header ads

Sponsor

ភ្នំពេញ៖ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យម្នាក់បានហើយ ពាក់ព័ន្ធករណីបាញ់សម្លាប់លោក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតសា្រល កាលពីវេលាម៉ោង១២៖៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមហាវិថីសហព័ទ្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ដោយជនសង្ស័យម្នាក់នេះ ជាអ្នកបើកឡាន ។

នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ កែ ចាន់មាន ជាអ្នកបើករថយន្តក្នុងករណីខាងលើនេះ នៅចំណុចផ្ទះជួលជិតបច្ឆាវត្តទួលតាឯក ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ ម្សិលមិញនេះ ។

បើតាមចម្លើយយសារភាពបឋមរបស់ជនសង្ស័យខាងលើនេះបានឲ្យដឹងថា កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានចេញពីផឹកស៊ី ហើយបើកបរថយន្តខាងលើជូនឈ្មោះ រ៉េន ទៅផ្ទះនៅម្តុំកំបូលទាំងស្រវឹង លុះពេលមកដល់កន្លែងកើតហេតុ ខ្លួនបានបើករថយន្តបុកគូថរថយន្តជនរងគ្រោះពីក្រោយ បន្ទាប់មកជនរងគ្រោះ បានបើករថយន្កកាក់រថយន្តខ្លួន និងបានយកអាវុធខ្លីភ្ជង់ខ្លួន ដើម្បីឲ្យអែបកៀន ព្រមទាំងប្រើពាក្យសម្តីជេរប្រមាថមកលើខ្លួនទៀតផង ទើបឈ្មោះ រ៉េន មានកំហឹង ហើយប្រាប់ខ្លួនឲ្យនៅស្ងៀម ចាំធ្វើតែតាមឈ្មោះ រ៉េន ប្រាប់បានហើយ ។

ជនសង្ស័យបានបន្តទៀតថា ពេលកំពុងចរចារគ្នារឿងគ្រោះថ្នាក់ចរាចណ៍ខាងលើ ដោយឃើញជនរងគ្រោះធ្វេសប្រហែស ឈ្មោះ រ៉េន ក៏បានដកអាវុធខ្លីដែលសៀតនៅនឹងចង្កេះបាញ់ទៅលើជនរងគ្រោះ រួចប្រាប់ឲ្យខ្លួនបើករថយន្តគេចពីកន្លែងកើតហេតុតែម្តង ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post