ខណៈកំពុងធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ក្រោយពេលត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ីនោះ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់អំពីមូលហេតុ នៃសំឡេងដូចហត់របស់សម្តេច ដែលនិយាយទៅកាន់សម្តេចពិជ័យសេនា ទៀ បាញ់ និង លោកស្រី ឱ វណ្ណឌីន ដោយតាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃទី៤នៃការធ្វើចត្តាឡីស័ករបស់សម្តេច បន្ទាប់ពីវិលត្រឡប់មកពីប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី។
«មានបងប្អូនមួយចំនួនចាប់អារម្មណ៍លើសម្លេងរបស់ខ្ញុំដែលហាក់ដូចហត់ខ្លាំង។ ពិតជាហត់មែនតែមិនមែនជម្ងឺទេ គឺហត់ដោយខ្ញុំនិយាយក្នុងពេលដែលខ្ញុំធាក់កង់ហាត់ប្រាណ។ សុខភាពខ្ញុំល្អធម្មតា គ្រាន់តែកំសត់ខ្លួនបន្តិចព្រោះផ្ទះមួយនៅម្នាក់ឯង អត់ប្រពន្ធអត់កូនអត់ចៅដោយសារខ្លួនខ្ញុំត្រូវធ្វើចត្តាឡីស័ក។ រីឯការពិនិត្យសម្រេចនិងបញ្ជាគ្រប់គ្រងប្រទេសនៅដំណើការ ធម្មតាមិនមានអ្វីរាំងស្ទះឡើយ»។
ក្រោយពីមានការបញ្ជាក់របស់សម្ដេច ជាមួយគ្នានេះដែរ ជំនួយការផ្ទាល់របស់សម្ដេច លោក ឌួង តារា ក៏បានលើកឡើងបញ្ជាក់បន្ថែមទៀតផងដែរនៅរសៀលថ្ងៃទី ២៨ខែមេសា នេះ៖
ខ្ញុំផ្ទាល់ក៏បានស្តាប់សារសម្លេងសម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ទៅកាន់ក្រសួងការពារជាតិ និងក្រសួងសុខាភិបាលថ្មីៗនេះ ដែលខ្លឹមសារសំខាន់បំផុតនោះគឺផ្តល់ឱកាសអោយកងទ័ពជំនាញពេទ្យបានចូលរួមជួយចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុង “តំបន់ក្រហម” ដែលជា “តំបន់បិទខ្ទប់“ នៅភ្នំពេញអោយបានឆាប់បំផុត ដើម្បីកុំអោយបងប្អូនមានការភ័យព្រួយ ខ្លាំង។ ខ្ញុំសូមចូលរួមគាំទ្ររាជរដ្ឋាភិបាលក្នុងការផ្តល់អាទិភាពចាក់វ៉ាក់សាំងជូនបងប្អូននៅក្នុងតំបន់ក្រហម បើទោះបីបងប្អូនមកពីណាក៏ដោយ។ ក្នុងសារសម្លេងនោះ បើយើងស្តាប់ទៅគឺអាចឮសម្លេងដកដង្ហើម ដែលពេលនោះសម្តេចកំពុងហាត់កីឡា។ ច្បាស់ណាស់បើយើងកំពុងហាត់កីឡា ហាត់ផង និយាយផងគឺសម្លេងឮបែបហ្នឹងហើយ។ ប៉ុន្តែមានជនខិលខូចមួយចំនួនបានប្រឌិតទៅជារឿងផ្សេង ព្រោះជាជំនាញពួកជនអាក្រក់ទាំងនោះ។
ក្នុងនាមខ្ញុំជាជំនួយការផ្ទាល់ សម្តេចតេជោ ខ្ញុំសូមជម្រាបជូនបងប្អូនជ្រាបថា ក្នុងពេលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺសម្តេចលោកហត់នឿយខ្លាំងណាស់ក្នុងការគិតគូរដោះស្រាយបញ្ហាគ្រប់យ៉ាងដើម្បីការពារអាយុជីវិតយើងទាំងអស់គ្នា។ ជាការពិតក្នុងមួយថ្ងៃៗគឺយើងបានសម្រាកច្រើនជាងលោកទៅទៀត។ ប៉ុន្តែទោះបែបនេះក្តីសុខភាពលោកនៅតែល្អរឹងមាំជានិច្ច ហើយក្នុងពេលអញ្ជើញធ្វើដំណើរទៅក្រៅប្រទេស សម្តេចតេជោលោកពាក់ម៉ាសផងនិងពាក់ស្រោមដៃផង គឺលោកប្រយ័ត្នប្រយែងសុខភាពខ្លាំងបំផុត។
ក្នុងពេលអញ្ជើញទៅប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ីកាលពីថ្ងៃទី ២៣ មេសា កន្លងទៅនេះ គឺខ្ញុំបានឃើញសម្តេចលោកមានសុខភាពល្អរឹងមាំដដែលទាំងក្នុងពេលអញ្ជើញឡើងជណ្តើរយន្តហោះជាមួយដំណើរដ៏ស្វាហាប់ ហើយពេលនោះខ្ញុំក៏បានថតរូបសម្តេចមួយចំនួនផងដែរ។
ក្នុងពេលអញ្ជើញធ្វើដំណើរអស់រយៈពេល៣ម៉ោងនៅលើយន្តហោះទៅកាន់ឥណ្ឌូនេស៊ី និងក្នុងពេលប្រជុំពេញមួយថ្ងៃនៅថ្ងៃទី ២៤ មេសា សម្តេចតេជោមិនសម្រាកនៅទីនោះ ហើយបានអញ្ជើញដឹកនាំគណៈប្រតិភូវិលត្រឡប់មកកម្ពុជាទាំងយប់ដែលមកដល់ជិតម៉ោង១០យប់ ក៏សុខភាពលោកនៅតែរឹងមាំល្អដដែល។
ចំពោះខ្ញុំ សម្តេចតេជោពិតជាមានកម្លាំងពិសេសទាំងថាមពលសម្លេង និងថាមពលរាងកាយ។ រីឯរូបខ្ញុំវិញអាយុនៅក្មេងផងក៏មានអារម្មណ៍ថាហត់អស់កម្លាំង ហើយខ្ញុំតែងលួចសរសើរក្នុងចិត្តគ្រប់ពេល ជាពិសេសក្នុងពេលអញ្ជើញទៅប្រជុំនៅបរទេសគឺសម្តេចលោកមានកម្លាំងថាមពលខ្លាំង ទោះបីការប្រជុំនោះមិនបានសម្រាកក៏ដោយ! ពេលខ្លះសូម្បីតែរូបខ្ញុំក៏មិនអាចទៅរួចដែរ។
កម្ពុជាមានសំណាងខ្លាំងណាស់ ដែលយើងមានមេដឹកនាំមានសុខភាពល្អរឹងមាំដូច សម្តេចតេជោ ហ៊ុន សែន ដឹកនាំគ្រប់គ្រងប្រទេសប្រកបដោយភាពឈ្លាសវៃម៉ឺងម៉ាត់ហ្មត់ចត់ដែលគិតផលប្រយោជន៍អាយុជីវិតប្រជាពលរដ្ឋជាធំសំខាន់បំផុត។
យើងខ្ញុំជាពលរដ្ឋស្រឡាញ់សន្តិភាព សូមគោរពជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតមានសុខភាពល្អបរិបូរណ៍រឹងមាំជានិច្ច!
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕