header ads

Sponsor

រសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ នៅត្រង់ចំនុចគីឡូ៧៩ លើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិ មានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ឯកឧត្តម គង់ គីមនី អភិបាលរងខេត្តក្រចេះ និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានអញ្ចើញចុះពិនិត្យមើលស្ថានភាពផ្លូវជាក់ស្ដែង ការដឹកជញ្ជូនផលអនុផលកសិកម្ម និងទំនិញ គ្រប់ប្រភេទ តាមរថយន្តធុនធំ ដើម្បីពង្រឹងការអនុវត្តន៍ច្បាប់របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន។

ដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋ និងសារព័ត៌មានក្នុងស្រុកមួយចំនួន ដែលបានចោទប្រកាន់មកលើអាជ្ញាធរមូលដ្ឋាន ជាពិសេសស្ថានីយ៍ជញ្ជីងអចល័តមានជ័យ ស្ថិតក្នុងស្រុកស្នួល ដោយលើកឡើងថា អាជ្ញាធរ និងសមត្ថកិច្ច អនុវត្តច្បាប់ គឺមិនស្មើភាពគ្នា និងការចាប់ផាកពិន័យ មិនអនុវត្តន៍ទៅតាមច្បាប់។ តែយ៉ាងណាមន្ត្រីជំនាញ និងអាជ្ញាធរខេត្ត បានធ្វើការបដិសេដទៅនឹងការលើកឡើងនេះ ដោយអះអាងថា រថយន្តធុនធំទាំងនោះ គឺរថយន្តដឹកទំនិញផ្ទុកលើសទម្ងន់កំណត់ និងមានចេតនា គេចវេសពីការថ្លឹងរថយន្ត និងការផាកពិន័យតាមច្បាប់។

ឯកឧត្តម គង់ គីមនី អភិបាលរងខេត្តក្រចេះ បានបញ្ជាក់ថា អាជ្ញាធរខេត្តបានគិតគូរពីបញ្ហាសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ឆ្លងកាត់ខេត្តក្រចេះ សំខាន់បំផុតគឺបានណែនាំដល់ក្រុមបច្ចេកទេស មុននិងអនុវត្តច្បាប់។

ជាមួយគ្នានោះ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ក៏បានរៀបរាប់ប្រាប់ឲ្យដឹងថា កន្លងទៅពួកគាត់មានការព្រួយបារម្មណ៍អំពីបញ្ហា សុវត្ថិភាពលើដងផ្លូវ និងបញ្ហាសុខភាព ព្រមទាំងបានរាយការណ៍ជូនថ្នាក់ដឹកនាំខេត្ត ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ឲ្យជួយអន្តរាគមន៍ ផងដែរ។

គូសបញ្ជាក់ថា ផ្លូវលំក្រាលគ្រួសក្រហម លេខ ៣៧៣D ឬហៅថា ផ្លូវសាមលីញនេះ គឺបែកចេញពីផ្លូវជាតិលេខ៧ ត្រង់ចំនុចគីឡូ៧៩ មុខប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំស្រែចារ ស្រុកស្នួល ដែលមានចម្ងាយប្រមាណជា ៥គីឡូម៉ែត្រ ពីស្ថានីយ៍ថ្លឹងរថយន្ត មានជ័យ ស្រុកស្នួល ហើយឆ្ពោះទៅកាន់ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ។ ដែលមានភាពងាយស្រួលដល់ ក្រុមឈ្មួញក្នុងការដឹកជញ្ជូនផ្ទុកលើសទម្ងន់ គេចវេសពីការថ្លឹងរថយន្ត ផាកពិន័យ ធ្វើអោយខូចផ្លូវ និងបាត់បង់ប្រាក់ចំនូលរដ្ឋ។

ក្នុងនោះដែរ អាជ្ញាធរខេត្ត បានក្រើនរំលឹក និងណែនាំដល់អាជ្ញាធរស្រុក រួមក្រុមការងារ ឱ្យពន្យល់ប្រាប់ដល់រថយន្ត និងមធ្យោបាយដែលដឹក ធ្វើយ៉ាងម៉េចបើកបរឲ្យមានការគោរពច្បាប់ និងគិតគូរពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះ ជាពិសេស ត្រូវគោរពតាមច្បាប់ដែលបានកំណត់នៃការផ្ទុកទម្ងន់ ដើម្បីបញ្ជៀសពីការធ្វើឲ្យផ្លូវឆាប់ខូច៕
ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post