ដោយមានការយកចិត្ដទុកដាក់ពីសុខមាលភាពរបស់ប្រជាជន ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមបរិច្ចាគថវិកាចំនួន ៣លានដុល្លារ បន្ថែមទៀត ជូនដល់សម្តេចតេជោហ៊ុនសែន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
នេះជាលើកទី៣ហើយ ដែលក្រុមហ៊ុនបានបរិច្ចាគថវិកាតាមរយៈរាជរដ្ឋាភិបាល ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩។
តំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប លោក ចាន់ រដ្ឋា បានលើកឡើងថា៖ "ក្រុមហ៊ុនសូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងអាជ្ញាធរដែលបានខិតខំប្រឹងប្រែងទាំងយប់ថ្ងៃ ហើយក៏សូមថ្លែងអំណរគុណផងដែរចំពោះអតិថិជន និងដៃគូសហការរបស់ បុរី ប៉េង ហួត ដែលបានចូលរួមចំណែកក្នុងបេសកកម្មដ៏ថ្លៃថ្លាមួយនេះ"។
ចុងក្រោយ លោក ចាន់ រដ្ឋា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមអនុវត្តវិធានការ
របស់រាជរដ្ឋាភិបាលក៏ដូចជាវិធានការរបស់ក្រសួងសុខាភិបាល។ ជាពិសេសត្រូវអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ។
- ៣ការពារ៖
១-ពាក់ម៉ាស់។
២-លាងដៃ។
៣-គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ។
- ៣កុំ៖
១-កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក។
២-កុំទៅកន្លែងមានមនុស្សច្រើនកុះករ។
៣-កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីដ-១៩ កុំចេញក្រៅ ឬកុំមកកន្លែងធ្វើការ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ។