបញ្ញ ស្មារតី ការអភិវឌ្ឍន៍ ផ្នែក​រាង​កាយ និងការអភិវឌ្ឍន៍ ផ្នែកអារម្មណ៏​មនោសញ្ចេតនា និងទំនាក់ទំនងជាមួយមនុស្សដ៏ទៃនៅក្នុងសង្គម។

រីឯកង្វះជាតិស័ង្កសី គឺបណ្ដាលឱ្យទារកមានការលូតលាស់យឺតយ៉ាវនិងក្រិន ការអភិវឌ្ឍ​ស្មារតី​យឺតយ៉ាវ និង​ធ្វើ​ឱ្យ​ទារក​ថយ​ចុះសមត្ថភាពរបស់រាងកាយ​ក្នុង​ប្រយុទ្ធ​នឹង​ជំងឺ​ផ្សេង​ៗ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារកក៏បានពន្យល់អំពីកត្តាប្រឈមរបស់កុមារ នៅ​ពេល​​កង្វះអាហារូបត្ថម្ភ ខ្វះ​ជាតិ​ដែក និងជាតិស័ង្កសី។ មជ្ឈមណ្ឌលនេះបញ្ជាក់ថា កង្វះ​អាហារូបត្ថម្ភដែលធ្វើឱ្យស្គមសាំង ក្រិសក្រិន ទម្ងន់​ទាប និងកង្វះជីវជាតិនិងរ៉ែ គឺធ្វើឱ្យ​កុមារ​ងាយរងគ្រោះដោយជំងឺផ្សេងៗជាញឹកញាប់ និងឈាន​ដល់​ស្លាប់​ក្នុង​ករណី​ធ្ងន់​ធ្ងរ។ បន្ថែមពីនេះ បញ្ហាក្រិសក្រិនធ្វើឱ្យកុមាររៀនមិនពូកែ បន្ថយសក្ដានុពល​រក​ប្រាក់​ចំណូល​១០​%​នៅ​ពេល​កុមារ​ពេញវ័យជាដើម។

ចំពោះជាតិដែក គឺមនុស្សត្រូវការជាចាំបាច់ ដើម្បីបង្កើតគ្រាប់ឈាមក្រហម ដែលគ្រាប់​ឈាម​នេះ មានតួនាទី​ដឹក​នាំ​អុក​ស៊ីហ្សែនទៅចិញ្ចឹមគ្រប់សរីរាង្គទាំងអស់ក្នុងរាងកាយ ហើយប្រសិនបើខ្វះគ្រាប់ឈាមក្រហម នោះនឹង​នាំ​ឱ្យ​សរី​រាង្គ​ទទួល​អុក​ស៊ីហ្សែន​មិន​គ្រប់​គ្រាន់ ហើយបេះដូងត្រូវប្រឹងធ្វើការខ្លាំងជាងធម្មតា ជាហេតុនាំឱ្យបេះ​ដូង​មាន​បញ្ហា​នៅ​ថ្ងៃ​ខាងមុខ។ កង្វះជាតិដែក ក៏ធ្វើឱ្យកុមារស្លេកស្លាំង ទន់ខ្សោយនិងអង់កម្លាំងដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ចំពោះជាតិស័ង្កសី គឺដើរតួនាទីសំខាន់សម្រាប់ថែរក្សាកោសិកាពោះវៀន ការលូត​លាស់​របស់ឆ្អឹង និងមុខងារ​ប្រព័ន្ធ​ការ​ពារ​រាង​កាយប្រយុទ្ធនឹងជំងឺផ្សេងៗ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor