កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ សាលាដំបូងខេត្តសៀមរាប បានសម្រេចធ្វើការចោទប្រកាន់ឈ្មោះ អ៊ឹង ថៃលី ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប បទគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក ប្រព្រឹត្តទៅនៅភូមិកក្រាញ់ សង្កាត់សៀមរាប និង នៅផ្សារក្រោម ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ដែលជាបទល្មើសព្រហ្មទណ្ឌ មានចែងឱ្យផ្តន្ទាទោស តាមច្បាប់បញ្ញត្តិ មាត្រា៧ នៃច្បាប់ស្តីពីការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ។
សាលាដំបូងខេត្តសៀមរាប ក៏បានបង្គាប់ឲ្យភ្នាក់ងារសមត្ថកិច្ច នៃកងកម្លាំងសាធារណៈ នាំខ្លួនជនត្រូវចោទ ដែលមានឈ្មោះ អ៊ឹង ថៃលី ទៅពន្ធនាគារខេត្តសៀមរាប ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ និងបង្គាប់ឲ្យប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួនខេត្តសៀមរាប ទទួល និងឃុំខ្លួនជននេះ រហូតដល់មានបទបញ្ញត្តិថ្មី សម្រេចផ្សេងពីនេះ ព្រមទាំងបង្គាប់ឲ្យគ្រប់នៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឲ្យបានល្អ នៅពេលដីកានេះត្រូវបានបង្ហាញ ក្នុងករណីចាំបាច់ ។
បើតាមសមត្ថកិច្ចសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មាន សម្រេចបិទហាងកាហ្វេលឹង្គ១០០០ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញមានអ្នកវិជ្ជមានកូវីដ-១៩ ព្រមទាំងបានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលបានទទួលសេវានៅទីតាំងកាហ្វេនេះ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ត្រូវរួសរាន់មកផ្ដល់សំណាករកមេរោគកូវីដ-១៩ នៅសាលាគរុកោសល្យខេត្ត និងធ្វើចត្តាឡីស័កតាមការណែនាំរបស់គ្រូពេទ្យ ក្នុងនោះជនត្រូវចោទឈ្មោះ អ៊ឹង ថៃលី ធ្លាប់បានចេញចូលហាងកាហ្វេនេះ និងបានដឹងថា មិត្តរបស់ខ្លួន មានវិជ្ជមានកូវីដ-១៩ ក៏បុគ្គលរូបនេះ នៅបន្តលក់ដូរជាធម្មតា និងទៅកន្លែងដទៃទៀត លុះដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ទើបក្រុមការងារស្រាវជ្រាវរកឃើញ និងបញ្ជូនទៅធ្វើតេស្តសំណាក និងធ្វើចត្តាឡីស័កនៅសាលាគរុកោសល្យខេត្ត និងវិជ្ជមានកូវីដ-១៩ នៅពីរថ្ងៃបន្ទាប់ ហើយការគេចវេះមិនធ្វើចត្តាឡីស័ករបស់ជនត្រូវចោទនេះ បានចម្លងជំងឺកូវីដ-១៩ ទៅអាជីវករលក់ដូរនៅផ្សារក្រោម ចំនួន០៧នាក់ផ្សេងទៀតផងដែរ ។
សមត្ថកិច្ច បានបញ្ជាក់ទៀតថា បន្ទាប់ពីព្យាបាលជាសះស្បើយកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យអនុញ្ញាតឱ្យឈ្មោះ អ៊ឹង ថៃលី ត្រឡប់ទៅផ្ទះធ្វើចត្តាឡីស័កបន្ត និងត្រូវធ្វើវិភាគវត្ថុសំណាកម្តងទៀតនាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ និង ក្រោយពីទទួលបានលទ្ធផលអវិជ្ជមាន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ ទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប តាមដីកាបង្គាប់របស់ចៅក្រមស៊ើបសួរ ។
គួររំលឹកថា តាមខ្លឹមសារនៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រង់មាត្រា៧ ចែងថា បទគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ៣ឆ្នាំ និង ពិន័យជាប្រាក់ពី២លានរៀលទៅ១០លានរៀល និង មាត្រា៨ ចែងថា បទគេចវេះពីការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និង ពិន័យជាប្រាក់ពី៥លានរៀលទៅ២០លានរៀល ព្រមទាំងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ កាលអំពើខាងលើនេះ បានបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ ៕
អត្ថបទ និង រូបថត ៖ សហការី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
ប្រភព មន្ទីរព័ត៌មានខេត្តសៀមរាប