សាលាដំបូងខេត្តសៀមរាបចេញដីកាឃុំខ្លួនជនត្រូវចោទចំនួន ៤នាក់ ដែលជាដើមហេតុបង្កឱ្យឆ្លងជំងឺកូវីដ-១៩ រាលដាលធ្ងន់ធ្ងរក្នុងស្រុកជីក្រែង ស្រុកសូទ្រនិគម និងក្រុងសៀមរាប។

ជនត្រូវចោទដែលត្រូវបានបង្គាប់ឱ្យឃុំខ្លួនទាំង០៤រូប ដូចមានរាយនាមខាងក្រោម៖

១-ឈ្មោះ សាន ឆេងគី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប មុខរបរថៅកែហាងពិភពធម្មជាតិ។

២-ឈ្មោះ ប្រាក់ សារ៉ន ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប មុខរបរ មេកាហាងពិភពធម្មជាតិ។

៣-ឈ្មោះ លាង គា ភេទប្រុស អាយុ៤០ឆ្នាំ (ប្តី)ជនជាតិខ្មែរ រស់នៅភូមិកំពង់ម្កាក់ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប មុខរបរម្ចាស់ហាងសប្បាយ សប្បាយ។

៤-ឈ្មោះ តាំង ម្លិះ ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ (ប្រពន្ធ) រស់នៅភូមិកំពង់ម្កាក់ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប មុខរបរម្ចាស់ហាងសប្បាយ សប្បាយ។
រដ្ឋបាលខេត្តបានដាក់ចេញវិធានការរដ្ឋបាលនានា ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងនោះ មានការបិទជាបណ្តោះអាសន្ននូវការជួបជុំប្រមូលផ្តុំគ្នាពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ និងមណ្ឌលកំសាន្តមនុស្សពេញវ័យជាដើម។ ចំពោះបុគ្គលទាំងឡាយណាដែលល្មើសនឹងវិធានការទប់ស្កាត់ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត។
ក្រោយការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលមានប្រភពនៅស្រុកជីក្រែង កាលពីដើមខែមិថុនា ឆ្នាំ២០២១ កន្លងមក សមត្ថកិច្ចបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បាននូវមុខសញ្ញា ដែលជាដើមហេតុបង្កឱ្យឆ្លងជំងឺកូវីដ-១៩ រាលដាលធ្ងន់ធ្ងរក្នុងស្រុកជីក្រែង ស្រុកសូទ្រនិគម និងក្រុងសៀមរាប ព្រមទាំងស្រុកមួយចំនួនទៀតផងដែរ។
ជាក់ស្តែងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបាន បញ្ជូនសំណុំរឿងចំនួន ២ករណី ពីបទចោទបើកកន្លែងផឹកសុី នៅចំណុចហាងពិភពធម្មជាតិ ស្ថិតនៅភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង និងហាង សប្បាយ សប្បាយ ស្ថិតនៅភូមិកំពង់ម្កាក់ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប និងបាននាំខ្លួនជនសង្ស័យចំនួន០៤នាក់ មកសាកសួរពីដំណើររឿងនៃការលួចបើកកន្លែងផឹកស៉ីខាងលើ។ ក្រោយពីបានសាកសួររួចមក ជនសង្ស័យទាំង០៤នាក់ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារខេត្ត នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor