ភ្នំពេញៈ មន្ត្រីនគរបាលបម្រើការងារនៅនាយកដ្ឋានរដ្ឋបាលទូទៅ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន ៣នាក់ មានជំងឺកូវីដ១៩ និងមន្ត្រីនគរបាលជាតិចំនួន ១៥នាក់ទៀត ដែលមានទំនាក់ទំនងផ្ទាល់ជាមួយមន្ត្រីវិជ្ជមានកូវីដ-១៩ កំពុងតែធ្វើចត្តាឡីស័ក។ ចំណែកមន្ត្រីនគរជាង ២០០នាក់ទៀតកំពុងតែរង់ចាំលទ្ធផល។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យបានឲ្យដឹងនៅថ្ងៃទី៣០ ខែមីនានេះថា បន្ទាប់ពីទទួលបានព័ត៌មានផ្លូវការអំពីមន្ត្រីនគរបាលជាតិម្នាក់ បម្រើការងារនៅនាយកដ្ឋានរដ្ឋបាលទូទៅ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបានលទ្ធផលតេស្តសំណាកវិជ្ជមានមេរោគកូវីដ-១៩ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាឱ្យប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ សហការជាមួយស្នងការដ្ឋានហិរញ្ញកិច្ច និងភស្តុភារ ដើម្បីដឹកនាំ និងសម្របសម្រួលក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ រៀបចំយកសំណាកមន្ត្រីនគរបាលដែលសង្ស័យជាប់ពាក់ព័ន្ធទំនាក់ទំនងការងារជាមួយអ្នកជម្ងឺ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរជាតិបានបញ្ជាក់ថា ការយកសំណាកមានចំនួន០៣លើក រួមមាន : លើកទី១ : កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១ មន្ត្រីនគរបាលដែលបានផ្ដល់សំណាកសរុបចំនួន ២១៩នាក់។ បន្ទាប់ពីការយកសំណាក់លើកទី១ ជាលទ្ធផលត្រូវបានរកឃើញមន្ត្រីនគរបាលម្នាក់បន្ថែមទៀត បម្រើការងារនៅនាយកដ្ឋានរដ្ឋបាលទូទៅ វិជ្ជមាន និងត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។
លើកទី២ : កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២១ មន្ត្រីនគរបាលដែលបានផ្ដល់សំណាកសរុបចំនួន ២២៨នាក់។ ជាលទ្ធផលរកឃើញនគរបាលជាតិជានារី ម្នាក់បន្ថែមទៀតវិជ្ជមានកូវីដ-១៩ និងត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
លើកទី៣ : កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២១ មន្ត្រីនគរបាលដែលបានផ្ដល់សំណាកសរុបចំនួន ២២៩នាក់។ កំពុងតែរង់ចាំលទ្ធផលពីក្រុមគ្រូពេទ្យ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ក្នុងនាមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ក៏ដូចជាក្នុងនាមលោកផ្ទាល់ សូមផ្តាំផ្ញើជូនដល់មន្ត្រីនគរបាលជាតិវិជ្ជមានកូវីដ-១៩ ដែលបាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមន្ត្រីនគរបាលជាតិចំនួន១៥ នាក់ ដែលមានទំនាក់ទំនងផ្ទាល់ជាមួយមន្ត្រីវិជ្ជមានកូវីដ-១៩ខាងលើ និងបានកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលខណ្ឌដង្កោ សូមមេត្តាកុំបាក់ទឹកចិត្ត ត្រូវមានស្មារតីរឹងមាំ និងត្រូវចេះលើកទឹកចិត្តខ្លួនឯង និងមានជំនឿចិត្តខ្ពស់លើការព្យាបាលរបស់ក្រុមគ្រូពេទ្យ។
ជាមួយគ្នានេះ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរជាតិ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសកងកម្លាំងនគរបាលជាតិ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ក៏ដូចជាអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ៣ការពារ និង៣កុំ ៕