សង្គម
អាម៉ាប៉ាប៉ាញ៉ូសពលរដ្ឋជិត៧០០នាក់បាននាំគ្នាធ្វើញត្តិផ្ដិតមេដៃ ដើម្បីតវ៉ាកុំឲ្យលុបស្រះត្រពាំងខ្នារនិងស្រះយុវជនទំហំសរុបប្រហែល៣ហិកតា ដែលស្ថិតនៅជិតផ្សារត្រាំខ្នាំ ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។ ការតវ៉ានេះក្រោយពីពួកគាត់ដឹងថា មានក្រុមហ៊ុនមួយកំពុងព្យាយាមយកស្រះទាំងពីរទៅវិនិយោគជាផ្សារទំនើបនៅពេលខាងមុខ។
លោក អ៊ុក ហុង អាយុ៦៦ឆ្នាំ ជាចាស់ព្រឹទ្ធាចារ្យម្នាក់នៅក្នុងឃុំសូភីបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃព្រហស្បតិ៍នេះថា ស្រះទាំងពីរមានអាយុកាលជាច្រើនឆ្នាំមកហើយ និងត្រូវពលរដ្ឋយកធ្វើជាកន្លែងទីសក្ការបូជា ដែលមិនអាចអនុញ្ញាតឱ្យយកទៅកាន់កាប់ជាកម្មសិទ្ធិឯកជននោះទេ។
លោកថា៖«មានក្រុមហ៊ុនមួយ ឈ្នះឈ្នះ មិនដឹងលិចចេញពីណាទេចង់មកលុបស្រះនេះ។ ដូច្នេះប្រជាពលរដ្ឋបានប្ដេជ្ញាមិនព្រមឲ្យមានការអភិវឌ្ឍដាច់ខាត់»។
លោក តាំង ស្រឿ ពលរដ្ឋម្នាក់ទៀតបានលើកឡើងដែរថា ញត្តិដែលមានពលរដ្ឋជិត៧០០រយនាក់ផ្ដិតមេដៃនោះ នឹងត្រៀមដាក់ទៅខុទ្ទកាល័យសម្ដេច ហ៊ុន សែន និងមន្ទីរដែនដីខេត្តនៅពេលខាងមុខ ប្រសិនបើសាលាខេត្តសម្រេចឱ្យក្រុមហ៊ុនឯកជននេះ ចូលមកវិនិយោគនៅលើតំបន់ស្រះទាំងពីរនេះ។
លោកបន្តថា៖«នៅថ្ងៃអនាគតបើមានមនុស្សមករស់នៅច្រើន ខាងប្រជាជនចង់ទុកស្រះយុវជនសាងសង់ជាមន្ទីរពេទ្យរបស់រដ្ឋ។ ចំណែកត្រពាំងត្រាំងខ្នារគឺជាកន្លែងសក្ការៈប្រចាំភូមិមិនអាចលុបបានដាច់ខាត»។
លោក អៀត សំហេង ក្រុមប្រឹក្សាឃុំសុភីបានលើកឡើងដែរថា ឃុំនិងស្រុកជាអ្នករៀបចំឱ្យពលរដ្ឋ នាំចេញធ្វើញត្តិប្រឆាំងនឹងគម្រោងចង់យកស្រះទាំងពីរនេះទៅអភិវឌ្ឍ បន្ទាប់ពីឃុំទទួលដំណឹងថា មានក្រុមហ៊ុនមួយបានដាក់លិខិតស្នើទៅខុទ្ទកាល័យសម្ដេច ហ៊ុន សែន កាលពីខែកក្កដា ដើម្បីស្នើសុំសិទ្ធិចាក់ដីលុបស្រះទាំងពីរអភិវឌ្ឍទៅជាផ្សារទំនើប។
លោកថា៖«ពួកខ្ញុំនេះខ្លាចអត់ឈ្នះគេ(ក្រុមហ៊ុន)។ អ៊ីចឹង! បានបើកភ្លើងខៀវឱ្យពលរដ្ឋធ្វើញត្តិទៅក្រសួងមហាផ្ទៃ ទៅទីស្ដីការគណៈរដ្ឋមន្រ្តី ទៅខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្រ្តី និងទៅប្រធានក្រុមប្រឹក្សាស្រុកបាទី។
លោកបន្តថា ស្រះត្រពាំងត្រាំខ្នារ គឺជាត្រព្រាំងប្រវត្តិសាស្រ្ដមួយដែលមានអាយុកាលជាច្រើនជំនាន់មកហើយ ខណៈពលរដ្ឋមានអបិយជំនឿថា ជាស្រះមួយមានបារមី។ ចំណែកស្រះយុវជនវិញ គឺជាស្រះដែលត្រូវបានជីកនៅក្នុងសម័យខ្មែរក្រហម ដោយក្រុមអ្នកទោសជាយុវជន ដែលមានឪពុកម្ដាយត្រូវរបបនេះយកទៅសម្លាប់ចោល។
លោកបន្ថែមថា ស្រះយុវជននេះ ក៏ជាស្រះប្រវត្តិសាស្រ្ដមួយដែរ ព្រោះអំឡុងពេលជីកនោះ មានយុវជនជាច្រើនត្រូវបានខ្មែរក្រហមសម្លាប់។ លោកអះអាងទៀតថា ខាងមន្ទីរវប្បធម៌ខេត្តក៏មិនគាំទ្រឱ្យយកស្រះទាំងពីរទៅអភិវឌ្ឍដែរ ដោយសារមន្ទីរបានចាត់ទុកជារបស់បេតិកភណ្ឌជាតិ និងបានជំរុញឱ្យពលរដ្ឋបន្តតវ៉ាការពារឱ្យបាន។
ជុំវិញបញ្ហានេះ សារព័ត៌មានខ្មែរណាស់ មិនអាចសុំការបញ្ជាក់បន្ថែមពីលោក លី សាវេត អភិបាលរងខេត្តតាកែវបានទេ ដោយសារលោកអះអាងថាកំពុងជាប់ប្រជុំនិងមិនអាចនិយាយបាន៕