កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានសម្រេចចេញដីកាឱ្យឃុំខ្លួនជនត្រូវចោទចំនួន ២នាក់ ក្នុងនោះមាន ៖
១-ឈ្មោះ អាន សត្ថា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរថៅកែហាងហេងហេងបាខែង២ ។
២-ឈ្មោះ សាយ ឡាស្កាហ៍ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអង្គ្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប មុខរបរ មេកាហាងហេងហេងបាខែង២ ។
ការសម្រេចឃុំខ្លួនជនត្រូវចោទចំនួន២នាក់នោះ គឺក្រោយពេលជនជាប់ត្រូវចោទទាំង២នាក់នោះ មិនគោរពវិធានការរដ្ឋបាល ក្នុងពេលដែលរដ្ឋបាលខេត្តសៀមរាបបានដាក់ចេញវិធានការរដ្ឋបាលនានា ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងនោះ មានការបិទជាបណ្តោះអាសន្ននូវការជួបជុំប្រមូលផ្តុំគ្នាពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ និងមណ្ឌលកំសាន្តមនុស្សពេញវ័យជាដើម ហើយចំពោះបុគ្គលទាំងឡាយណាដែលល្មើសនឹងវិធានការទប់ស្កាត់ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត ។
គួររំលឹកថា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជូនសំណុំរឿងចំនួន ១ករណីបន្ថែមទៀត ពីបទចោទបើកកន្លែងផឹកសុនៅចំណុចហាងហេងហេងបាខែង២ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងបាននាំខ្លួនជនសង្ស័យចំនួន០២នាក់ មកសាកសួរពីដំណើររឿងនៃការលួចបើកកន្លែងផឹកស៊ីខាងលើ ហើយក្រោយពីបានសាកសួររួចមក ជនសង្ស័យទាំង០២នាក់នេះ ត្រូវបានចៅក្រមសើបសួរសាលាដំបូងខេត្តសៀមរាប សម្រេចបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារខេត្ត នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១តែម្តង ។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តសូមអំពាវនាវដល់ម្ចាស់អាជីវកម្មទាំងអស់ចូលរួមអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្តដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ពិសេសសូមម្ចាស់អាជីវកម្មដ្ឋានទាំងអស់ចូលរួមសហការជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ថ្នាក់ ដើម្បីកាត់ផ្តាច់ជំងឺកូវីដ-១៩ ចេញពីសហគមន៍ ដែលនឹងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច សង្គមរបស់យើងវិលទៅរកប្រក្រតីភាពឡើងវិញ៕
ប្រភព ៖ រដ្ឋបាលខេត្តសៀមរាប
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
#មន្ទីរព័ត៌មានខេត្តសៀមរាប