header ads

Sponsor

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចផ្តល់ដឹកជញ្ជូនម៉ាសចំនួន ២លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ជូនរដ្ឋាភិបាល និងប្រជាជននេប៉ាល់ នៅថ្ងៃទី៤ ខែមករាឆ្នាំ ២០២១ខាងមុខនេះ។

នេះបើតាមការបញ្ជាក់របស់លោកជំទាវ យក់ សម្បត្តិរដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញពិនិត្យ រៀបចំម៉ាស់ចំនួន ២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀតនៅឯឃ្លាំងស្តុកឱសថកណ្ដាលរបស់ក្រសួងសុខាភិបាលស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី ២ខែមករា ឆ្នាំ ២០២១ ។

តាមការគ្រោងទុក នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ខាងមុខ ឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមន្ត្រីជាន់ខ្ពស់ដទៃទៀត នឹងនាំយក ម៉ាស និងសម្ភារៈវេចសាស្ត្រសរុបចំនួន ១២មុខ ដឹកនាំតាមយន្តហោះពិសេសព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនរដ្ឋាភិបាល និងប្រជាជននេប៉ាល់។

សូមបញ្ជាក់ថា អំណោយរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនរដ្ឋាភិបាលនេប៉ាល់ រួមមាន
1-ម៉ាស​ 2000000
2. ម៉ាស N95 20000
3. វ៉ែនតា 20000
4. អាវពេទ្យ 20000
5. ម៉ាស៊ីនវាស់កម្តៅ 500
6. របាំងមុខ 20000
7. ឧបករណ៍ជំនួយដង្ហើម 20
8. ម៉ូនីទ័រ និងខ្សែភ្ជាប់ ម៉ូឌែល Vista 120 20
9. ម្សៅ Chloramine B 500
10. ស្បែកជើងកវែង 1000
11. សាប៊ូលាងដៃ 2000
12. ម៉ាសក្រណាត់ 10000

សូមជម្រាបថា កន្លងមករាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវអំណោយ ជាម៉ាស និងបរិក្ខារពេទ្យជូនដល់បណ្តាប្រទេសចំនួន៣រួចមកហើយ ក្នុងនោះរួមមាន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានផ្តល់ម៉ាស់ចំនួន២លាន និងបរិក្ខារពេទ្យមួយចំនួន ជូនរដ្ឋាភិបាលសហភាពមីយ៉ាន់ម៉ា ម៉ាសចំនួន២លាន និងសម្ភារៈវេចសាស្ត្រមួយចំនួន ជូនរដ្ឋាភិបាលទីម័រឡេស្ត ម៉ាសចំនួន ១លាន៥មុឺន និងបរិក្ខារពេទ្យមួយចំនួន ហើយសម្រាប់ថ្ងៃទី ៤ខែមករា ឆ្នាំ២០២១ខាងមុខ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ជូន ម៉ាសចំនួន២លាន ម៉ាសក្រណាត់ចំនួន២មុឺនម៉ាស និងបរិក្ខារពេទ្យ សរុបចំនួន១២មុខ ជូនដល់រដ្ឋាភិបាល និងប្រជាជននេប៉ាល់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕

ប្រភព ទូរទស្សន៍ជាតិកម្ពុជា

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post