ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបង្ហាញនូវមហិច្ឆតា ធ្វើឲ្យប្រជាកសិករខ្មែរ អាចទទួលបានចំណូល ជាមធ្យមមួយម៉ឺនដុល្លារ ក្នុងមួយឆ្នាំ តាមរយៈការដាំដុះបន្លែសុវត្ថិភាព ដំណាំសក្ដានុពល និងការធ្វើកសិកម្មតាមបែបទំនើប។
ដើម្បីជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករ ក្នុងការបង្កើនដាំដុះបន្លែសុវត្ថិភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៩ ខែមករា ម្សិលមិញ បានចុះពិនិត្យការដាំបន្លែសុវត្ថិភាព ដែលមានសក្ដានុពល ដូចជា ស្ពៃក្ដោប ដំឡូងបារាំង ការ៉ុត ស្ពៃ បូកគោ និងខ្ទឹមបារាំង ។ល។ អញ្ជើញជួបសំណេះសំណាលជាមួយកសិករ នៅក្នុងក្រុង សែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីជំរុញមន្ត្រីជំនាញ ឱ្យខិតខំបណ្ដុះបណ្ដាលកសិករអំពីបច្ចេកទេសដាំដុះឱ្យបានល្អជាង មុន ដែលនឹងអាចរកចំណូលបានប្រសើរជាងមុនផងដែរ។
ឯកឧត្តម បានបញ្ជាក់ថា កាលពីមុន ប្រទេសកម្ពុជា បាននាំចូលបន្លែផ្លែឈើ ត្រី សាច់ ពីប្រទេសជិតខាង ប្រមាណជា៨០ភាគរយ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក តែពេលនេះ ក្រសួងកសិកម្ម បាននឹងកំពុងយកចិត្តទុកដាក់គិត គូរជំរុញឱ្យប្រជាកសិករដាំដំណាំបន្លែ តាមស្តង់ដារ ដែលនឹងផ្ដល់ទិន្នផលខ្ពស់ និងមានតម្លៃសមរម្យ ដើម្បីកាត់បន្ថយការ នាំចូលបន្លែ ផ្លែឈើ ត្រី សាច់។
ឯកឧត្តម បានបន្ថែមថា តាមរយៈមន្ត្រីកសិកម្មខេត្ត ប្រជាកសិករ ត្រូវបានចងជាបណ្ដុំអាជីវកម្ម ទៅតាមប្រភេទនីមួយៗ ដើម្បីងាយស្រួលក្នុងការផ្ដល់បច្ចេកទេស ពូជ និងងាយស្រួលក្នុងការរកទីផ្សារ។ ឯកឧត្តម បានលើកទឹកចិត្តឲ្យ ប្រជាកសិករ ងាកមកការបង្កើនការដាំដុះបន្លែសុវត្ថិភាព និងដំណាំអាទិភាព ជំនួសការដាំដំណាំតាមគ្នា ឬធ្វើកសិកម្មតាម បែបប្រពៃណី ។
ឯកឧត្ដម បានបញ្ជាក់ថា ការធ្វើកសិកម្មបែបទំនើប ទាមទារឲ្យប្រជាកសិករ ត្រូវមានផែនការច្បាស់លាស់ មាន កញ្ចប់ថវិកាបម្រុង សម្រាប់រៀបចំប្រព័ន្ធស្រោចស្រព ក៏ដូចជាផ្ទះសំណាញ់ ។ល។ តែផល ដែលនឹងទទួលបានពីការ ធ្វើកសិកម្មបែបទំនើបនេះ គួរជាទីគាប់ចិត្ត។
លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម ខេត្តមណ្ឌលគិរី បានឱ្យដឹងថា បច្ចុប្បន្ន ផ្ទៃដីដាំដុះបន្លែ ក្នុងខេត្តនេះ មាន ចំនួនជាង៦០០ហិកតា ដែលអាចផលិតបន្លែស្ពៃក្ដោប ស្ពៃបូកគោ ការ៉ុត ឆៃថាវ និងសណ្ដែកបារាំង បានរាប់សិបតោនដែរ ក្នុងមួយរដូវកាល៕
ប្រភព BTV News