header ads

Sponsor

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប មានកិត្ដិយសសូមធ្វើការបំភ្លឺជូនសាធារណៈជន ឲ្យបានជ្រាបថា ៖ នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៩:១០ នាទី ព្រឹក កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំខ្នាត នៃអធិការដ្ឋាននគរបាលស្រុកពួក បានធ្វើការកោះហៅឈ្មោះ ចិក ស្រីយ៉ាន់ ភេទស្រី អាយុ ៤២ ឆ្នាំ រស់នៅ ភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្ដសៀមរាប មកធ្វើការបំភ្លឺពាក់ព័ន្ធនឹងករណី ប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ នៅក្នុងពិធីឡើងគ្រូ និងបំពេញបារមី កាលពីថ្ងៃទី ០៩-១០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្ដសៀមរាប ។ 
ក្រោយពីធ្វើការសាកសួរ ឈ្មោះ ចិក ស្រីយ៉ាន់ បានបំភ្លឺប្រាប់សមត្ថកិច្ចយើងថា នៅក្នុងអំឡុងឆ្នាំ ២០១២ ខ្លួនបានទៅទិញឯកសណ្ឋាននគរបាលជាតិ ពណ៌ទឹកដោះគោ (ដៃខ្លី) ចំនួន ០១ កំផ្លេ ពីផ្សារលើធំថ្មី ក្រុងសៀមរាប ក្នុងតម្លៃ ៥០០០០ រៀល និងកាត់ឯកសណ្ឋានពេទ្យ ចំនួន ០១ កំផ្លេ នៅចំណុចផ្សារពួក ក្នុងតម្លៃ ៦០០០០ រៀល ដើម្បីយកមកថ្វាយគ្រូ (ដាក់លើអាសនៈ) ។ 
លុះនៅថ្ងៃទី ០៩-១០ ខែធ្នូ ឆ្នាំ២០២០ ដោយឈ្មោះ រី ភេទស្រី អាយុ ៤៥ ឆ្នាំ រស់នៅ ភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្ដសៀមរាប ដែលត្រូវជាកូនសិស្សរបស់ខ្លួន បានប្រារព្ធធ្វើពិធីបួងសួង និងបំពេញបារមី ដោយមានអញ្ជើញក្រុមភ្លេងមកលេងថ្វាយ ហើយក៏បានអញ្ជើញខ្លួន និងកូនសិស្សរបស់ខ្លួនសរុបមានគ្នាចំនួន ១០ នាក់ ឲ្យមកចូលរួមក្នុងពិធីបួងសួងនោះផងដែរ ។
 ក្នុងពិធីបួងសួង និងបំពេញបារមីនោះដែរ ខ្លួនបានស្លៀកពាក់ឯកសណ្ឋានមន្រ្ដីនគរបាលជាតិរាំថ្វាយចំនួន ០២ លើក គឺលើកទី១ នៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ១៨:០០ នាទី ដល់វេលាម៉ោង ២២:០០ នាទី និង លើកទី២ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ១២:០០ នាទី ដល់វេលាម៉ោង ១៩:០០ នាទី ទើបចប់ ។
 ក្រោយពីធ្វើការសាកសួរត្រូវបានបញ្ចប់ កម្លាំងសមត្ថកិច្ចយើងបានធ្វើការដកហូតឯកសណ្ឋាននគរបាលជាតិ និងធ្វើការអប់រំណែនាំ ឲ្យបញ្ឈប់សកម្មភាព ប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ ឬឯកសណ្ឋានរបស់ស្ថាប័នណាមួយ យកមកស្លៀកពាក់រាំក្នុងពិធីឡើងគ្រូ ឬបួងសួងបំពេញបារមីតទៅទៀត ។ អាស្រ័យហេតុនេះ សូមសាធារណៈជនទាំងអស់ ដែលនិយមតាមដាន និងប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសបុក មេត្ដាជ្រាប ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post