Sponsor

កណ្ដាល៖ សមត្ថកិច្ចកម្លាំងអន្តរាគមន៍ស្រុកមុខកំពូល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៧ឃុំ និងកម្លាំងប្រជាការពារ បានឃាត់យុវជនមួយក្រុមដែលធ្វើសកម្មភាពស្ទាក់ចាំប្លន់ម៉ូតូ របស់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវជាតិលេខ៦ ស្ថិតនៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៣នាទីទៀបភ្លឺ ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ០៤នាក់ស្រី០១នាក់(ឃាត់ខ្លួន)
១.ឈ្មោះ ផុន សុផានិត ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ
- មានទីលំនៅបច្ចុប្បន្នផ្ទះលេខ២៣ ផ្លូវជាតិលេខ១ ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ រាជធានីភ្នំពេញ (គូដណ្តឹងឈ្មោះ ម៉ាលី រ៉យ៉ើ)
២.ឈ្មោះ ស៊ឹង ណារ៉ាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
- មានទីលំនៅបច្ចុប្បន្ន ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
៣.ឈ្មោះ ទិត្យ បញ្ញាខារិន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ
- មានទីលំនៅបច្ចុប្បន្ន ភូមិបោះអង្កាញ់ សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
៤.ឈ្មោះ ម៉ាលី រ៉យ៉ើ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មុខរបរលក់អីវ៉ាន់តាមអនឡាញ
- មានទីលំនៅបច្ចុប្បន្ន ភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។

សមត្ថកិច្ចបានឃាត់ក្រុមយុវជនលួចមានស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធដាវដែក) ខាងលើនេះគឺកើតហេតុកាលពីថ្ងៃទី ២៥.០៥.២០២១ វេលាម៉ោង០៥និង១០នាទីទៀបភ្លឺ ចំណុចលើផ្លូវជាតិលេខ៦ មុខផ្ទះរបស់ឈ្មោះនូ នៀត ភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល រួចមក លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល បានដឹកនាំកម្លាំងអន្តរាគមន៍ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៧ឃុំ និងកម្លាំងប្រជាការពារ ចេញល្បាតពួនស្ទាក់ និងបន្តការស្រាវជ្រាវ ក្នុងភូមិសាស្រ្តស្រុក ដើម្បីច្បាមចាប់មុខសញ្ញាជិះរថយន្តម៉ាក TOYOTA PRIUS ដែលធ្វើសកម្មភាពក្នុងករណីខាងលើ។

រហូតមកដល់ថ្ងៃទី ០៨.០៦.២០២១ វេលាម៉ោង ០២.៣០នាទី កម្លាំងយើងបានចេញល្បាតពួនស្ទាក់ រហូតដល់វេលាម៉ោង ០៣និង០០នាទីទៀបភ្លឺ ក៏បានឃើញរថយន្ត និងជនសង្ស័យខាងលើឈប់នៅចិញ្ចើមផ្លូវជាតិលេខ៦ ស្ថិតនៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ដោយមានការសង្ស័យ កម្លាំងល្បាតយើងក៏បានឈប់រថយន្តបម្រុងចុះសួរនាំ ត្រួតពិនិត្យ ភ្លាមនោះជនសង្ស័យ ក៏បាននាំគ្នា បើករថយន្តរត់គេចតាមបណ្ដោយផ្លូវជាតិលេខ៦ ពេលមកដល់ចំណុចតារាងបាល់នំបញ្ចុករបស់ឈ្មោះ យឹម ប៊ុនលាង ស្ថិតនៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ជនសង្ស័យក៏បានទម្លាក់ដាវចោលនៅទីនោះ ហើយកម្លាំងយើងក៏បានដេញពីក្រោយ រហូតមកដល់ចំណុចមុខឡឥដ្ឋរបស់ឈ្មោះ ព្រាប កុយ ស្ថិតនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ក៏ត្រូវកម្លាំងយើងមួយក្រុមទៀត ស្ទាក់ចាប់បានរថយន្តនោះជាប់ ហើយក៏បាននាំជនសង្ស័យ និងរថយន្តខាងលើ មកធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលស្រុក ។

នៅវេលាម៉ោង ០៤និង០០នាទីទៀបភ្លឺ ប្រជាពលរដ្ឋឈ្មោះ ខន សុផល ភេទស្រី អាយុ៥៤ឆ្នាំ បានជិះម៉ូតូទៅទិញបន្លែនិងត្រីសាច់នៅផ្សារព្រែកអញ្ចាញ ហើយក៏រើសបានដាវនោះ រហូតដល់វេលាម៉ោង ១០និង០០នាទីព្រឹក ឈ្មោះ ខន សុផល ក៏បានយកដាវខាងលើមកប្រគល់ឱ្យសមត្ថកិច្ចយើង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០៤នាក់ បានឆ្លើយសារភាពថា÷ នៅយប់ថ្ងៃទី ០៨.០៦.២០២១ ក្រុមខ្លួនបានមកឈប់រថយន្តខាងលើរៀបចំធ្វើសកម្មភាពប្លន់យកម៉ូតូនៅតាមបណ្ដោយផ្លូវជាតិលេខ៦ តែមិនទាន់បានធ្វើសកម្មភាពក៏ត្រូវសមត្ថកិច្ចឃាត់បាន ហើយកន្លងមកក្រុមខ្លួនធ្លាប់មកធ្វើសកម្មភាពក្នុងស្រុកមុខកំពូលតាមបណ្ដោយផ្លូវជាតិលេខ៦ ចំនួន០៣លើកបានសម្រេចចំនួន០១លើក គឺប្លន់ម៉ូតូពីជនរងគ្រោះឈ្មោះ យ៉ុន សុផានិត កាលពីថ្ងៃទី ២៥.០៥.២០២១ វេលាម៉ោង ០៥និង១០នាទីទៀបភ្លឺ ចំណុចភូមិក្រង់ស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល បានម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ ចំនួន០១គ្រឿង ក្រោយពីយកម៉ូតូបាន ក៏យកទៅលក់​នៅម្ដុំឃ្លាំង រំសេវរាជធានីភ្នំពេញ ក្នុងមួយគ្រឿងបានតម្លៃ៦០០$។

បច្ចុប្បន្នជនសង្ស័យទាំង ០៤នាក់ខាងលើ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។

ករណីនេះជំនាញកំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor