គណៈកម្មការពង្រឹងគ្រឿងបំពាក់សម្ភារបច្ចេកទេសកងទ័ពជើងគោក នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១ បានប្រជុំធ្វើសេចក្ដីណែនាំស្តីពីការអនុវត្តវិធានការប្រមូលពន្ធ និងប្ដូរចង្កូតពីស្ដាំមកឆ្វេងលើរថយន្តគ្រប់ប្រភេទ ដែលកំពុងប្រើប្រាស់ស្លាកលេខកងយោធពលខេមរភូមិន្ទ (ខ.ម) ក្រោមវត្តមាន ឧត្តមសេនីយ៍ឯក សួន ខាំឡ មេបញ្ជាការរងកងទ័ពជើងគោក និង មានការអញ្ជើញចូលរួមពី នាយទាហាន ជំនាញកងទ័ពជើងគោកមួយចំនួនទៀត ។
ឧត្តមសេនីយ៍ឯក សួន ខាំឡ បានមានប្រសាសន៍ថា សេចក្ដីណែនាំនេះគឺមានគោលបំណងអោយយោធិនបានយល់ពីនិតិវិធីបង់ពន្ធជូនរដ្ឋ និងការធ្វើតារាងគ្រប់គ្រងគ្រឿងបំពាក់ សម្ភាបច្ចេកទេសអោយមាន ការឯកភាពគ្នានៅទូទាំងកងទ័ពជើងគោក ដើម្បីងាយស្រួលគ្រប់គ្រង និងធ្វើជាសេនាធិការ ជូនមេបញ្ជាការកងទ័ពជើងគោក ។
សូមបញ្ជាក់ថា ការអនុវត្តការប្តូរចង្កូតពីស្ដាំមកឆ្វេងឱ្យបានទាន់ពេលវេលាកំណត់ ។ ដោយលែក ចំពោះ ការចុះបញ្ជីអនុញ្ញាតឱ្យប្រើប្រាស់ស្លាកលេខ ខ.ម អាចដំណើរការបានចំពោះរថយន្តដូចខាងក្រោម៖
- រថយន្តដែលរដ្ឋបំពាក់
-រថយន្តដែលទទួលបានពីបណ្តាប្រទេសផ្តល់ជំនួយ
-រថយន្តដែលជាអំណោយពីសប្បុរសជន ដែលបានបំពេញកាតព្វកិច្ចពន្ធរួចរាល់
-រថយន្តកម្មសិទ្ធរបស់រដ្ឋដែលអស់ប្រសិទ្ធភាពប្រើប្រាស់ ហើយត្រូវកែច្នៃរៀបតម្លើងសារជាថ្មី
- រថយន្តដែលទទួលបានពីការសម្រេចរបស់តុលាការ
-រថយន្តដែលនាយទាហានប្រើប្រាស់ធនធានផ្ទាល់ខ្លួនទិញដាក់បញ្ចូលប្រើប្រាស់ ក្របខណ្ឌរដ្ឋដោយបានបំពេញកាតព្វកិច្ចពន្ធរួចរាល់ ។
សេចក្តីណែនាំ ក៏បានបញ្ជាក់អំពី ការធ្វើរបាយការណ៍ស្ថិតិ រថយន្តឯកជន ដែលប្រើប្រាស់ស្លាកលេខ ខ.ម ដោយបញ្ជាក់អំពីភិនភាគ ដូចជាសញ្ញាសម្គាល់ ស្លាកលេខចរាចរ ពណ៍ ចង្កូត (ឆ្វេង ឬ ស្តាំ), មានពន្ធ ឬ អត់ និងត្រូវរាយការណ៍ឲ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១៕ រូបភាព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ