សង្គម
អាម៉ាប៉ាប៉ាញ៉ូស
សៀមរាប៖ ថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២២ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត តំណាងអង្គភាពសាងសង់ មន្ទីរសាធារណការ និងដឹកជញ្ជូន មន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។
ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញធ្វើដំណើរដោយថ្មើរជើងដើម្បីពិនិត្យមើលការកែលម្អរង្វង់មូលស្វាយធំ លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងឃុំកណ្ដែក ស្រុកបាគង ខេត្តសៀមរាប ផ្លូវសម្រាប់អ្នកធ្វើដំណើរដោយទោចក្រយានតាមបណ្ដោយផ្លូវជាតិលេខ៦ក្នុងក្រុងសៀមរាប ខឿនចិញ្ចើមផ្លូវដែលបានរៀបរួច គម្របលូនៅសងខាងផ្លូវ ការដាំដើមឈើនៅក្នុងសួនពុះទ្រូងចែកផ្លូវ និងផ្លូវឆ្ពោះទៅកាន់ប្រាសាទអង្គរវត្តផងដែរ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីទឹកចិត្តប្រកបដោយសប្បុរសរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងការតភ្ជាប់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ពីខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋចំនួន ១២ ២៩៩ តំណជាមួយនឹងប្រព័ន្ធលូមេរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយឥតគិតថ្លៃ ដើម្បីជាចំណងដៃដ៏ថ្លៃថ្លាជូនដល់ប្រជាពលរដ្ឋនៅក្រុងសៀមរាប ដែលគិតរហូតមកទល់ពេលនេះការតភ្ជាប់នេះសម្រេចបានប្រមាណ៥០%ហើយ។
បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនផងដែរអំពីការតភ្ជាប់ប្រព័ន្ធលូទឹកកខ្វក់ពីខ្នងផ្ទះប្រជាពលរដ្ឋមកកាន់ប្រព័ន្ធលូមេ ហើយបង្ហូរចូលទៅប្រព័ន្ធចម្រោះទឹកកខ្វក់សាងសង់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមប្រាក់កម្ចីពីសាធារណរដ្ឋកូរ៉េ ដែលបានសាងសង់រួចក្នុងជំហានទី១ និងបច្ចុប្បន្នក្រសួងកំពុងសិក្សាជាមួយភាគីកូរ៉េបន្ថែមទៀតនៅក្នុងជំហានទី២ ដើម្បីពង្រីកសមត្ថភាពនៃការចម្រោះទឹកកខ្វក់នៅក្នុងក្រុងសៀមរាប និងលើកកម្ពស់សុខុមាលភាពសាធារណៈឱ្យកាន់តែប្រសើរឡើង។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីការរីកចម្រើនលើវិស័យសាធារណការ និងដឹកជញ្ជូន នៅក្នុងសម័យតេជោ ដែលក្នុងនោះរួមមាន៖
ការសាងសង់ផ្លូវតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្តនានា ពីខេត្តមួយទៅខេត្តមួយដោយផ្លូវកៅស៊ូ និងការឈានចូលដល់ដំណាក់កាលពង្រឹងគុណភាពផ្លូវពីផ្លូវកៅស៊ូពីរស្រទាប់ស្ដើងទៅផ្លូវបេតុងកៅស៊ូ(AC) ការពង្រីកផ្លូវពីពីរគន្លងទៅបួនគន្លងឱ្យសមស្របទៅនឹងកំណើនយានយន្តធ្វើចរាចរណ៍លើដងផ្លូវ ការកសាងផ្លូវក្រវាត់ក្រុងទីពីរ និងទីបី ការកសាងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ ការកសាងផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ការកសាងផ្លូវ៣៧ខ្សែនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងសមិទ្ធផលជាច្រើនផ្សេងទៀត ក្រោមដំបូលសុខសន្តិភាព និងភាពដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។