header ads

Sponsor

ភ្នំពេញ៖ រយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយ​បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ឲ្យចាត់វិធានការច្បាប់យ៉ាងតឹងរឹងបំផុតលើ​ក្រុមអ្នកបន្តជួបជុំ​ផឹកស៊ី ច្រៀងរាំប៉ុន្តែបែរជាប៉ូលិស​ឧត្តមសេនីយ៍ទោ ពាក់ផ្កាយ២ ឈ្មោះ អ៊ុង ចាន់ធួក ជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាម្ចាស់ផ្ទះជួលនៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣  ទៅជារៀបចំកម្មវិធីជួបជុំ​ផឹកស៊ីរាំច្រៀង និង​លេងប៉ាតម្សៅថែមទៀត​។

ភ្លាមៗកង​កម្លាំងនគរបាលខណ្ឌមានជ័យ ក្រោមការបញ្ជាពីលោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ បានចាប់វ៉ៃ​ខ្នោះទាំងយប់ នាំទៅកាន់អធិការដ្ឋាននគរបាល​ខណ្ឌមានជ័យ​។​


របាយការណ៍របស់អធិការដ្ឋាន នគរបាលខណ្ឌមានជ័យ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅវេលាម៉ោង ២១ម៉៣០នាទី ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចតំបន់ផ្ទះជួលលេខ58 ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រួមមាន៖

១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋានៈអនុប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ។
២-ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។
៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។ ដោយឡែក មនុស្សមួយចំនួនទៀតបានរត់ចូលផ្ទះជួលអស់ពេលសមត្ថកិច្ចទៅដល់។

របាយការណ៍បានបញ្ជាក់ទៀតថា ជនទាំង៣នាក់នេះ បានធ្វើសកម្មភាពប្រមូលផ្តុំកម្មករ និងប្រជាពលរដ្ឋចន្លោះពី៣០ទៅ៤០នាក់ ដែលស្នាក់នៅផ្ទះជួលរបស់ខ្លួន (អ៊ុង ចាន់ធួក) ផឹកស៊ី រាំច្រៀង លេងប៉ាតម្សៅ នៅក្នុងទីតាំងរបស់ខ្លួន។

ក្រោយការឃាត់ខ្លួន បុរសទាំង៣នាក់នេះ ត្រូវបានកម្លាំងនគរបាលចាប់បញ្ជូនឡើងរថយន្ត បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post