ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានចេញសេចក្តីថ្លែងការណ៍បន្ថែមមួយនៅថ្ងៃទី១២ ខែមេសានេះ ដោយទទួលយក និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងអតិថិជនដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។

តាមរយៈសេចក្តីថ្លែងការណ៍បន្ថែមនោះ សមាគមទាំងពីរបានលើកឡើងថា សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាសូមថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានគាំទ្រដល់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅក្នុងកិច្ចខិតខំប្រឹងប្រែងជួយអតិថិជនដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ តាមរយៈសន្ទរកថានាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។


សេចក្តីថ្លែងការណ៍បន្តថា ឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេច សមាគមទាំងពីរសូមទទួលយក និងអនុវត្តតាមដោយធ្វើបច្ចុប្បន្នភាពកែសម្រួលបន្ថែមនូវគោលការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី០៧ ខែមេសា​ ឆ្នាំ២០២១ ដល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ដោយបានលើកលែងការបង់ការប្រាក់រយៈពេលពីរខែ សម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័កនឹងផ្ដល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិប្រសិនបើអតិថិជនយល់ព្រម រួមទាំងពន្យារការបង់ទាំងប្រាក់ដើមរយៈពេលបីខែ។

ក្នុងករណីចាំបាច់នានាដែលជាតម្រូវការរបស់អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ សូមធ្វើការពិភាក្សាដោយផ្ទាល់ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

សមាគមសូមបញ្ជាក់ជាជំហានថ្មីថា ក្នុងរយៈពេលដ៏លំបាកនេះនឹងមិនមានការផាកពិន័យចំពោះអតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor