ភ្នំពេញ៖ លោក ដួង តារា ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នេះថា ៖
«ខ្ញុំបានបញ្ជាក់ប្រាប់ទៅតំណាងក្រុមហ៊ុន (GFX) ថា ពេលនេះជាពេលវេលាល្អសមស្របហើយដែលត្រូវមានដំណោះស្រាយជូនពួកគាត់ ព្រោះខ្ញុំក៏មិនអាចទទួលរងនូវទំនួលខុសត្រូវនេះ ដែលគ្មានការកំណត់ពេលវេលាច្បាស់លាស់សម្រាប់ដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋបានដែរ»។
លោក ដួង តារា ថ្លែងខ្លឹមសារទាំងស្រុងដូច្នេះ ថា ៖
(GFX) ជំនឿលើការវិនិយោគដែលមានការទទួលខុសត្រូវ ។ រយៈពេលជាង៣ខែហើយ ដែលបងប្អូនប្រជាពលរដ្ឋរាប់រយនាក់បានដាក់លិខិតសុំអន្តរាគមន៍គោរពជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ចាប់តាំងពីខែមេសា ឆ្នាំ២០២១ មកដល់សព្វថ្ងៃអំពីការបាត់បង់សាច់ប្រាក់ដែលពួកគាត់បានដាក់វិនិយោគ (Forex) ជាមួយក្រុមហ៊ុន GoldFX ។
កន្លងមក ខ្ញុំបានជួបប្រជុំពិភាក្សាជាមួយ លោក ប៊ុន គិរីរិទ្ធ តំណាងក្រុមហ៊ុន GFX ទាំងតាមរយៈការប្រជុំ Online ផង និងផ្ទាល់ផងដែលក្រុមហ៊ុនបានបញ្ជាក់ច្បាស់ថា ៖
១)ក្រុមហ៊ុនមានឆន្ទៈដោះស្រាយជូនបងប្អូនដោយមិនគេចវេសឡើយ។
២)ក្រុមហ៊ុនមិនមានបំណងបិទក្រុមហ៊ុនហើយគម្រា-មថាមិនដោះស្រាយដូចពាក្យចចាមអារាមនោះទេ។
៣)យោងតាមស្ថានភាពបច្ចុប្បន្ន ក្រុមហ៊ុនសូមប៉ះប៉ូវជូនបងប្អូនចំនួន (៣០%) ជាមុនសិន ហើយនៅតែដោះស្រាយជូនបងប្អូនអតិថិជនទាំងអស់ជាបន្តទៀត។
ក្រុមហ៊ុនសូមអរគុណបងប្អូនដែលបានរក្សាភាពស្ងប់ស្ងៀមកន្លងមកហើយព្យាយាមដោះស្រាយជាមួយគ្នាដោយសន្តិវិធីដោយមានខ្ញុំជួយសម្របសម្រួល។
ខ្ញុំបានបញ្ជាក់ប្រាប់ទៅតំណាងក្រុមហ៊ុនដែរថា ពេលនេះជាពេលវេលាល្អសមស្របហើយដែលត្រូវមានដំណោះស្រាយជូនពួកគាត់ ព្រោះខ្ញុំក៏មិនអាចទទួលរងនូវទំនួលខុសត្រូវនេះដែលគ្មានការកំណត់ពេលវេលាច្បាស់លាស់សម្រាប់ដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋបានដែរ។
នៅថ្ងៃទី ២០ កក្កដា កន្លងទៅនេះ លោក ប៊ុន គិរីរិទ្ធ តំណាងក្រុមហ៊ុនក៏បានបញ្ជាក់ប្រាប់ខ្ញុំថា ក្រុមហ៊ុនបានចាត់ចែងមេ-ធា-វីអោយធ្វើការជាមួយក្រុមការងារហើយ ដូច្នេះសូមបងប្អូនជ្រាបជាព័ត៌មាន ។
ខ្ញុំមានជំនឿមុតមាំលើការទទួលខុសត្រូវរបស់ក្រុមហ៊ុន GFX ហើយសង្ឃឹមថាដំណោះស្រាយសមរម្យនឹងមានសម្រាប់បងប្អូនទាំងអស់គ្នាក្នុងពេលឆាប់ៗខាងមុខនេះ ។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង ៕