(ស្វាយរៀង): នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ១៩ ប្រគេនព្រះសង្ឃ ជូនប្រជាពលរដ្ឋ និងកម្មករកម្មការិនី ស្រុកស្វាយជ្រំ អញ្ជើញចូលរួមក្នុងឱកាសនោះមាន ឯកឧត្តម អ៉ឹម សារ៉ា ប្រធានក្រុមការងារចុះជួយឃុំគ្រួស លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត លោកអភិបាល-អភិបាលរងស្រុកស្វាយជ្រំ លោកមេភូមិ មេឃុំ យុវជនស.ស.យ.ក ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩ ជាពិសេសវ៉ាក់សាំងនេះអាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ទោះបីវាមានការឆ្លង ក៏អ្នកជំងឺមិនធ្ងន់ធ្ងរ មិនមានហានិភ័យដល់អាយុជីវិតនោះឡើយ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ការចាក់វ៉ាក់សាំងនៅក្នុងខេត្តស្វាយរៀងកន្លងទៅ គឺបានចាក់ជូនដល់មន្ត្រី-រាជការ ហើយបច្ចុប្បន្នកំពុងដំណើការចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ កម្មករ កម្មការិនីចំនួន០៤ ស្រុក-ក្រុង រួមមាន៖ (១)ក្រុងបាវិត (២)ស្រុកកំពង់រោទិ៍ (៣)ស្រុករំដួល និងក្រុងស្វាយរៀង ទន្ទឹមនេះនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបានរៀបចំបើកយុទ្ធនាការចាក់វ៉ាក់សាំង ចំនួន០៤ស្រុក បន្ថែមទៀតរួមមាន៖ ស្រុកស្វាយជ្រំ, ស្រុករមាសហែក, ស្រុកស្វាយទាប, និងស្រុកចន្ទ្រា ។
ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំង ត្រូវមកតាមការកំណត់របស់អាជ្ញាធរ ចៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើម។ ចំពោះប្រជាពលរដ្ឋដែលដល់វេនមកទទួលវ៉ាក់សាំង ត្រូវអញ្ជើញមកទទួលវ៉ាក់សាំងដូសទី១ ដោយយកឯកសារមកជាមួយមានដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត ឬឯកសារពាក់ព័ន្ធនានា ។ ម្យ៉ាងទៀតក្រោយទទួលបានវ៉ាក់រួចត្រូវតែបន្តប្រកាន់ភ្ជាប់នូវវិធានការ"៣ការពារ ៣កុំ"របស់ប្រមុខរាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជួន។
ឯកឧត្តមបន្តថា ការគិតគូរដ៏ឈ្លាសវ៉ៃនិងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានផ្តល់វាក់សាំងដើម្បីជូនដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនីព្រះសង្ឃដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅដោយឥតគិតថ្លៃ ហើយនៅថ្ងៃនេះ និងជំហានបន្តបន្តបន្ទាប់ទៀតនៅពេលខាងមុខ ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងទាំងមូល និងទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ក្នុងទប់ស្កាត់នៃការឆ្លងជំងឺកូវីដ-១៩ ព្រមទាំងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច វិលទៅរកភាពដើមវិញនាពេលខាងមុខ៕ ដោយ:ស្វាយរៀង