ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ ផ្ដល់សិទ្ធដល់ព្រះចៅអធិការវត្តនានានៅទូទាំងប្រទេស ធ្វើការដាក់ចេញនូវវិធានការ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរដូវកាន់បិណ្ឌនៃពិធីបុណ្យភ្ជុំបិណ្ឌ ខណៈដែលមានវត្តមួយចំនួនត្រូវបានបិទខ្ទប់ដោយការឆ្លងជំងឺកូវីដ-១៩ នោះ។
នៅក្នុងសារជាសម្លេងនារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ជូនជនរួមជាតិ សម្ដេចតេជោថ្លែងថា បន្ទាប់ពីការចូលកាន់បិណ្ឌទីមួយ និងបិណ្ឌទីពីរនេះ យើងឃើញថាវត្តមួយចំនួនបានផ្ទុះឡើងនូវជំងឺកូវីដ-១៩ រួចជាស្រេចទៅហើយ។ ស្ថានភាពនេះបានបង្កើតជាការកង្វល់ដ៏ធំចំពោះសម្តេច ក្នុងនាមជាប្រមុខនៃរាជរដ្ឋាភិបាល ហើយកំពុងដឹកនាំការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តថា «ប្រសិនបើមានការចម្លងបែបនេះ វាច្បាស់ណាស់ថាបញ្ហាកូវីដនឹងកើតឡើង បើសិនជាត្រឹមតែ២០ ឬ៥០ភាគរយនៃវត្តទូទាំងប្រទេស យើងនឹងមានកន្លែងឆ្លងរហូតទៅដល់ជាង ២០០០វត្ត ហើយការឆ្លងនោះ វានឹងរាលដាលធ្ងន់ធ្ងរចូលទៅក្នុងសហគមន៍គ្មានទីចន្លោះនោះទេ។ បញ្ហានេះខ្ញុំព្រះករុណាខ្ញុំ សូមសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ សម្ដេចព្រះសង្ឃនាយក សូមព្រះមេត្តាពិចារណាតើគួរគប្បីធ្វើយ៉ាងណា នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។ តាមខ្ញុំព្រះករុណាខ្ញុំ ទទួលបានមាននៅវត្តចំពុកក្អែក មានរហូតដល់ ៤៥ករណីនៃការឆ្លង ហើយតម្រូវឱ្យមានការបិទវត្តតែម្ដង»។
សម្ដេចតេជោបានស្នើឱ្យគណៈសង្ឃនាយក ដែលជាគណៈប្រតិបត្តិនៃការគ្រប់គ្រងសង្ឃ ចូលរួមជាមួយក្រសួងធម្មការ និងសាសនា ធ្វើការពិនិត្យបន្ទាន់ ហើយដោយគិតគូរទៅលើវិធានការទាំងឡាយ ដែលរៀបចំដោយក្រសួងសុខាភិបាល។ ប្រសិនបើយើងបន្តអាចថា លទ្ធផលដែលយើងទទួលបានក្នុងរយៈពេលកន្លងទៅនេះ គឺនឹងមានការរីករាលដាលធ្ងន់ធ្ងរហួសពីការគិត ដែលយើងបានគិតនៅមុនពេលបុណ្យ ព្រោះជាតំបន់ឆ្លង ដោយមនុស្សពីគ្រប់ទីកន្លែងចូលទៅកាន់វត្តអារាម ក្នុងពេលដែលមានវត្តមានវីរុសដែលតាចូលមកដល់។ សភាពការណ៍នេះ គឺជាសភាពការណ៍គ្រោះអាសន្នមួយដ៏ធ្ងន់ធ្ងរ ក្នុងរយៈពេល១៥ថ្ងៃនៃការកាន់បិណ្ឌរហូតទៅដល់ពេលភ្ជុំ តើមានមនុស្សប៉ុន្មានម៉ឺននាក់ដែលត្រូវឆ្លង ប្រសិនបើការផ្ទុះនៅតាមវត្ត។ មិនមែនបញ្ហាតែវត្តទេ នៅពេលដែលពុទ្ធបរិស័ទបានចេញពីវត្ត គឺបាននាំជំងឺទាំងនោះទៅកាន់ផ្ទះសម្បែង ទៅកាន់ភូមិឋានរបស់ខ្លួន ដែលនឹងចម្លងស្ទើរតែថាអាចគ្រប់ផ្ទះតែម្ដង។ នេះហើយគឺជាកង្វល់។
សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានអំពាវនាវ ឱ្យក្រសួងសុខាភិបាល ធ្វើការពិចារណា តើយើងគួរផ្អាកនូវពិធីនេះបានឬទេ ឬក៏កាត់បន្ថយតាមរបៀបណាមួយដែលអាចធ្វើទៅបាន។ ប្រសិនបើទុកទៅឱ្យតាមរបៀប ដែលយើងបាននិងកំពុងដំណើរការនេះ សម្តេចគិតថា បើទោះបីជាយើងស្រោចវ៉ាក់សាំងយ៉ាងណាក៏ដោយ ទោះបីយើងធ្វើយ៉ាងណាក៏ដោយ យើងមិនអាចចៀសផុតនូវការជួបជុំនៅតាមវត្ត ហើយដែលជាប្រភពនៃការចម្លងដ៏គ្រោះថ្នាក់បំផុតនោះដែរ។ សម្ដេចតេជោលើកឡើងថា «ខ្ញុំព្រះករុណាខ្ញុំមានការបារម្ភ ទើបខ្ញុំព្រះករុណាខ្ញុំបញ្ជូនសារសម្លងនេះ ទៅកាន់ជាពិសេសព្រះចៅអធិការដែលនៅគ្រប់គ្រងតាមវត្តនីមួយៗ គណៈកម្មការអាចារ្យវត្ត ពិនិត្យជាមួយគ្នា ប្រសិនបើក្នុងដំណាក់កាលនេះ យើងអាចរស់តាមរបៀបដែលយើងរស់ក្នុងរយៈពេលកន្លងទៅ ដោយយើងមិនធ្វើការប្រមូលផ្ដុំ ជួបជុំនៅក្នុងការកាន់បិណ្ឌ ឬបោះបាយបិណ្ឌនោះទេ»។ សម្ដេចតេជោ បានស្នើឱ្យ ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឯកឧត្ដម ម៉ម ប៊ុនហេង និងផ្នែកពាក់ព័ន្ធដទៃទៀត ក៏ដូចជារដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ចូលរួមដើម្បីពិនិត្យពិចារណាលើរឿងនេះ ឱ្យបានហ្មត់ចត់។ ការប្រឹងប្រែងរបស់យើងដើម្បីទប់ស្កាត់ធ្វើឱ្យជំងឺឆ្លងនេះធ្លាក់ចុះ ក៏ប៉ុន្តែជំងឺឆ្លងនេះ នឹងអាចងើបឡើងនៅក្នុងពេលរដូវភ្ជុំបិណ្ឌនេះតែម្ដង ហើយប្រសិនបើមិនទាន់បានឈានទៅដល់នោះទេ ត្រូវតែគ្រប់គ្រងឱ្យបាន ប៉ុន្តែការគ្រប់គ្រងដែលហៅថាគ្រប់គ្រងកូវីដ វាខុសគ្នាជាមួយនឹងការគ្រប់គ្រងទៅលើបញ្ហាផ្សេងៗ ព្រោះជារបស់ដែលយើងមើលមិនឃើញ ជាជំងឺដែលយើងមើលមិនឃើញ។
សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា សម្តេចពិតជាមានការបារម្ភថា បន្ទាប់ពីការភ្ជុំបិណ្ឌនេះទៅ ចំនួនមនុស្សឈឺ និងចំនួនមនុស្សស្លាប់អាចមានការកើនឡើង ដែលបង្កជាហានិភ័យធ្ងន់ធ្ងរសម្រាប់ប្រទេសជាតិ មិនគ្រាន់តែនៅទីក្រុង និងទីប្រជុំជនទេ តែជនបទក៏នឹងកើនឡើងដែរ។ ឥឡូវឃើញជនបទមួយចំនួនមានចាប់ផ្ដើមផ្ទុះនូវជំងឺកូវីដ-១៩ ដែលវាអាចឈានទៅដល់ការបំផ្លាញនូវផែនការបើកសាលារៀនឡើងវិញ ដោយសារពេលនេះ អ្នកទីក្រុងចរាចរទៅទីជនបទ ហើយជនបទចរាចរមកទីក្រុង ហើយជាពិសេសចូលទៅតាមវត្តអារ៉ាមនានា បង្កើតទៅជាការឆ្លងពីតំបន់មួយទៅកាន់តំបន់មួយ ដោយគ្មានការទប់ស្កាត់។ សម្ដេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ទៀតថា សូមសម្ដេចព្រះសង្ឃរាជ សម្ដេចព្រះសង្ឃនាយក ក្រសួងធម្មការ និងសាសនា ក៏ដូចជាព្រះចៅអធិការនៅតាមវត្តអារ៉ាមនានា ព្រះថេរានុថេរៈគ្រប់ព្រះអង្គ នៅទូទាំងប្រទេស សូមមេត្តាយោគយល់ដល់ការលំបាក ហើយអាចចាត់វិធានការដោយខ្លួនឯង ដោយភារកិច្ចនេះគឺមិនចាំបាច់មេគុណ ឬអនុគុណទេ សំខាន់ព្រះចៅអធិការតែម្ដង អាចនឹងបិទខ្ទប់ ឬក៏សុខចិត្តទទួលទៅតាមរយៈ ដែលយើងធ្លាប់ធ្វើក្នុងរយៈពេលកន្លងទៅនេះ គឺបានសេចក្ដីថា រស់នៅដោយស្ងៀមស្ងាត់ ហើយផ្អាកដំណើរការកាន់បិណ្ឌ។ ប្រសិនបើជាថា មិនបានផ្អាកទេ ក៏សុំឱ្យថាអ្នកកាន់បិណ្ឌ ក៏កាន់បិណ្ឌទៅចុះ តែសូមឱ្យមានមនុស្សតិចបំផុតចូលទៅធ្វើម្ចាស់កាន់បិណ្ឌនោះតែម្ដង ដោយបញ្ជូនមនុស្សត្រឹម២ ឬ៣នាក់ ដោយមានវិធានការខាងផ្នែកសុខាភិបាលច្បាស់លាស់ នាំចង្ហាន់ ក៏ដូចជា ទេយ្យទានដទៃទៀត យកទៅប្រគេនព្រះសង្ឃដល់វត្ត ហើយព្រះសង្ឃក៏អនុមោទនាទទួលយក ដោយមិនចាំបាច់មានពិធីវែងឆ្ងាយ។ នេះជាជម្រើសមួយ ដែលទាមទារឱ្យយើងខិតខំប្រយុទ្ធជាមួយនឹងជំងឺដ៏កាចសាហាវនេះ។ ប្រសិនបើយើងអាចធ្វើបានយ៉ាងដូច្នេះ យើងនឹងកាត់បន្ថយបានជាអតិបរមា នៃការធ្វើដំណើររបស់ប្រជាជនទៅកាន់វត្ត ដោយម្ចាស់បិណ្ឌគ្រាន់តែនាំយកចង្ហាន់ នាំយកនូវទេយ្យទានផ្សេងៗ ដើម្បីប្រគេនព្រះសង្ឃគឺគ្រប់គ្រាន់ហើយ។ សម្តេចតេជោបន្តថា «ខ្ញុំព្រះករុណាខ្ញុំ ជឿជាក់ថា សម្ដេច ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ យោគយល់ដល់ការលំបាក ហើយខ្ញុំព្រះករុណាខ្ញុំ ជឿជាក់ថា បន្ទាប់ពីការបុណ្យភ្ជុំបិណ្ឌនេះរួចហើយ មិនមានជំងឺឆ្លងក្នុងសហគមន៍ទូទាំងប្រទេស ដែលបំផ្លាញដល់ការខិតខំរបស់យើង ដែលយើងបានប្រឹងទប់ស្កាត់ យើងធ្វើឱ្យសភាការណ៍នឹងនរ ក្លាយទៅជាបញ្ហាធ្ងន់ធ្ងរម្ដងទៀត ហើយដែលគ្មានអ្នកណាជួយអ្នកណាបាន»៕
ប្រភពក្រសួងព័ត៌មាន