បាត់ដំបង៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកនិងស្រុកកំរៀង បានធ្វើការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ទៅថៃ ចំនួន០២លើក បង្ក្រាបមេខ្យល់ចំនួន០៤នាក់ បញ្ជូនទៅសាលាដំបូងខេត្ត និងឃាត់ខ្លួនពលករអប់រំ២៣នាក់ ស្រី៣នាក់។ 
;
 នៅចំណុចកងអនុសេនាតូចលេខ៣ ចំណុះផ្នែកសឹករងស្រុកភ្នំព្រឹក ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង វេលាម៉ោង០៥និង៥៥នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក សហការជាមួយកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោក៨១៩ និងកម្លាំងផ្នែកសឹករងស្រុកភ្នំព្រឹក បានទទួលពលករលួចឆ្លងដែនខុសច្បាប់ ចំនួន ១៩នាក់ ស្រី ០១នាក់ និងបានបញ្ជូនទៅមណ្ឌលចត្តាឡីស័ក កម្រិត១ វិទ្យាល័យពេជ្រចិន្ដា ស្រុភ្នំព្រឹក។
 ក្រោយពីកម្លាំងសមត្ថកិច្ចយើងធ្វើការសាកសួរពលករ ទាំង១៩នាក់ខាងលើរួច សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ ផូ ផាត ហៅ តៃ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ពាក់ព័ន្ធករណីនាំចេញដោយមិនស្របច្បាប់។ ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ផូ ផាត ហៅ តៃ ភេទប្រុស អាយុ៣៨ឆ្នាំ និងមានការអនុញ្ញាតិពី ឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៨និង០០នាទី នៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កម្លាំងនគរបាលស្រុកបានបន្តឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ទៀតឈ្មោះ សា ផាត ភេទស្រី អាយុ ៦៤ឆ្នាំ មុខរបរកម្មករ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
 នៅថ្ងៃដដែល វេលាម៉ោង១៦និង៣០នាទី សមត្ថកិច្ចចម្រុះប្រចាំនៅគោលដៅតាមផ្លូវជាតិលេខ៥៩ ក្នុងភូមិស្វាយវែង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង បានប្រគល់ពលករចំនួន០៤នាក់ ស្រី០២នាក់ និងជនសង្ស័យចំនួន ០២នាក់ ម៉ូតូ០២ គ្រឿង ប្រគល់មកឱ្យជំនាញដើម្បីស្រាវជ្រាវបន្ត។ 
សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអប់រំពលករបំរុងនឹងឆ្លងដែនខុសច្បាប់ចំនួន ០៤នាក់ ១.ឈ្មោះ ក្រឹង ឆេងហ៊ាង ភេទប្រុស អាយុ ២៦ឆ្នាំ ២.ឈ្មោះ ចាន់ វិច្ចរ៉ា ហោ ម៉ៅ ភេទស្រី អាយុ ១៨ឆ្នាំ ៣.ឈ្មោះ ស៊ីម យ៉េភេទស្រី អាយុ ១៩ឆ្នាំ អ្នកទាំងបីរស់នៅភូមិកំពង់រាប ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ និង៤.ឈ្មោះ ជុន ជីវៈ តាមរយៈមេខ្យល់នាំចេញមនុស្សខុសច្បាប់ចំនួន ២នាក់ ១.ឈ្មោះ ហ៊ុន យ៉ាត ភេទប្រុស អាយុ ៣៦ឆ្នាំ និង២.ឈ្មោះ ហែម សុផល ហៅ ប្រុញ ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ករណីខាងលើនេះ កម្លាំងនគរបាលជំនាញបានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor