គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយធ្វើការព្រមានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលមិនអាចកែសម្រួល ឬកែទម្រង់បាន នូវបញ្ហាអ-យុត្តិធម៌មួយចំនួនរបស់អាជ្ញាកណ្ដាល-ចៅក្រម

ដោយសារការវិនិច្ឆ័យការប្រកួតមិនគោរពតាមគោលការណ៍លេងដោយយុត្តិធម៌ (Fair-Play) មិនគោរពតាមបទបញ្ជាការប្រកួត គ្មានក្រមសីលធម៌ និងស្មារតីជាមន្ដ្រីយុត្តិធម៌កីឡា ធ្វើឲ្យមហាជនបាត់បង់ជំនឿចិត្តលើប្រព័ន្ធគ្រប់គ្រងកីឡា និងប៉ះពាល់ដល់គុណតម្លៃនៃកីឡាអត្តសញ្ញាណជាតិ រហូតធ្វើឲ្យមហាជន និងថ្នាក់ដឹកនាំមានប្រតិកម្មជាញឹកញាប់ ជាច្រើនលើកច្រើនសារ ។ 

សូមអានសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ដូចខាងក្រោម៖

សូមរំឮកថា កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន បានចេញមុខប្រតិកម្មទៅនឹងការប្រកួតខាងលើ ក្នុងនាមប្រជាពលរដ្ឋខ្មែរម្នាក់ថា «ដោយអត់ទ្រាំមិនបាន ខ្ញុំសូមចេញមកនិយាយក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ដែលស្រឡាញ់វិស័យកីឡា។ តើយើងត្រូវពង្រឹងអាជ្ញាកណ្តាលកីឡាប្រដាល់ ឬត្រូវបង្កើតក្បាច់គុនថ្មីដោយកំណត់លក្ខណ្ឌប្រកួតថ្មីដោយវាយខុសក្បួនហើយ មិនព្រមប្រកាសលទ្ធផល និងលើកពេលទៅប្រកួតនៅពេលក្រោយ»

សម្តេចតេជោបន្តថា «តើឱ្យកីឡាប្រដាល់យើងឈានទៅមុខម៉្តេចបាន បើសហព័ន្ធកីឡាប្រដាល់យើងទុកឱកាសឱ្យអាជ្ញាកណ្តាលធ្វើបែបនេះ? តើមានក្បួនមកពីណាវាយខុសក្បួនខ្នាតហើយ សម្រេចលើកពេលទៅប្រកួតពេលក្រោយ សូម្បីតែបាល់ទាត់ បើទាត់ខុសត្រូវពិន័យកាតលឿង ឬកាតក្រហមដោយដេញចេញ ឬពិន័យបាល់ ១១ម៉ែត្រភ្លាមៗដោយមិនទុកពេលឱ្យតវ៉ានោះទេ»

សម្តេចតេជោបានបញ្ជាក់ថា សម្តេចមិនបន្ទោសកីឡាករទេ ព្រោះពួកគាត់ស្តាប់តាមការកាត់ក្តីរបស់អាជ្ញាកណ្តាល។ សម្តេចតេជោ ក៏បានសុំឱ្យអាជ្ញាកណ្តាលត្រូវតែមានយុត្តិធម៌ក្នុងខ្លួនផងដែរ។

បន្ទាប់ពីសម្ដេចតេជោនាយករដ្ឋមន្ដ្រីប្រតិកម្មបែបនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលដឹកនាំដោយលោក តែម ម៉ឺន និងគណៈកម្មការរៀបចំកម្មវិធីប្រកួតដណ្ដើមខ្សែក្រវាត់ «អ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯក» នៅសង្វៀន CNC ក៏បានប្រកាសផ្ដល់ជ័យជម្នះ និងខ្សែក្រវាត់ អមជាមួយប្រាក់រង្វាន់ដល់កីឡាករ ឃឹម បូរ៉ា ដែលត្រូវបានកីឡាករ ម៉ឺន មេឃា ចាប់បោកខុសពីលក្ខន្ដិកៈនៃការប្រកួត ដ្បិតភ្លាមៗនោះ គណៈកម្មការបានសម្រេចលើកការប្រកួតរវាងអ្នកទាំងពីរចំនួន ២សប្ដាហ៍៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor