header ads

Sponsor

កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុន ប៉េង ហួត គ្រុប មានកិត្តិយសបានចូលរួមសម្ពោធ និងប្រគល់អគារសិក្សា០១ខ្នង ដែលត្រូវបានសាងសង់ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន បុរី ប៉េង ហួត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប និងបាននាំយកនូវសម្ភារៈសិក្សា ម៉ាស និងអាល់កុលមួយចំនួនជូនដល់អង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា (CCAFO) និងមជ្ឈមណ្ឌលមាតុភូមិខ្មែរ ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងអណ្ដូង ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដើម្បីចូលរួមក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ជាពិសេសផ្តល់ឳកាសឱ្យសិស្សានុសិ្ស និងកុមារក្រីក្រក្នុងតំបន់ដាច់ស្រយាលបានសិក្សា។

 

ទោះស្ថិតក្នុងស្ថានភាពប្រឈមនៃជំងឺកូវីដ-១៩ក៏ដោយ ក្រុមហ៊ុន ប៉េង ហួត គ្រុប នៅតែបន្តការងារទំនួលខុសត្រូវសង្គមរបស់ខ្លួនបានយ៉ាងច្រើន ដោយក្នុងនោះក្រុមហ៊ុនបានចូលរួមដោះស្រាយនូវផលលំបាក និងឆ្លើយតបទៅតម្រូវការសង្គម។ ផ្សារភ្ជាប់ទៅនិងការងារទំនួលខុសត្រូវសង្គមនៃផ្នែកអប់រំនេះ គេសង្កេតឃើញថាក្រុមហ៊ុន ប៉េង ហួត គ្រុប មានសកម្មភាពទៅលើវិស័យនេះជាច្រើន ខណៈវិស័យអប់រំ គឺជាមូលដ្ឋានគ្រឹះនៃការកសាង និងអភិវឌ្ឍប្រទេសជាតិ និងសេដ្ឋកិច្ច ទោះបីជាវិស័យណាមួយក៏មិនអាចចាកឆ្ងាយពីវិស័យអប់រំបានឡើយ។

ក្នុងបរិយាកាសដ៏រំភើបរីករាយក្នុងកម្មវិធីសម្ពោធប្រគល់ និងទទួលអគារសិក្សានេះ លោក រិទ្ធី ចាន់តារា ប្រធានមជ្ឈមណ្ឌលអប់រំមាតុភូមិខ្មែរ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ប៉េង ហួត គ្រុប ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះ ជូនចំពោះក្រុមការងាររៀបចំ និងប្រឹក្សាយោបល់របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប លោក លោកស្រី ដៃគូរពាក់ព័ន្ធទាំងអស់ ដែលយើងអាចសាងសង់ថ្នាក់រៀនបានយ៉ាងរលូន ដែលការឧបត្ថម្ភជាអគារសិក្សាមួយខ្នងនេះ គឺពិតជាបានរួមចំណែកជាមួយអង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជាក្នុងការកសាង និងបំពេញសមត្ថភាពរបស់អ្នកជំនាន់ក្រោយរបស់យើង ដើម្បីអោយប្រទេសរបស់យើងអាចបោះជំហាន និងកាន់តែរីកចម្រើនទៅថ្ងៃអនាគត។ ម្យ៉ាងទៀត ចូលរួមបំពេញក្ដីស្រមៃរបស់សិស្សានុសិស្ស កុមារក្រីក្រអាចបន្តការរៀនសូត្រទៅមុខទៀតឱ្យបានចប់ចុងចប់ដើម ដើម្បីឈានទៅសម្រចគោលបំណងរបស់ពួកគេទៅថ្ងៃអនាគត និងជាពិសេសសិស្សានុសិស្ស កុមារក្រីក្រនៅទីនេះពិតជាសប្បាយចិត្តខ្លាំងជាមួយនិងថ្នាក់រៀនថ្មីនេះ»។ 

លោក ចាន់ រដ្ឋា ប្រធានផ្នែកកិច្ចការសាធារណៈជាន់ខ្ពស់ និងជាតំណាងអគ្គនាយិកា បុរី ប៉េង ហួត បានបង្ហាញនូវមតិសំណេះសំណាលប្រកបដោយស្នាមញញឹម និងមោទកភាពថា៖ «ក្រុមហ៊ុនមានកិត្តិយស និងសេចក្តីសោមនស្សយ៉ាងខ្លាំង ដែលបានចូលរួមក្នុងកម្មវិធីសម្ពោធ និងប្រគល់អគារសិក្សាថ្មី ០១ខ្នង ដែលត្រូវបានសាងសង់រួចរាល់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន បុរី ប៉េង ហួត ជូនដល់អង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា ដើម្បីជាការចូលរួមចែករំលែក និងបណ្តុះបណ្ដាលធនធានមនុស្ស។ ក្មួយៗសិស្សានុសិស្ស គឺជាទំពាំងស្នងឬស្សី ជាធនធានដ៏សំខាន់ ជាក្ដីសង្ឃឹមសម្រាប់ក្រុមគ្រួសារ និងប្រទេសជាតិ។ ការអប់រំ គឺជាប្រទីបបំភ្លឺផ្លូវដែលអាចនាំក្តីស្រមៃ និងបំណងប្រាថ្នារបស់ក្មួយៗសិស្សានុសិ្សឱ្យឈានទៅដល់គោលដៅ ដែលក្នុងនោះក្មួយៗអាចក្លាយខ្លួនជាអ្នកដឹកនាំប្រទេសជាតិ ជាអគ្គនាយក ឬអគ្គនាយិកាក្រុមហ៊ុនឯកជន ជាវេជ្ជបណ្ឌិត វិស្វករ ឬស្ថាបត្យករ និងជាពិសេស ជាសាស្ត្រាចារ្យ និងលោកគ្រូអ្នកគ្រូនាពេលអនាគត»។

លោកបានបញ្ជាក់ទៀតថា៖ «ផឹកទឹកឱ្យនឹកដល់ប្រភព ជ្រកក្រោមម្លប់ឱ្យនឹកដល់អ្នកដាំ» គឺជាទស្សនទានរបស់ស្ថាបនិកក្រុមហ៊ុន ប៉េង ហួត គ្រុប ក្នុងការចូលរួមតបស្នងត្រឡប់ទៅសង្គមវិញ ខណៈក្រុមហ៊ុនមានការអភិវឌ្ឍ និងការរីកចម្រើន ក៏ដោយសារសង្គមមានស្ថេរភាព សន្ដិភាព មានធនធានមនុស្សល្អច្រើន និងកត្ដាអំណោយផលផ្សេងទៀតជាច្រើន។ល។ ជាការលើកទឹកចិត្តចែករំលែកក្តីសង្ឃឹម និងចូលរួមជាមួយកិច្ចការសង្គមជារៀងរាល់ឆ្នាំ ក្រុមហ៊ុន ប៉េង ហួត គ្រុប តែងតែរៀបចំសកម្មភាពមនុស្សធម៌ផ្សេងៗដូចជា៖ ចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហម មន្ទីរពេទ្យគន្ធបុប្ផា កសាងសាលារៀន  កសាងព្រះវិហារ និងផ្លូវថ្នល់។ល។ ក្រុមហ៊ុនសង្ឃឹមថា អគារសិក្សាមួយខ្នងនេះនឹងផ្តល់នូវបរិយាកាសសិក្សាកាន់តែប្រសើរជូនដល់ក្មួយៗក្នុងភូមិត្រពាំងអណ្តូង ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងជឿជាក់ថាពួកគេនឹងខិតខំក្នុងការសិក្សា ដើម្បីអនាគតគ្រួសារ និងសង្គមជាតិ។ អគារសិក្សានេះក៏ចូលរួមជួយសម្រួលដល់តម្រូវការខ្វះខាតរបស់អង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា និងមណ្ឌលអប់រំមាតុភូមិខ្មែរមួយចំណែកធំផងដែរ។ ជាចុងក្រោយក្រុមហ៊ុនសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា និងមជ្ឈមណ្ឌលមាតុភូមិខ្មែរ ព្រមទាំងក្រុមការងារដែលបានខិតខំប្រឹងប្រែងមិនគិតពីការនឿយហត់ក្នុងការចូលរួមបណ្ដុះបណ្ដាលអភិវឌ្ឍធនធានមនុស្សសម្រាប់សង្គមជាតិ ហើយនិងសូមជូនពរក្មួយៗទាំងអស់គ្នាទទួលបានសេចក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ឱ្យបានច្រើនពីមជ្ឈដ្ឋានជុំវិញ និងសូមឱ្យក្មួយៗអត់ធ្មត់ចំពោះស្ថានភាពលំបានដែលក្មួយៗកំពុងប្រឈមបច្ចុប្បន្ន និងប្រឹងប្រែងបន្តការរៀនសូត្រឱ្យបានច្រើនទៀត ដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួនឯងទៅថ្ងៃមុខ សូមក្មួយៗទាំង ទទួលបានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។

ក្នុងកម្មវិធីសម្ពោធ និងប្រគល់អគារសិក្សានេះ ក្រុមហ៊ុនក៏បានឧបត្ថម្ភជាថវិកាបន្ថែមដើម្បីទុកសម្រាប់ប្រើប្រាស់លើតម្រូវការជាក់ស្ដែងរបស់អង្គការ ដូចជាតម្រូវការធុងស្តុកទឹកសម្រាប់ប្រើប្រាស់ និង ជួសជុលបង្គន់អនាម័យ ថែទាំអគារ និង​សម្ភាៈការិយាល័យផ្សេងៗ។

សូមរំលឹកផងដែរ កាលពីពេលថ្មីៗកន្លងទៅនេះ គេសង្កេតឃើញថា ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមសម្មភាពសង្គម និងសប្បុរសធម៌ទៅលើការអប់រំ និងសកម្មភាពផ្សេងៗជាច្រើនទៀតរួមមាន៖

«កម្មវិធីអង្ករបានបន្តការសិក្សារបស់កុមារកំព្រា និងកុមារក្រីក្រនៅ ខេត្តកំពង់ចាម កម្មវិធីអង្គរប្តូរយកឳកាសសិក្សារបស់ក្មេងៗរើសសំរាមនៅសហគមន៍ក្រីក្រ ស្ទឹងមានជ័យ ភ្នំពេញ កម្មវិធីអង្ករប្ដូរយកសំរាមប្លាស្ទិកនៅក្នុងសហគមន៍តាមដងទន្លេសាប ខេត្ដសៀមរាប»៕

Sponsor
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post