header ads

Sponsor

កោះកុង ÷ ប្រជាពលរដ្ឋប្រមាណជិត២០០គ្រួសារ ក្នុងភូមិព្រលាន ឃុំកណ្តោល ស្រុកបុទុមសាគរ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ បាននាំគ្នាប្រមូលផ្តុំនៅបរិវេណសាលាបឋមសិក្សាព្រលាន រងចាំការដោះស្រាយតាមការសន្យាពីសំណាក់អាជ្ញាធរស្រុកបុទុមសាគរ តែការទន្នឹងរងចាំនេះ ត្រឡប់ជាមានការខកខាន ដែលនាំអោយពួកគាត់ហួសចិត្ត លើការសន្យាខ្យល់ជាច្រើនលើកច្រើនសាររបស់អាជ្ញាធរ ។

ការរងចាំនេះ ត្រូវបានធ្វើឡើងក្រោយមានការកាប់ឆ្ការដីព្រៃចំរ៉ុងស្មាច់ពីសំណាក់ពលរដ្ឋជាច្រើនគ្រួសារក្នុងភូមិព្រលាន ឃុំកណ្តោល បន្ទាប់ពីពួកគាត់បានឃើញមានការកាប់ព្រៃរាប់រយហិចតាពីសំណាក់ឈ្មួញខិលខូច ដោយពុំមានការអើពើនិងទប់ស្កាត់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ។

រឿងរ៉ាវមួយនេះ បានធ្វើអោយពួកគាត់នាំគ្នាកើតទុកមិនសុខចិត្តដោយចោទប្រកាន់ថា អាជ្ញាធរ ហាក់ធ្វើមិនដឹងមិនឮ បើទោះបីជាពួកគាត់បានរាយការណ៍ជាច្រើនលើកច្រើនសារយ៉ាងណាក្តី តែអាជ្ញាធរមានសមត្ថកិច្ចហាក់ត្រូវថ្នាំសណ្តំ ដោយប្រើលេសដោះសារពុំសមហេតុផលថា មិនបានឃើញសកម្មភាពកាប់ទន្រ្ទានព្រៃកើតឡើងនោះទេ ខណៈស្នាក់ការបរិស្ថាននៅក្បែរទីតាំងទន្រ្ទានតែម្តង ។
ប្រភពខាងលើ បន្តថា ដោយឃើញទង្វើមិនអើពើលើបញ្ហាទប់ស្កាត់ ក្នុងន័យភួយធំបន្លំដេករបស់អាជ្ញាធរមានសមត្ថកិច្ច ទើបពួកគាត់ផ្តើមនាំគ្នាចុះធ្វើការកាប់ឆ្កាព្រៃស្មាច់ពីមុខ(ជាប់ផ្លូវថ្នល់) ប្រមាណជា៤ទៅ៥ហិចតា ដើម្បីចង់ដឹងថា តើខាងអាជ្ញាធរ អាចដឹងដែរឬយ៉ាងណា ពិសេសគឺពួកគាត់ចង់អោយខាងអាជ្ញាធរស្វែងរកមុខជនខិលខូចដែលបានលួចកាប់ទន្រ្ទានដីព្រៃខាងលើ យកមកធ្វើការផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។
ពលរដ្ជលើកឡើងទៀតថា ដីដែលឈ្មួញបានកាប់ឆ្ការគឺមានទំហំរាប់រយហិចតា ដែលទើបនិងកាប់ឆ្ការប្រមាណជា២ទៅ៣ខែប៉ុណ្ណោះ ហើយកន្លងមកព្រៃនេះ គឺពួកគាត់តែងតែចេញចូលអាស្រ័យផល ដោយដាក់លប និងរកឃ្មុំ ។ល។ តែរយះពេលប្រមាណជា២ខែកន្លងទៅថ្មីៗនេះ ស្រាប់តែពួកគាត់បានឃើញព្រៃនោះ ត្រូវបានគេលួចកាប់ឆ្ការ ឡើងវាលបាត់ទៅហើយ ដោយមិនមានការបង្ក្រាបពីសំណាក់អាជ្ញាធរពាក់ព័ន្ធ ទើបផ្តើមអោយពួកគាត់នាំគ្នាកាប់ឆ្កាដែរ រហូតឈានដល់មានការគំរាមចង់ប្តឹងចាប់ដាក់គុកពីសំណាក់អាជ្ញាធរថែមទៀតផង ។
ប្រជាពលរដ្ឋបានអោយដឹងទៀតថា កន្លងមកអាជ្ញាធរស្រុកបុទុមសាគរ បានសន្យាខ្យល់ជាច្រើនលើកច្រើនសារ ដោយសន្យាថា និងបែងចែកដីអោយពលរដ្ឋ តែការសន្យានេះ គឺជាការកុហកបោកប្រាស់ពីសំណាក់អាជ្ញាធរ ដោយពួកគាត់បានឃើញថា ដីដែលអាជ្ញាធរបានសន្យា បែជាត្រូវបានកាន់កាប់ដោយឈ្មួញ និងអ្នកមានអំណាចទៅវិញ ។
ប្រភពខាងលើបន្តថា ដីចំរ៉ុងស្មាច់ដែលកំពុងត្រូវបានក្រុមឈ្មួញមានលុយ និងមានអំណាចលួចទន្រ្ទានយកនោះ ដើមឡើយ ស្ថិតក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ក្រោមការគ្រប់របស់ក្រសួងបរិស្ថាន ជាអ្នកមើលថែ និងការពារដោយមិនអនុញ្ញាតអោយបុគ្គលណាម្នាក់ទន្រ្ទានបានឡើយ តែនាពេលថ្មីៗនេះមានឈ្មួញដែលមានលុយមានអំណាច ហាក់ដឹងពីបញ្ហាផ្ទៃក្នុងរបស់ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកោះកុង ក្នុងការកាត់ឆ្វៀលដីតំបន់នេះអោយពលរដ្ឋប្រើប្រាស់អាស្រ័យផល ទើបមានការជួលមនុស្សអោយមកកាប់ឆ្ការដើម្បីយកជាសម្បត្តិផ្ទាល់ខ្លួន ហើយក៏ប្រហែលជាអាចមានការឃុបឃិតបើកភ្លើងខៀវពីជំនាញពាក់ព័ន្ធផងក៏មិនដឹង ។
ពលរដ្ឋក៏បានធ្វើការស្នើរសុំយ៉ាងទទួចដល់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង មេត្តាពិនិត្យមើលមន្ត្រីថ្នាក់ក្រោម និងជួយដោះស្រាយជូនពលរដ្ឋ ក្នុងការបែងចែកដីធ្លីដល់អ្នកក្រីក្រពិតប្រាកដផង កុំអោយថ្នាក់ក្រោមបែងចែកតែបក្សពួករបស់ខ្លួន ហើយធ្វើរបាយការណ៍កុហកភូតភរ ពិសេសស្នើរសុំអោយលោកជំទាវចាត់ភ្នាក់ងារពិតចុះមកស៊ើបអង្កេតលើការទន្រ្ទានដីព្រៃចំរ៉ុងស្មាច់ខាងលើ ដើម្បីទុកជាសម្បត្តិរដ្ឋ ហើយបើមានការបែងចែកសូមបែងចែកអោយមានតម្លាភាព ។
ជុំវិញការចោទប្រកាន់ខាងលើ លោក ហាក់ ឡេង អភិបាលស្រុកបុទុមសាគរ បានបញ្ជាក់ទទួលស្គាល់ថា ពិតជាការលួចកាប់ព្រៃចំរ៉ុងស្មាច់ ដែលបានកាត់ចូលអនុក្រិតលេខ៣០ពិតប្រាកដមែន ហើយខាងអាជ្ញាធរក៏កំពុងស៊ើបអង្កេត វែករកជនប្រព្រឹត្ត និងអ្នកនៅពីក្រោយនៃទន្រ្ទានដីព្រៃរបស់រដ្ឋ ដែលគ្រប់គ្រងដោយរដ្ឋបាលខេត្តផងដែរ ហើយចំពោះបញ្ហាដែលពលរដ្ឋចោទប្រកាន់ថាបានរាយការមកកាន់អាជ្ញាធរជាច្រើនលើកច្រើនសារ ពីករណីកាប់ទន្រ្ទានដីព្រៃខាងលើ គឺលោកពុំដែលទទួលបានព័ត៌មានពីពលរដ្ឋ ដូចការលើកឡើងរបស់ពួកគាត់ឡើយ ។
លោកបានអោយដឹងទៀតថា ដីក្នុងតំបន់នេះមួយចំនួនត្រូវបានកាត់ឆ្វៀលចូលទៅក្នុងអនុក្រិត្យលេខ៣០រួចហើយ ដើម្បីទុកកាត់ជូនពលរដ្ឋក្នុងភូមិព្រលាន និងភូមិតាំកន់ តែបើទោះជាមានការកាត់ឆ្វៀលហើយក្តី ក៏ពុំអាចមានបុគ្គលណាម្នាក់ធ្វើការកាប់ឆ្ការតាមអំពើចិត្តនោះដែរ ពោលគឺត្រូវស្នើរសុំគោលការពីថ្នាក់ខេត្តតាមរយះអាជ្ញាធរមូលដ្ឋានជាមុនសិន ហើយការសម្រេចបែបណាគឺលើរដ្ឋបាលខេត្ត ។

ប្រភព ព័ត៍មានពិតពីខេត្តកោះកុង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post