header ads

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្រេចដកឋានន្តរសក្កិ និងលុបឈ្មោះចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ចំពោះលោកវរសេនីយ៍ត្រី គឹម ពិសិទ្ធ ជំនួយការកងវិស្វកម្មលេខ១៨០ ស្ពានថ្នល់ នាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ មូលហេតុមិនគោរពរសេចក្ដីសម្រេចរបស់រដ្ឋាភិបាល ស្ដីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។

សូមជម្រាបជូនថានគរបាលខេត្តកណ្តាលបាន ចាប់ខ្លួនមនុស្សប្រុសស្រី៣នាក់ បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ក្នុងករណីស្រវឹងស្រា បានរារាំងដល់ការអនុវត្តវិធានការរដ្ឋបាល ។

ករណីនេះកើតឡើងនៅវេលាម៉ោង២១.៤០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅចំណុច ផ្លូវ១១៥ជិតស្តុប៦០ម៉ែត្រ ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យ០៣នាក់ ទី១.ឈ្មោះ គឹម ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សី ភ្នំពេញ មុខរបរយោធា នៅនាយកដ្ឋាន វិស្វកម្ម (ឃាត់ខ្លួន) មានកំរិតជាតិ អាកុល ០.០៧៦មីលីត្រខ្យល់

ទី២.ឈ្មោះ សាត សុម៉ាលី ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅបូរីពិភពថ្មី២ ភូមិ ព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ (ឃាត់ខ្លួន)

និងទី៣.ឈ្មោះ ណី ប៊ុនធឿន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅ បូរីប៉េងហួត ផ្លូវ៦០ម៉ែត្រ សង្កាត់ បឹងទំពន់ ខណ្ឌមានជ័យ ភ្នំពេញ មុខរបរគ្រូចិនសែ (ឃាត់ខ្លួន)។
ដោយឡែកវត្ថុតាងចាប់យករួមមាន ៖ រថយន្ត១គ្រឿងម៉ាក ford evrest ពណ៌ ត្រេអ៊ី ផ្លាកលេខ ខម០១២-៧២០៤ ។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ កម្លាំងចម្រុះកំពុងតែឈរយាម នៅគោលដៅផ្លូវ១១៥ជិតស្តុប៦០ម៉ែត្រ មិនឲ្យប្រជាពលរដ្ឋចេញចូលបើគ្មានការចាំបាច់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពេលនោះស្រាប់តែឃើញជនសង្ស័យ០៣នាក់ខាងលើ ក្នុងស្ថានភាពស្រវឹងបានជិះរថយន្តមកដល់ ដោយ ឈ្មោះ គឹម ពិសិដ្ឋ ជាអ្នកបើក ហើយសមត្ថកិច្ច ក៏បានឃាត់សួរនាំ រួចបញ្ជូនខ្លួន មកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរនិងចាត់ការតាមនីតិវិធី។
បច្ចុប្បន្នជនសង្ស័យទាំង ៣រូបខាងលើសមត្ថកិច្ចកំពុងតែធ្វើកំណត់ហេតុស្តាប់ចម្លើយ អាចនឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕
ប្រភព និងរូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post