សង្គម
អាម៉ាប៉ាប៉ាញ៉ូសក្រោយពីរូបភាពក្មេងប្រុសរូបនេះ ឈរដោះស្បែកជើង ពាក់ម៉ា-ស និងមានចងព្យួរស្បោងកាតចា-ក់វ៉ា-ក់-សាំ-ងនៅនឹងក ពេលទៅរៀននៅសាលាបឋមសិក្សាជ័យ គឺមានការជួយប្អូនប្រុស និងគ្រួសារជាបន្តបន្ទាប់ ព្រមទាំងទាំងថ្នាក់ដឹកនាំកំពូលគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមរយៈឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានផ្តល់ថវិកា២០លានរៀល និងផ្ទះ២ខ្នងដល់គ្រួសារក្មេងប្រុស គង់ សីហា អាយុ៧ឆ្នាំ រស់នៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
នៅព្រឹកថ្ងៃទី ០៤ ខែវិច្ឆិកានេះ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានសម្ដែងការត្រេកអរចំពោះប្អូនប្រុសដោយបានលើកឡើងទាំងស្រុងថា៖
មានត្រឹមតែពាក្យត្រេកអរប្រកបដោយមុទិតាចិត្ត ចំពោះភ័ព្វព្រេងសំណាងរបស់ក្មួយប្រុស គង់ សីហាតែប៉ុណ្ណោះ! សំណាងដែលរត់មកពីទទឹង មិនដឹងចេញពីទីណា គ្មានការរំពឹងទុកមុន និងមិនបានត្រៀមខ្លួនអ្វីទាំងអស់។
អាចចាត់ទុកថាជាសម្ពាយបុណ្យរបស់ក្មួយក៏ថាបាន តែសំណាងបែបនេះមិនមែនចេះតែកើតឡើងនៅលើមនុស្សគ្រប់គ្នានោះទេ។ សម្រាប់មនុស្សភាគច្រើន ទោះបីពេញមួយជីវិតរបស់ពួកគេក៏មិនទាន់មានឱកាសបែបនេះផង សង្ឃឹមថាក្មួយ និងក្រុមគ្រួសារនឹងចេះក្តាប់ឱកាសដ៏កម្រមួយនេះឱ្យជាប់។
ឪពុកម្តាយសីហាត្រូវយល់ឱ្យបានត្រឹមត្រូវថា សំណាងលើកនេះមិនមែនជាគុណសម្បត្តិរបស់ខ្លួនឡើយ តែវាបណ្តាលមកពីកម្លាំងនៃ"ភាពឈឺឆ្អាលសង្គម”ឯណោះវិញទេ ដែលបានជួយរុញច្រានឱ្យអព្ភូតការណ៍បែបនេះអាចកើតឡើងបាន។
តែក៏សរសើរដល់ពួកគាត់ទាំងពីរដែរ ដែលយល់ពីគុណតម្លៃនៃការអប់រំ គិតថាមានតែការអប់រំទេដែលអាចរំដោ-ះចេញពីភាពក្រីក្របាន ហើយទោះជាក្រលំបាកយ៉ាងណាក៏នៅតែខំបញ្ជូនកូនឱ្យបានសិក្សារៀនសូត្រនឹងគេ ទាំងខ្លួនមានជីវភាពយ៉ាប់យឺនខ្លាំង ត្រូវធ្វើដំណើរទៅទីឆ្ងាយដើម្បីប្រកបរបរចិញ្ចឹមជីវិត ហើយត្រូវផ្តាំផ្ញើកូនទុកនឹងគេ ឱ្យមើលជំនួសខ្លួនក៏ដោយ។
សម្តីសន្យារបស់ឪពុកសីហាថា[…]មើលទៅ ពឹងលើវាមួយនេះហើយ គ្រាន់ទុកស្នងត្រកូល កុំឱ្យធំឡើងទៅ ល្ងង់ដូចម៉ែឪវាទៀត![…] ពិតជាបានផ្តល់នូវក្តីសង្ឃឹមមួយយ៉ាងពិតប្រាកដ ទៅលើអនាគតដ៏វែងឆ្ងាយរបស់ក្មេងតូចម្នាក់នេះ។
ជាការពិត ការជួយត្រឹមតែមួយករណីបែបនេះមិនអាចដោ-ះស្រាយបញ្ហាទាំងមូលបាននោះទេ ហើយក៏មានមតិខ្លះបានលើកឡើងថា នៅសល់ករណីច្រើនទៀត ហេតុម្តេចមើលមិនឃើញ ហើយមិនព្រមជួយគ្នាផង តែខ្ញុំជឿថា យើងគួរនាំគ្នាមើលពីចំណុចវិជ្ជមានចេញពីព្រឹត្តិការណ៍នេះវិញ។
យើងអាចគិតថាវាគឺជាចំណុចចាប់ផ្តើមមួយដ៏ប្រសើរនៃការឈឺឆ្អាលសង្គម និងជាគំរូល្អទៅដល់ការជួយឈឺឆ្អាលក្រោយៗទៀត ក៏ដូចជាការឱ្យតម្លៃទៅលើចំណុចប្រសព្វនៃភាពក្រីក្រនិងការអប់រំពីសំណាក់សាធារណៈជន ប្រសើរជាងការមើលរំលង ការអោបដៃឈរមើល ឬការរុញរាមិនព្រមធ្វើអ្វីម្យ៉ាង ដោយរវល់តែរង់ចាំ ជាប់គាំងគ្មានដំណោះស្រាយ ឬយកលេសថា ទាល់តែមានដំណោះស្រាយធំ ជួយម្តងបានទាំងអស់គ្នា ទើបនាំគ្នាជួយបាន។
សម្រាប់សីហា ដំណើរជីវិតរបស់គេនៅសល់ផ្លូវវែងឆ្ងាយទៀតណាស់ តែចាប់ពីថ្ងៃនេះទៅ សីហាចាប់ផ្តើមមានទំនួលខុសត្រូវបណ្តើរៗហើយ។ សីហានៅក្មេង ជឿថាប្រហែលជាមិនទាន់អាចយល់បានពីទំនួលខុសត្រូវនេះនៅឡើយទេ ហើយបន្ទុកដំបូងៗ ភាគច្រើនស្ថិតនៅលើក្រុមគ្រួសារទេ តែបន្តិចម្តងៗ ទំនួលខុសត្រូវនេះនឹងត្រូវធ្លាក់មកលើសីហាខ្លួនឯង ដោយសារតែការរំពឹងទុកដ៏ច្រើនលើសលុបពីសំណាក់សាធារណៈជន និងក្រសែភ្នែកជាច្រើននឹងនៅសំឡឹងរង់ចាំមើលអនាគតរបស់សីហា។
មានពាក្យពេចន៍ខ្លះ ដែលខ្ញុំចង់និយាយទៅកាន់ យុវជន គង់ សីហា នាពេលអនាគត នៅពេលដែលក្មួយធំឡើង មានការចេះដឹងយល់សេចក្តី និងអាចស្វែងយល់ដោយខ្លួនឯងបាន ថាតើពាក្យ”ទំនួលខុសត្រូវ”មួយនេះមានន័យយ៉ាងដូចម្តេច៖
«ការទទួលបានការជួយយកអាសាត្រឹមតែមួយគ្រា វាមិនគ្រប់គ្រាន់ទេសម្រាប់ភាពជោគជ័យក្នុងជីវិត សីហាត្រូវចេះរៀនរឹងមាំដោយខ្លួនឯងបន្ថែមទៀតទើបគ្រប់គ្រាន់ តែសីហាត្រូវគិតថា វាជាឱកាសដ៏ធំមួយរួចបាត់ទៅហើយសម្រាប់ក្មួយ បើប្រៀបធៀបនឹងកុមារដទៃដែលមិនបានទទួលឱកាសបែបនេះដូចក្មួយនោះ។ សង្ឃឹមថាក្មួយនឹងក្លាយទៅជាគំរូដ៏ល្អនៃការខិតខំប្រឹងប្រែងតស៊ូជំនះលើភាពក្រីក្រ លើកស្ទួយកិត្តិយសគ្រួសារ ហ៊ានកែប្រែជោគវាសនារបស់ខ្លួន និងក្លាយជាតំណាងនៃភាពជោគជ័យសម្រាប់ឱ្យកុមារដទៃទៀតដែលមានជីវភាពលំបាកដូចជាក្មួយអាចសំឡឹងមើលមកក្មួយជានិមិត្តរូបរបស់ពួកគេ និងអាចយកគំរូតាមបាន។
ភាពជោគជ័យរបស់ក្មួយក្នុងពេលអនាគតនឹងបានជាការលើកទឹកចិត្តទៅដល់អ្នកដែលបានទំនុកបម្រុងក្មួយក្នុងថ្ងៃនេះ ក៏ដូចជានឹងជួយជំរុញឱ្យមានការជួយទំនុកបម្រុងក្រោយៗទៀតទៅកាន់កុមារដទៃផងដែរ។
ថ្ងៃនេះ យើងនាំគ្នារំជួលចិត្តពីទុក្ខលំបាករបស់ក្មួយ សង្ឃឹមថាថ្ងៃក្រោយ យើងនឹងអាចរំភើបចិត្តពីភាពជោគជ័យនៅក្នុងជីវិតរបស់ក្មួយវិញម្តង។ — ដោយក្តីស្រឡាញ់…»