header ads

Sponsor

ដោយយោងលើសភាពការណ៍ នៃការរីករាល​ដាលនៃ​ជំងឺកូវីដ-១៩ ព្រឹត្តិការណ៍​ "សហគមន៍២០កុម្ភៈ" នៅមិនទាន់ធូរស្បើយ នាំឱ្យតម្រូវការនៃការប្រើប្រាស់អាល់កុល និងជែលសម្លាប់មេរោគ មាន​ការកើន​ឡើងខ្ពស់ ជាហេតុនាំឱ្យមានបុគ្គលឆ្លៀតឱកាសមួយចំនួនតូច បានយកសារធាតុមេតាណុល​ (Methanol) មកក្លែងបន្លំជាអេតាណុល (Ethanol) សម្រាប់សម្លាប់មេរោគ ឬធ្វើជាសារធាតុផ្សំសម្រាប់ផលិតជែលសម្លាប់មេរោគ។

សូមជម្រាបថា សារធាតុមេតាណុល គឺជាអាល់កុលពុល គ្មានពណ៌ ដែលមានលក្ខណៈស្រដៀងគ្នាខ្លាំងទៅនឹងអាល់កុលធម្មតា (អេតាណុលអេទីលអាល់កុល) ហើយភាគច្រើនគេប្រើមេតាណុល សម្រាប់ធ្វើជាសារធាតុរំលាយ។ យោងតាមសេចក្តីណែនាំរបស់អង្គការ​សុខភាពពិភពលោក សារធាតុមេតាណុលមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាសារធាតុផ្សំសកម្មនៅក្នុងការផលិតសារធាតុលាងសម្អាតដៃឡើយ ដោយសារធាតុនេះគឺជាសារធាតុពុល និងមិនមានសមត្ថភាពសម្លាប់មេរោគកូវីដ-១៩នោះទេ។ ការប្រើប្រាស់សារធាតុមេតាណុលធ្វើជាសារធាតុសម្លាប់មេរោគ មិនត្រឹមតែមិនមានប្រសិទ្ធភាពប៉ុណ្ណោះ​ទេ តែនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាព រួមមាន រលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ងងុយដេក ច្របូកច្របល់ បាត់បង់ស្មារតី ក្អួត រំខាន​ដល់ការរំលាយអាហារ ស្រវាំងភ្នែក និងអាចបណ្តាលឱ្យស្លាប់បាន​ប្រសិនបើយកទៅលាយជាមួយស្រា ហើយបរិភោគលើសកម្រិត។
កន្លងមកអគ្គនាយកដ្ឋានក.ប.ប. បានដាក់ចេញនូវគោល​ការណ៍ណែនាំដល់បណ្តាសាខាក.ប.ប. រាជធានី ខេត្ត ឱ្យអនុវត្តសកម្មភាពឃ្លាំពិនិត្យជាប្រចាំ នៅតាមបណ្តាគោលដៅ រួមមាន ឱសថស្ថាន ផ្សារទំនើប ឃ្លាំងស្តុក និងមធ្យោបាយដឹកជញ្ជូនដែលសង្ស័យ មានលក់ ស្តុកទុក ឬដឹកជញ្ជូន សារធាតុមេតាណុលក្នុងចេតនាធ្វើអាជីវកម្ម​ទុច្ចរិត។ ជាលទ្ធផល ត្រឹមតែរយៈពេល០៣ថ្ងៃ ដើមខែមេសាឆ្នាំ២០២១កន្លងទៅនេះ មន្រ្តីជំនាញអគ្គនាយកដ្ឋានក.ប.ប. បានស្រាវជ្រាវរកឃើញការចរាចរលក់សារធាតុមេតាណុល បន្លំជាអេតាណុល (អាល់កុល) ចំនួន០៣ករណី ដែលមាននៅខេត្តរតនគិរី រឹបអូសបានមេតាណុល ចំនួន ៥៥៦លីត្រ ខេត្តបាត់ដំបង រឹបអូសបានមេតាណុលចំនួន ៨៤៦លីត្រ និងនៅរាជធានីភ្នំពេញ រឹបអូសបាន​មេតាណុលចំនួន ៨ ២៩០លីត្រ ដោយបាននិងកំពុងអនុវត្តនីតិវិធីបន្ត ក្រោមកិច្ចសម្រប សម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី ខេត្តផងដែរ។ អគ្គនាយកដ្ឋាន ក.ប.ប. នឹងបន្តអនុវត្តការងារនេះដូចភ្លៀងរលឹម ដើម្បីការពារសុខុមាលភាពជូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់។
ជាថ្មីម្តងទៀត អគ្គនាយកដ្ឋានក.ប.ប. សូមអំពាវនាវដល់សាធារណជនទាំងអស់ មុននឹងសម្រេចចិត្តជាវអាល់កុលឬជែល យកមកប្រើ​ប្រាស់ក្នុងគោលបំណងសម្លាប់មេរោគ សូមពិនិត្យ និងជ្រើសរើសផលិតផលដែលមានស្លាកសញ្ញា និងប្រភពត្រឹមត្រូវ ច្បាស់លាស់។ ជាមួយនោះផងដែរ អគ្គនាយកដ្ឋាន​ ក.ប.ប.​ សូមអំពាវនាវដល់អាជីវករលក់ដុំ លក់រាយ ម្ចាស់ឱសថស្ថាន ម្ចាស់ផ្សារទំនើប និងអ្នកនាំចូលផលិតផលអាល់កុលទាំងអស់ សូមប្រកបរបរអាជីវកម្មប្រកបដោយភាពសុចរិត និងមានការទទួលខុសត្រូវ និងសូមគិតពីសុខុមាលភាព​របស់ប្រជាពលរដ្ឋខ្ពស់ជាងផលចំណេញរបស់ខ្លួន។
អគ្គនាយកដ្ឋានក.ប.ប. នឹងបន្តអនុវត្តនីតិវិធីចុះស៊ើបអង្កេត ត្រួតពិនិត្យ និងបង្ក្រាបរាល់សកម្មភាពក្លែងបន្លំខាងលើ ដោយអនុវត្តវិធានការណ៍ច្បាប់យ៉ាងម៉ឹងម៉ាត់បំផុត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងពេលដ៏ខ្លីខាងមុខ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post