header ads

Sponsor

កាលពីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុន ប៉េង ហួត គ្រុប បាននាំយកនូវគ្រឿងឧបភោគ បរិភោគ ដែលមាន អង្ករ ត្រីខ និងទឹកស៊ីអ៊ីវ សម្ភារៈម៉ាស់ និងអាល់កុល ចែកជូន​​ដល់បងប្អូនប្រជាពលរដ្ឋនិងប្រជានេសាទចំនួន៣៦០គ្រួសារដែលរស់នៅតាមបណ្ដោយបឹ​ទន្លេសាបក្នុងសហគមន៍បណ្ដែតទឹកនេសាទពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។​

នេះគឺផ្នែកមួយនៃជាកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនដែលបានចូលរួម​ក្នុងយុទ្ធនាការសំអាតបរិស្ថានប្រមូលសំណល់ប្លាស្ទិកនៅតាមបឹងទន្លេសាបនារដូវទឹកសម្រកប្រចាំឆ្នាំ២០២១ ក្រោមប្រធានបទៈ «ទន្លេសាបបៃតងស្អាត ដោយគ្មានប្លាស្ទិក»។ ឧបត្ថម្ភដោយក្រុមហ៊ុន ប៉េង ហួត គ្រុប យុទ្ធនាការនេះរៀបចំដោយអង្គការ មូលនិធិទំពាំងស្នងឫស្សី (NGO2 BambooShoot Foundation)  និង មានការសហការចូលរួមពីសមាគមទេសចរណ៍កម្ពុជា (CATA) គាំទ្រដោយក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន ព្រមទាំងមានកាចូលរួមពីតំណាងក្រសួង និងអង្គការក្រៅរដ្ឋាភិបាលជាច្រើននាក់ទៀតផងដែរ។

យុទ្ធនាការសំអាតបរិស្ថានប្រមូលសំណល់ប្លាស្ទិកបឹងទន្លេសាបប្រចាំរដូវទឹកដំឡើង និងទឹកសម្រកនេះបានផ្ដួចផ្ដើមធ្វើជាផ្លូវការតាំងពីឆ្នាំ២០១៨ មកម្លេះ ដោយចលនាមហាជនតាមសហគមន៍នានាជុំវិញបឹងទន្លេសាបដូចជា៖ សហគមន៍កំពង់ឃ្លាំង មេជ្រៃ ចុងឃ្នៀស បឹងពារាំង កំពង់ភ្លក និងស្ទឹងសៀមរាបផ្នែកខាងក្រោម។ល។ ក្នុងគោលបំណង់ឲ្យយល់ដឹងពីផលប៉ះពាល់ដោយសំណល់ប្លាស្ទិក និងចេះញែក បែងចែកទុកដាក់សំណល់ប្លាស្ទិកឲ្យបានត្រឹមត្រូវ ដោយឈប់ធ្វើការដុតប្លាស្ទិក និងបោះចោលប្លាស្ទិកចូលទៅក្នុងទឹកបឹងទន្លេសាប។

លោកសាម ឈឿយ  ជាមេឃុំកែវពណ៌ បណ្ដែតទឹកនេសាទពាមតាអួរ ស្រុកពួក ខេត្តសៀមរាប បានសំណេះសំណាល ផ្តាំផ្ញើរជាមួយបងប្អូន និងថ្លែងអំណរគុណដល់ក្រុមហ៊ុនប៉េងហួតគ្រុបដោយមានប្រសាសន៍ថា ” សូមអរគុណដល់បុរីប៉េងហួតដែលបានឧបត្ថម្ភជាគ្រឿងឧបភោគនិងបរិភោគដល់បងប្អូនប្រជាពលរដ្ឋនិងប្រជានេសាទ នេះគឺដោយសារតែក្រុមហ៊ុនចាប់អារម្មណ៍និងគិតគូខ្លាំងដល់បរិស្ថាន​ ដូច្នេះហើយបានជាខំធ្វើដំណើមកពីភ្នំពេញមកចូលរួមដល់បឹងទន្លេសាបយើងនេះ។ ”

លោក ចាន់ រដ្ឋា តំនាងក្រុមហ៊ុនប៉េងហួតគ្រុបបានបង្ហាញនូវចំនាប់អារម្មណ៍និងសេចក្តីរីករាយដែលបានចូលរួមនិងឧបត្ថម្ភដល់កម្មវិធីនេះ។ “ ក្រុមហ៊ុនមានកិត្តិយសនិងសេចក្តីសោមនស្សយ៉ាងខ្លាំងដែលបានចូលរួមក្នុងកម្មវិធីនេះ ខណៈដែលបរិស្ថានជាផ្នែកមួយដែលក្រុមហ៊ុនយកចិត្តទុកដាក់ខ្លាំង ដោយកន្លងមក យើងបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថានថែរក្សានិងសំអាតបរិស្ថានឲ្យបានល្អដើម្បីចូលរួមជាមួយចលនាភូមិឃុំនិងទីក្រុងស្អាត តាមរយៈការដាំដើមឈើ កាត់បន្ថយការប្រើប្រាស់ផ្លាស្ទីក  បែងចែក​ និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។ជាពិសេសគំរោងអភិវឌ្ឍលំនៅឋាននិមួយៗរបស់ក្រុមហ៊ុនតែងតែផ្តោទៅបរិស្ថានស្អាតនិងបរិយាកាសរស់នៅល្អ។ សូមបងប្អូនចូលរួមនិងចាប់ផ្តើមពីខ្លួនយើងទាំងអស់គ្នាដោយការឈោងដៃរើសសំរាមមួយ និងទុកដាក់ឲ្យបានត្រឹមត្រូវ នោះភូមឃុំនិងទីក្រុងយើងនិងបានស្អាតហើយទាកទាញទេសចរបានកាន់តែច្រើន។ ”

សូមរំលឹកផងដែរថា ពាក់ព័ន្ធការងារបរិស្ថាន កន្លងមកក្រុមហ៊ុន ប៉េង ហួត គ្រុប បានសហការឧបត្ថម្ភ និងចូលរួមក្នុងសកម្មភាពជាច្រើនដូចជា៖ ទិវាសម្អាតពិភពលោកនៅកម្ពុជា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក សហការជាមួយក្រសួងបរិស្ថានចុះផ្សព្វផ្សាយអំពីការបែងចែក និងរៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវ  ក៏ដូចជាបានចូលរួមរៀបចំកម្មវិធីដាំដើមឈើ ឧបត្ថម្ភឡានបោសសំរាមដល់ខណ្ឌនានាក្នុងទីក្រុងភ្នំពេញ ។ល។

ក្រុមហ៊ុនក៏បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដែលមានទាំងការចូលរួមជាថវិការទិញវ៉ាក់សាំង និង ផ្តល់ទីតាំងចាក់វ៉ាក់សាំងទាំងបីដូសដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ ដើម្បីកម្ពុជាអាចបើកប្រទេសឡើងវិញបាន ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post