header ads

Sponsor

 ភ្នំពេញ៖ ជនសង្ស័យម្នាក់ ជាមន្ត្រីនគរបាល ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍គោករកា ដេញតាមចាប់ខ្លួន ក្រោយជនសង្ស័យរូបនេះ បានធ្វើសកម្មភាពដកកាំភ្លើងភ្ជង់ឲ្យដោះសម្លៀកបំពាក់ រួចចាប់រំលោភរហូតបានសម្រេច ហើយព្យាយាមរត់គេចខ្លួន តែត្រូវជនរងគ្រោះ និងសមត្ថកិច្ចប្រើល្បិចធ្វើជាណាត់ជួបគ្នាដើម្បីចាប់ខ្លួន កាលពីវេលាម៉ោង ១០:២០នាទីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចវិមានឈ្នះឈ្នះ ភូមិគប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ខេម វណ្ណឌី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជានគរបាលជាតិ ស្នាក់នៅភូមិបាក់ខែង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ (ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២០)។ ចំណែកជនរងគ្រោះ មានអាយុ២៦ឆ្នាំ ស្នាក់នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

វត្ថុតាងដកហូតរួមមាន៖ កាំភ្លើងម៉ាក ROLO លេខ 874015 ចំនួន១ដើម, គ្រាប់កាំភ្លើងចំនួន ០៥គ្រាប់, រថយន្តម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ស៊េរី ១៩៩៤ ពាក់ស្លាកលេខ ភ្នំពេញ 2W-4327 មួយគ្រឿង និងទូរសព្ទ ១គ្រឿង។

តាមប្រភពព័ត៌មានពីជនរងគ្រោះ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ជនរងគ្រោះ និងប្តី បានជិះម៉ូតូម៉ាកហុងដា ចេញពីផ្ទះមកដកក្រអៅឈូកនៅចំណុចកើតហេតុ ដោយប្តីបានឲ្យប្រពន្ធដែលជាជនរងគ្រោះនៅឈរចាំម៉ូតូ ហើយប្តីជាអ្នកចុះទៅដក។ 

មួយសន្ទុះក្រោយមកជនសង្ស័យ បានជិះម៉ូតូមកឈប់ក្បែររបង រួចបានដើរសំដៅមករកជនរងគ្រោះ ដោយសួរថាប្តីទៅណា? តែជនរងគ្រោះមិនតបនោះទេ រួចជនសង្ស័យក៏ពឹងជនរងគ្រោះឲ្យជួយបង្វែរក្បាលទូកនៅក្បែរនោះ តែជនរងគ្រោះបដិសេធ ហើយក៏ដើរចេញមកក្រៅរបងថ្ម ក៏ត្រូវជនសង្ស័យដកកាំភ្លើងម៉ាក ROLO មកភ្ជង់ដើមទ្រូង បង្ខំឲ្យជនរងគ្រោះដោះសម្លៀកបំពាក់ រួចចាប់រំលោភរហូតបានសម្រេច។

ពេលនោះ ជនរងគ្រោះក៏ប្រើល្បិចធ្វើជាសុំលេខទូរសព្ទជនសង្ស័យ ដើម្បីទុកសម្រាប់ទាក់ទងគ្នាពេលក្រោយ ហើយជនសង្ស័យក៏បានឲ្យលេខទូរសព្ទ រួចបានដើរទៅយកម៉ូតូជិះគេចទៅទិសខាងកើតបាត់។ ក្រោយមកជនរងគ្រោះបានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍គោករកា ដោយសមត្ថកិច្ចបានសហការជាមួយជនរងគ្រោះ ប្រើល្បិចតេហៅជនសង្ស័យណាត់ជួបជនរងគ្រោះម្តងទៀត នៅចំណុចផ្លូវបេតុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ លុះជនសង្ស័យមកដល់ឃើញសមត្ថកិច្ចក៏ព្យាយាមបើករថយន្តម៉ាកកូរ៉ូឡា ស៊េរី១៩៩៦ គេចរហូតដល់ចំណុចវិមានឈ្នះឈ្នះ ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង ដកហូតបានទាំងវត្ថុតាងថែមទៀត។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post