សង្គម
អាម៉ាប៉ាប៉ាញ៉ូសភ្នំពេញ ៖ ក្រោយវីដេអូមួយដែលបានបង្ហោះឡើងដោយលោក ឧត្តមសេនីយ៍ត្រី ទី ចំរេីនកុសល ពាក់ព័ន្ធនឹងមន្ត្រីកិច្ចសន្យាដែល បានធ្វើហួសដែនសមត្ថកិច្ចរបស់ខ្លួន បង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនោះ មុននេះបន្តិចនាយប់ថ្ងៃទី ០៣ខែតុលា វេលាម៉ោង ជាង៧ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះនូវសារគាំទ្រទាំងស្រុងមតិលេីកឡេីងរបស់លោកឧត្តមសេនីយ៍ត្រី ទីចំរេីនកុសល ប៉ុន្តែក្នុងនាមជាសមត្ថកិច្ចត្រូវតែចូលរួមគោរពច្បាប់ ដេីម្បីបង្ហាញជាគំរូដ៏ល្អដល់ប្រជាពលដ្ឋទូទៅ។
ផេកផ្លូវការរបស់ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានឲ្យដឹងបន្តថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២០ មានរថយន្តមួយគ្រឿងម៉ាក PRUIS ព័ណ៌ ស មិនចាំស្លាកលេខ បានបេីកបរខុសទិសចរាចរណ៍ (ហាមត្រលប់ក្រោយ) នៅគោលដៅស្តុបពេទ្យចិន ខណៈនោះមន្ត្រីជាប់កិច្ចសន្យាខាងលើ ក៏បានចេញធ្វេីការឃាត់ និងលូកដៃទាញយកទូរស័ព្ទពីម្ចាស់រថយន្តដែលកំពុងថតសកម្មភាព ដោយប្រើកាយវិការ និងពាក្យសម្តី មិនសមរម្យអំឡុងពេលអនុវត្តច្បាប់ ដោយឡែកមន្រ្តីជាប់កិច្ចសន្យាគឺ គ្មានសិទ្ធិឃាត់រថយន្តត្រួតពិនិត្យឡើយ គឺមានតួនាទីត្រឹមតែចូលរួមសហការណ៍ជាមួយមន្រ្តីនគរបាលចរាចរណ៍ ក្នុងការជួយដោះស្រាយ និងសម្រួលការកកស្ទះចរាចរណ៍នៅតាមដងផ្លូវ ។
ហើយចំពោះករណីខាងលើនេះ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានហៅមន្រ្តីជាប់កិច្ចសន្យារូបនេះ មកធ្វើកិច្ចសន្យា ត្រួតពិនិត្យ និងបានដាក់ពិន័យនៅការិយាល័យ រួចរាល់ហើយ ។
ដោយឡែកក្នុងករណីខាងលើនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមគាំទ្រ និងយល់ស្របតាមមតិបស់លោកឧត្តមសេនីយ៍ត្រី ទី ចំរើនកុសល ដែលបានលើកឡើងថាមន្រ្តីជាប់កិច្ចសន្យាគឺគ្មានសិទ្ធិឃាត់រថយន្តត្រួតពិនិត្យឡើយ គឺមានតួនាទីត្រឹមតែចូលរួមជាមួយមន្រ្តីនគរបាលចរាចរណ៍ ក្នុងការជួយដោះស្រាយ និងជួយសម្រួលការកកស្ទះចរាចរណ៍នៅតាមដងផ្លូវ ប៉ុន្តែទោះជាយ៉ាងណាជាការសំណូមពររបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជាការិយាល័យចរារណ៍ផ្លូវគោក សូមសំណូមពរដូចខាងក្រោម:
ក្នុងនាមជាមន្រ្តីសមត្ថកិច្ច សូមមេត្តាចូលរួមបើកបរដោយគោរពច្បាប់ចរាចរណ៍ គោរពផ្លាកសញ្ញាចរាចរណ៍ គោរពគំនូសសញ្ញាចរាចរណ៍ ភ្លើងស្តុបចរាចរណ៍ ដេីម្បីបង្ហាញជាគំរូដ៏ល្អដល់ប្រជាពលរដ្ឋទូទៅ ម្យ៉ាងវិញទៀតដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍ និងបញ្ចៀស កុំឲ្យមានការគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡេីងជាយថាហេតុ ៕