សង្គម
ភ្នំពេញ៖បើតាមលិខិតរបស់និយ័តករទូរគមនាគមន៍កម្ពុជា ផ្ញើជូនប្រធានសមាគមអ្នកអភិវឌ្ឍលំនៅដ្ឋានកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ និយ័តករទូរគមនាគមន៍កម្ពុជា បានប្រាប់ដល់ម្ចាស់បុរីទាំងអស់ ត្រូវបញ្ឈប់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងការផ្តល់សេវាអ៊ីនធឺណិតផ្តាច់មុខ នៅតាមបុរី អគារសហកម្មសិទ្ធិ និងទីប្រជុំជននានា។
និយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចលុបបំបាត់ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងការផ្តល់សេវាអ៊ីនធឺណិតផ្តាច់មុខ នៅតាមបុរីអគារសហកម្មសិទ្ធិ និងទីប្រជុំជននានា។
ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្កើតក្រុមការងារ លើកកម្ពស់គុណភាព សេវាទូរគមនាគមន៍តាមបុរី ដែលដឹកនាំផ្ទាល់ ដោយលោករដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីសម្របសម្រួលនិងអនុវត្តខ្លឹមសារ នៃការសម្រេចរបស់រាជរដ្ឋាភិបាលនេះ។
ដើម្បីអនុវត្តនូវខ្លឹមសារ នៃការសម្រេចរបស់រាជរដ្ឋាភិបាលនេះ និយ័តករទូរគមនាគមន៍កម្ពុជា សូមស្នើសុំកិច្ចសហការ ពីសមាគមអ្នកអភិវឌ្ឍលំនៅដ្ឋានកម្ពុជា ដូចខាងក្រោម៖
* ផ្សព្វផ្សាយលិខិតលេខ ៦១៨ សជណ ចុះថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ទៅដល់ម្ចាស់បុរីនីមួយៗ ដើម្បីសហការ និងចូលរួមអនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាល។
* បញ្ឈប់រាល់ការអនុញ្ញាត ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ទាំងអស់នៅក្នុងបុរី ដោយគ្មានការអនុញ្ញាតជាមុន ពីនិយ័តករទូរគមនាគមន៍កម្ពុជា ដើម្បីទុកលទ្ធភាព ឲ្យក្រុមការងារនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើការងារជាមួយប្រតិបត្តិករទូរគមនាគមន៍ ដែលពាក់ព័ន្ធទាំងអស់ ក្នុងការដោ-ះស្រាយ បញ្ហាគុណភាពសេវា និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ តាមបុរីអគារសហកម្មសិទ្ធិ និងទីប្រជុំជន។
អាស្រ័យហេតុនេះ សូមអ្នកឧកញ៉ា ជួយសម្របសម្រួលឲ្យម្ចាស់បុរីទាំងអស់ចូលរួមសហការ និងអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។