ភ្នំពេញ ៖ និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា ​នឹងចូលរួម​ដោះស្រាយ​សំណុំរឿង​បាត់បង់​លុយ​វិនិយោគិន​ក្រុមហ៊ុន ​ឈ្មួញ​ជើងសារ GFX ​ដោយ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន ​ពិនិត្យមើល​ឯកសារ​របស់​វិនិយោគិន​។ អន្តរាគមន៍​របស់​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​នេះ ​គឺធ្វើឡើង​បន្ទាប់ពី​កិច្ចប្រជុំ​រវាង​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា ​និង​ក្រុម​វិនិយោគិន​ក្រុមហ៊ុន​កាលពី​ថ្ងៃទី​២២ ខែមិថុនាម្សិលមិញ​។

កិច្ចប្រជុំ​កាលពី​ម្សិលមិញ ធ្វើឡើងបន្ទាប់ពី​វិនិយោគិន​ដែល​បាន​បាត់​បង់លុយ​វិនិយោគ​ពី​គណនី​ជាមួយ​ក្រុមហ៊ុន GFX ​បាន​ទាមទារ​ជិត​មួយខែ​ ស្នើ​សុំឱ្យ​ក្រុម​សង​ត្រឡប់​ប្រាក់​វិនិយោគ​ដើម​ដែល​បាត់បង​។


លោក ធូ ពន្លឺ វិនិយោគិន​ម្នាក់ ​ដែល​ចូលរួម​ប្រជុំ​ម្សិលមិញ ​បានឱ្យដឹងថា ​ពួកគាត់​បាន​ផ្តល់​នូវ​ព័ត៌មាន​បន្ថែម ​និងឯកសារ​ពាក់ព័ន្ធ​មួយចំនួន​ ទៅកាន់​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​។​ តាមរយៈ​អន្តរាគមន៍​របស់​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​ លោក ធូ ពន្លឺ ​លើកឡើងថា​ ក្រុម​វិនិយោគិន​មាន​សង្ឃឹម សំណុំរឿង​ទាមទារ​ប្រាក់​វិនិយោគ​ត្រឡប់ ​នឹង​ទទួល​បាន​លទ្ធផល​វិជ្ជមាន ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។

អគ្គនាយក​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា​ ឯកឧត្តម ស៊ូ សុជាតិ ​មិនអាច​សុំ​ការ​បញ្ជាក់​បន្ថែម​បានទេ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។

ជុំវិញ​រឿងនេះ លោក ជា រដ្ឋ​សាវុន មេធាវី​នៃ​ក្រុមហ៊ុន GFX បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃនេះ​ដែរ​ថា មកដល់ពេលនេះ ​ក្រុមហ៊ុន​បាន​ជួប​អតិថិជន​ចំនួន​ជាង ៣០​នាក់​ហើយ​ ក្នុងចំណោម​អតិថិជន​សរុប​ប្រមាណ៣​ពាន់​នាក់​។

លោក​ ឲ្យ​ដឹង​ទៀតថា​ ជាគោលការណ៍ ក្រុមហ៊ុន​បាន​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​១​លើក​ និង​២​លើក​ហើយ ​ឈរលើ​គោលការណ៍​ក្រុមហ៊ុន​ជា​អ្នករងគ្រោះ​ដូចគ្នា​ ដូច្នេះ​ បាន​ក្រុមហ៊ុន​បើក​ដំណោះស្រាយ ​នឹង​ដើម្បី​ឲ្យ​វិនិយោគិន​ពិនិត្យ ​បើសិនជា​វិនិយោគិន​ពិនិត្យ​លើ​លទ្ធភាព​អំពី​ការ​ចូលរួម​របស់​ក្រុមហ៊ុន​បាន ​គាត់​នឹង​ទទួល​ទៅជា​សាច់ប្រាក់​។​ ប៉ុន្តែ​បើ​គាត់​អត់​ទទួល​ទេ ​នោះ​ជា​ការ​សម្រេចចិត្ត​របស់​វិនិយោគិន​។

ពាក់ព័ន្ធ​ការ​ណាត់ជួប​អតិថិជន​ដើម្បី​ជួបពិភាក្សា​រក​ដំណោះស្រាយ ​លោក​ បាន​ឲ្យ​ដឹងថា​ ក្នុង​១​លើក​មាន​ចំនួន​តែ១៥​នាក់​ប៉ុណ្ណោះ​ ដោយសារ​គោរព​តាម​ការណែនាំ​វិធានការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​។

គួររម្លឹកថា ក្រុមហ៊ុន GOLDFX INVESTMENT ជា​ក្រុមហ៊ុន​ឯកជន​ទទួលខុស​ត្រូវ​មាន​កម្រិត​ស្របច្បាប់ និង​ជា​ភ្នាក់ងារ​ឈ្មួញ​ជើង​សារ​ឧបករណ៍​និ​ស្ស​ន្ទ ​ដែល​ទទួល​អាជ្ញាប័ណ្ណ​ស្របច្បាប់​ពី​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ​ដែល​សំដៅ​ទៅ​ការជួញដូរ​លើ​រូបិយប័ណ្ណ​អន្តរជាតិ មាស និង​ប្រេង​ឆៅ​ជាដើម​៕

ប្រភព BTV News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor