ភ្នំពេញ៖ លោកដួង តារាជំនួយការសម្តេចតេជោ និងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី បានឲ្យដឹងថា មានជនខិលខូច ដែលមានជំនាញបច្ចេកវិទ្យា (IT) បានលួចដកយកលុយពីគណនីក្នុងធនាគារ ABA អស់ $15,800 របស់ប្អូនស្រី ផាន សុគន្ធារី និងប្អូនប្រុស ស៊ូ ដារ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន នៅខេត្តកំពង់ឆ្នាំង ។
លោកដួង តារា បានឲ្យដឹងនៅថ្ងៃទី៩ខែធ្នូឆ្នាំ២០២០នេះ ដោយសរសេរសារនៅលើផេកហ្វេសប៊ុកផ្លូវការ អរគុណស្ថាប័នជំនាញពាក់ព័ន្ធ និងស្នងការនគរបាលខេត្តកំពង់ឆ្នាំង
ករណីប្អូនស្រី ផាន សុគន្ធារី និងប្អូនប្រុស ស៊ូ ដារ៉ា ដែលបានដាក់ពាក្យគោរពមក សុំក្តីសណ្តាសពីសម្តេចតេជោ នាយករដ្ឋមន្រ្តី កាលពីពេលថ្មីៗកន្លងទៅ ពេលនេះប្អូនស្រីបានជួបជុំប្តី កូនប្រុសអាយុ៥ឆ្នាំ ហើយក៏សម្រាលបានកូនតូចគួរឲ្យស្រឡាញ់ ដែលបានអាយុ២០ថ្ងៃហើយ។
លោកបានបន្តថា ជាអកុសល ប្អូនទាំងពីរក្រោយពីបានជួបជុំក្រុមគ្រួសាររួចមក ក៏ត្រូវបានជនខិលខូច ដែលមានជំនាញបច្ចេកវិទ្យា (IT) បានលួចដកយកលុយពីគណនីក្នុងធនាគារ ABA អស់ $15,800 ។ ថ្មីៗនេះជនខិលខូច ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន នៅខេត្តកំពង់ឆ្នាំង ហេីយភ្លាមៗនោះ សមត្ថកិច្ចបានដកហូតលុយ $15,800 ដែលជននេះ លួចដកបង្វិលចេញទៅ Account ផ្សេង ប្រគល់ទៅឲ្យប្អូនស្រី ផាន សុគន្ធារី និង ស៊ូ ដារ៉ា វិញ។
ការលួចដកលុយ (transfer) ចេញពី Account របស់ប្អូនទាំង២ បញ្ជូនចេញទៅគណនីជនល្មើសកន្លងមក គឺធ្វើតាមABA App លើទូរស័ព្ទដៃរបស់ប្អូនទាំង២ ដែលទូរស័ព្ទនេះត្រូវបានដកហូតទុកជាវត្ថុតាងចាប់យក និងរក្សាទុកដោយមន្រ្តីអនុវត្តច្បាប់ម្នាក់។
លោកបានបន្តថា រឿងបុគ្គលដែលប្រព្រឹត្តិខុសច្បាប់ គឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ នូវអ្វីដែលខ្លួនបានប្រព្រឹត្តិខុស ហើយមិនត្រូវអូសអង្គភាព ស្ថាប័ន ឬក្រសួងមកពាក់ព័ន្ធជាមួយអំពើល្មើស ដែលខ្លួនបានប្រព្រឹត្តិឡើយ។
នេះក៏ជាមេរៀនសម្រាប់មន្រ្តីនានា ដែលមានភារកិច្ចដូចនេះ កុំឲ្យបន្តប្រព្រឹត្តិខុសយកទូរស័ព្ទ និងលេខសម្ងាត់ (Password) ជនរគ្រោះ ទៅលួចដកលុយដូចករណីខាងលើ គឺខុសនឹងច្បាប់ធ្ងន់ធ្ងរ ។
មន្រ្តីអនុវត្តច្បាប់ ដែលប្រព្រឹត្តិទង្វើរខុសច្បាប់ និងខ្វះក្រមសីលធម៌វិជ្ជាជីវៈបែបនេះ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ។ យើងក៏មិនត្រូវលើកទឹកចិត្ត ឲ្យមន្រ្តីខិលខូចធ្វេីបាបពលរដ្ឋស្លូតត្រង់ ហេីយបន្តប្រព្រឹត្តិអំពើខុសច្បាប់ និងខុសក្រមសីលធម៌វិជ្ជាជីវៈតទៅទៀតឡើយ។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង៕