សង្គម
អាម៉ាប៉ាប៉ាញ៉ូសព្រះសីហនុ៖ បើតាមលោក ឃាង ភារម្យ អ្នកនាំពាក្យ សាលាខេត្តព្រះសីហនុ បានឲ្យដឹងនៅថ្ងៃទី១១ ខែវិច្ឆិកានេះ ថា តាមរបាយការណ៍ក្រុមការងារបច្ចេកទេសសុខាភិបាលខេត្ត គិតត្រឹមព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ មានប្រជាពលរដ្ឋដែលបានជួបប្រាស្រ័យ ជាមួយមន្រ្តីរាជរដ្ឋាភិបាល ដែលបានចូលរួមក្នុងព្រឹត្តិការណ៍៣វិច្ឆិកាកន្លងមកចំនួន២២០នាក់ ហើយក្នុងនោះមាន១៦នាក់ ជួបផ្ទាល់ និង២០៤នាក់ ជួបដោយប្រយោល ក្នុងនោះបានយកសំណាកចំនួន៤០នាក់ ទៅពិសោធន៍រកជំងឺកូវីដ-១៩ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
លោកបានបន្តទៀតថា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការឯកភាពពីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចផ្អាកសាលារៀនចំនួន៤ឃុំ រយៈពេល២សប្តាហ៍ រួមមានឃុំទួលទទឹង ឃុំរាម ឃុំឧកញ៉ាហេង និងឃុំព្រៃនប់ ដើម្បីទប់ស្កាត់កូវីដ-១៩។
ការសម្រេចផ្អាកការសិក្សានៅតាមឃុំទាំង៤ខាងលើនេះ ដោយសារកាលពីពេលថ្មីៗនេះ មានវត្តមានមន្រ្តីរដ្ឋាភិបាល ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា បានចុះទៅធ្វើការដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋនៅភូមិអុង ភូមិទួលទទឹង និងភូមិជំពូខ្មៅ ។
យ៉ាងណាក៏ដោយ លោកបានបន្តថា មន្រ្តីរាជរដ្ឋាភិបាល ដែលបានចុះជួយដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន៣ខាងលើ គឺសុខភាពរបស់លោក មានស្ថានភាពធម្មតា ដោយធ្វើតេស្តសុខភាពទទួលលទ្ធផលអវិជ្ជមាន ចំនួនពីរដងរួចហើយ។
ជាមួយនឹងគ្នានេះដែរ លោកបានណែនាំឲ្យប្រជាលពលរដ្ឋដែលពាក់ព័ន្ធចូលរួមសហការអនុវត្តនូវវិធានការធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយយកចិត្តទុកដាក់ហើយសមស្របតាមស្ថានភាពជាក់ស្តែង៕