ខេត្តកណ្តាល៖ បុរសម្នាក់ខឹងប្រពន្ធទៅលេងបៀរផ្ទះគេ រួចផឹកស្រាស្រវឹងជោកជាំផងនោះ បានទៅជេរប្រមាថ និងវាយម្ចាស់ផ្ទះ ហើយត្រូវម្ចាស់ផ្ទះវាយតបតវិញ បណ្តាលអោយបុរសរូបនោះរងរបួសក្បាលដេរអស់៧ថ្នេរ ដោយឡែកបុរសជាម្ចាស់ផ្ទះត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្ទះមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងស្មាច់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
បុរសដែលរងរបួសឈ្មោះ នួន វ៉ាន់ អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ នៅភូមិត្រពាំងស្មាច់ ឃុំម្កាក់ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកបុរសជាម្ចាស់ផ្ទះដែលត្រូវឃាត់ខ្លួនឈ្មោះ ឃុត ភារម្យ អាយុ៤០ឆ្នាំ មុខរបរលក់ដូរ នៅភូមិត្រពាំងស្មាច់ ឃុំម្កាក់ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីឈ្មោះឈ្មោះសុខ ធឿន ត្រូវជាប្រពន្ធរបស់បុរសឈ្មោះនួន វ៉ាន់ បានទៅអង្គុយលេងបៀរនៅផ្ទះរបស់ឈ្មោះឃុត ភារម្យ ។ លុះដល់ម៉ោងកើតហេតុ បុរសជាម្ចាស់ផ្ទះបានឃើញបុរសជាប្តីរបស់ស្ត្រីខាងលើមានសភាពស្រវឹងស្រា ហើយមកជេរប្រមាថ និងវាយទៅលើប្រពន្ធឈ្មោះសុខ ធឿន ។ តាមប្រភពដដែលបានបន្តថា នៅពេលឃើញបែបនោះ បុរសជាម្ចាស់ផ្ទះបាននិយាយថា «បើវាយគ្នាទៅវាយនៅផ្ទះទៅ កុំវាយនៅផ្ទះខ្ញុំ» ។
បន្ទាប់មកបុរសជាប្តីរបស់ស្ត្រីខាងលើបានឆ្លើយវិញថា «ឯងកុំចេះដឹង» ហើយក៏បានយកកៅអីជ័រវាយទៅលើបុរសជាម្ចាស់ផ្ទះមុន តែគេចផុត ទើបបុរសជាម្ចាស់ផ្ទះទាញកៅអីជ័រវាយតបតវិញ បណ្ដាលឲ្យបុរសជាប្តីរបស់ស្ត្រីខាងលើរងរបួសបែកក្បាលដេរ៧ថ្នេរតែម្ដង ។ ដោយឡែកបុរសជាម្ចាស់ផ្ទះត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំតែម្តង ។ ពាក់ព័ន្ធនឹងករណីខាងលើនេះ កម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធី ៕