(ខេត្តស្វាយរៀង)៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលមានដើមកំណើតពីសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ស្ទាក់ចាប់ឃាត់រថយន្ត១គ្រឿង សង្ស័យនាំជ្រូករស់ពីប្រទេសវៀតណាមឆ្លងដែនចូលមកកម្ពុជា ដោយខុសច្បាប់ចំនួន ១១៥ក្បាល។ ករណីចុះបង្ក្រាបនេះកើតឡើងនៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែកុម្ភ ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ១៣ ត្រង់ចំណុចភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក។
បើតាមលោក ប៉ែន ចន្ធី ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តស្វាយរៀង បានឲ្យដឹងថា: ករណីបង្ក្រាបនេះគឺ ក្រោមការបញ្ជាដោយផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលមានដើមកំណើតពីសត្វ សហការជាមួយក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀង ចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកSsangyong Istana ពណ៌ស ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥កៅអី ពាក់ស្លាកលេខព្រៃវែង2A-0318 ដឹកសត្វជ្រូករស់ចំនួន១១៥ក្បាល ដោយសង្ស័យនាំចូលពីប្រទេសវៀតណាម ឆ្លងដែនមកកាន់ប្រទេសកម្ពុជា តាមច្រករបៀងដោយខុសច្បាប់ បម្រុងនឹងយកទៅចែកចាយនៅខេត្តស្វាយរៀង ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
ប្រភពបន្តថា ក្រោយពីត្រួតពិនិត្យសាកសួររួចមកលទ្ធផល់គឺ គ្មានច្បាប់អនុញ្ញាតិនាំចូល ក្រុមការងារបាននាំយកបទល្មើស និងវត្ថុតាង សត្វជ្រូករស់ចំនួន១១៥ក្បាលនោះទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀងដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
ប្រភពបន្តទៀតថា ម្ចាស់ជ្រូកឈ្មោះ សោម សារឿន មុខរបរអាជីវករ មានទីលំនៅភូមិថ្នល់ពាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលគេស្គាល់ថា ជាអ្នកប្រកបមុខរបរជួញសត្វជ្រូករស់ម្នាក់ជាច្រើនឆ្នាំមកហើយ និងជាអ្នកនាំសត្វជ្រូករស់ពីប្រទេសវៀតណាមចូលមកចែកចាយក្នុងខេត្តស្វាយរៀង និងទៅរាជធានីភ្នំពេញ។
ទាក់ទិនករណីនេះដែរលោក ប៉ែន ចន្ធី បានឲ្យដឹងទៀតថា ជ្រូករស់ទាំង១១៥ក្បាលនេះមន្ត្រីនៃការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្ត បានធ្វើការបូមឈាម យកសំណាកបញ្ជូនទៅអគ្គនាយកដ្ឋាននៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ នៅព្រឹកថ្ងៃទី២៨ កុម្ភៈ ដើម្បីចូលមន្ទីរពិសោធន៍រករោគវិនិច្ឆ័យ ។
ដូច្នេះមកដល់វេលាម៉ោង១០ព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០២២នេះ មន្ទីរនៅរង់ចាំមើលលទ្ធផលពីក្រសួង ។ ប្រសិនបើពិនិត្យទៅឃើញលទ្ធផលវិជ្ជមាន (ជ្រូកមានជម្ងឺ) គឺត្រូវធ្វើរបាយការណ៍ជូនលោកព្រះរាជអាជ្ញា សុំគោលការដុតកំទេចបំផ្លាញចោល។ ក៏ប៉ុន្តែប្រសិនបើគ្មានរោគ ឬគ្មានជម្ងឺជ្រូកមានសុខភាពល្អ គឺត្រូវធ្វើការផាកពិន័យ្យតាមច្បាប់ សុខភាពសត្វនិងផលិតកម្មសត្វ លេខ១១៣ ច្បាប់សុខភាពសត្វនិងផលិតកម្មសត្វ រួចប្រគល់ជ្រូកឲ្យម្ចាស់វិញ។
ចំពោះករណីនេះដែរមិនអាចរកការសុំបំភ្លឺពីលោក សោម សារឿន ម្ចាស់ជ្រូកនេះបានទេរហូតដល់ម៉ោង១០ព្រឹក ថ្ងៃទី១ ខែមិនានេះ៕ដោយ: ស្វាយរៀង