សៀមរាប៖ ករណីគ្រោះថ្នាក់ចរាចរមួយ ដោយរថយន្តធន់ធំដឹកទំនិញ បុករថយន្តមន្ត្រីគយ និងរដ្ឋាករពីក្រោយពេញទំហឹងបណ្តាលធ្លាក់ផ្លូវ ធ្វើឲ្យមានមនុស្ស៤នាក់រងរបួសធ្ងន់ និងស្រាល នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នៅលើដងផ្លូវជាតិលេខ៦៧ (ហាយវេ) ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥-១៦ស្ថិតនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
បើតាមមន្ត្រីនគរបាលចរាចរណ៍ស្រុកបន្ទាយស្រីបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រនេះ បង្កឡើងដោយរថយន្ត ម៉ាក HYUNDAI TRACTOR ពណ៌ ស ពាក់ផ្លាកលេខ កំពង់ចាម3A- 6255 បេីកបរដោយឈ្មោះ នី គន្ធា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិប្រស្រែលេី ឃុំវិហារលួង ក្រុងសួងខេត្តត្បួងឃ្មុំ មានអ្នករួមដំណេីរ ម្នាក់ ក្នុងទិសដៅពីត្បួងទៅជេីង ទៅបុករថយន្តមួយគ្រឿងទៀតពីក្រោយម៉ាក TOYOTA CAMRY 2007 ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ រដ្ឋ10. 2- 0285ដែលបេីកបរដោយឈ្មោះ លិញ លោ ភេទ ប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាមន្ត្រីអាវុធហត្ថ មានអ្នករួមដំណេីរចំនួន០៣នាក់ក្នុងទិសដៅស្របគ្នា។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែក ហើយប្រមូលវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី។
មន្ត្រីនគរបាល មិនបានបញ្ជាក់ពីមូលហេតុនៃគ្រោះថ្នាក់នោះ ផ្តើមចេញពីអ្វី ហើយអ្នករងរបួសជាអ្នកណាឡើយ តែប្រភពពីកន្លែងកើតហេតុបានអោយដឹងថា រថយន្តដែលធ្លាក់ស្នាមភ្លោះ ជារបស់គយនិងរដ្ឋាករ ដែលរួមដំណើរដោយមន្ត្រីអាវុធហត្ថ។
រថយន្តរងគ្រោះ បានបើកស្ទាក់ និងរារាំងរថយន្តដឹកទំនិញ ក្នុងគ្រាដែលរថយន្តទំនិញកំពុងមានល្បឿន ហើយរថយន្តមន្ត្រីគយនៅរេរ៉ពីមុខ ក៍ត្រូវរថយន្តបង្កបុកពេញទំហឹងតែម្តង។
យ៉ាងណាប្រភពមិនបានបញ្ជាក់ថា រថយន្តធ្លាក់ស្នាមភ្លោះនោះ ជាមន្ត្រីគយខេត្តឬមន្ត្រីគយក្រសួងនោះឡើយ៕