សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ភ្នំពេញ៖ ការបើកសាលារៀនឡើងវិញដំណាក់កាលទី២ គឺនឹងត្រូវបានអនុញ្ញាតសម្រាប់គ្រឹះស្ថានសាធារណៈចំពោះសិស្សថ្នាក់ទី៩ និងសិស្សថ្នាក់ទី១២ និងគ្រឹះស្ថានសាធារណៈគ្រប់កម្រិតនៅទីរួមខេត្តចំនួន ៤ដែលមានហានិភ័យទាប ក្នុងនោះមាន ទីរួមខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។ ក្រសួងបានអនុញ្ញាតឲ្យបើកដំណើរការ បន្ទាប់ពីបានចុះពិនិត្យ និងវាយតម្លៃដោយផ្ទាល់ដល់ទីតាំងគ្រឹះស្ថាននីមួយៗ។ នេះបើតាមការបញ្ជាក់របស់លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ តាមរយៈប្រព័ន្ធតេឡេក្រាម។
លោក រស់ សុវាចា បានឲ្យដឹងទៀតថា ក្រសួងក៏បានអនុញ្ញាតដល់គ្រឹះស្ថានឯកជនចាប់ពីកម្រិតមតេយ្យដល់ឧត្តមសិក្សាឲ្យបើកដំណើរការឡើងវិញផងដែរ តែត្រូវដាក់ពាក្យស្នើសុំមកក្រសួងជាមុនសិន។ ក្នុងការដាក់ឲ្យដំណើរការឡើងវិញនេះ ក្រសួងក៏មានវិធានការសម្រាប់គ្រឹះស្ថានសាធារណៈ និងគ្រឹះស្ថានឯកជននូវគោលការណ៍ខាងក្រោម៖
- ត្រូវគោរពតាមគោលការណ៍សុវត្តិភាពរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាព ក្នុងបរិបទកូវីដ១៩ ដែលចុះកាលពីថ្ងៃទី ៤សីហា ឆ្នាំ២០២០ -ត្រូវកំណត់ចំនួនសិស្ស ចំនួន២០នាក់ក្នុងមួយថ្នាក់ និងត្រូវឆ្លាស់វេនគ្នា -សម្រាប់សិស្សថ្នាក់ទី៩ និងទី១២ ត្រូវបញ្ចប់កម្មវិធីសិក្សាត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២០ ដោយមិនមានការឈប់សម្រាកវិស្សមកាលធំ -ចំពោះសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០ និងសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នឹងប្រព្រឹត្តនៅថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០២០។
ដោយឡែក សម្រាប់សិស្សគ្រប់កម្រិត និងគ្រឹះស្ថានដទៃទៀត ដែលមិនទាន់បានបើកដំណើរការឡើងវិញ ត្រូវបន្តការសិក្សាពីចម្ងាយ។
សូមរំលឹកថា ការបើកដំណើរការឡើងវិញក្នុងដំណាក់កាលទី២នេះ នឹងចាប់ផ្តើមថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២០ សម្រាប់គ្រឹះស្ថានសាធារណៈ និងឯកជនមួយចំនួន ដែលត្រូវអនុវត្តតាមគោលការណ៍ដែលបានចែងខាងលើ៕